(ស្វាយរៀង)៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី២០២០មួយគ្រឿង មកឈប់មកផ្ទះម្ដាយលក់ចាប់ហ៊ួយ ហើយមិនដកសោត្រូវជនសង្ស័យដើរមកឃើញ ក៏ធ្វើសកម្មភាពកាច់ករបើកចេញទៅ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ស្ត្រីម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះ នាង សុធារី ហៅការ៉ន អាយុ៣២ឆ្នាំ មានប្ដីឈ្មោះ ទិន ភក្តី អាយុ ៣៦ឆ្នាំ រស់នៅភូមិ ពភ្លារសង្កាត់ សង្ឃរ័ ក្រុងស្វាយរៀង។

បើតាមឈ្មោះ ទិន ភក្ដី បានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធឈ្មោះ នាង សុធារី បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-២០៤២ មកផ្ទះម្ដាយលក់អីវ៉ាន់ចាប់ហ៊ួយ ដើម្បីទិញសំណាញ់ត្រងកូនត្រី ដែលស្ថិតនៅក្នុងភូមិព្រះទន្លេ ឃុំសង្ឃរ័ ក្រុងស្វាយរៀង។

ពេលគាត់កំពុងតែវាស់សំណាញ់នោះ មានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ បានចូលមកយកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះ សោភា អាយុ១៨ឆ្នាំ ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ និងគំរាមមិនឱ្យស្រែក ហើយយកម៉ូតូជិះចេញទៅ។

ភ្លាមៗនោះប្អូនស្រីក៏ស្រែកឆោឡោថាចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញ ក៏បានធ្វើការដេញតាមពីក្រោយ តែដេញមិនទាន់ដោយសារមានរថយន្តបាំងពីមុខ។ ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ដើម្បីឲ្យជួយស្វែងរកជនសង្ស័យ។

ពាក់ពន្ធ័ករណីនេះលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ពិតជាមានករណីនេះមែន ប៉ុន្តែមិនមែនប្លន់នោះទេ ដោយជនសង្ស័យដើរមកមុខផ្ទះលក់ចាបហ៊ួយ ហើយក៏ឃើញម៉ូតូឈប់ចតខណៈមិនបានដកសោ ធ្វើឲ្យជនសង្ស័យមានឱកាស ក៏ដើរចូលទៅជិត ប៉ុន្តែមានស្ត្រីម្នាក់ទៀតឈរក្បែម៉ូតូជនសង្ស័យ ក៏យកវត្ថុម៉្យាងមកគំរាម រួចក៏ជិះគេចខ្លួនតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមច្បាប់៕