(បាត់ដំបង)៖ លោក គៀត ច័ន្ទថារិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារឃុំស្នឹង នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង និងពិធីប្រកាសសេចក្ដីសម្រេចស្ដីពីការកែសម្រួល តែងតាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្នឹង។

ក្នុងកិច្ចប្រជុំនេះ មានការអានរបាយការណ៍លទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ឆ្នាំ២០២០ ការអានសេចក្ដីសម្រេចស្តីពីការចាត់តាំង ក្រុមការងារចុះជួយមូលដ្ឋានឃុំស្នឹង និងការធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៤ រួមមាន ទី១៖ ស្ដីពីសតិអារម្មណ៍ប្រជាពលរដ្ឋ និងសកម្មភាពនយោបាយ គណបក្សផ្សេងៗ, ទី២៖ ការផ្ដល់សេវាកម្មសុខភាព, ទី៣៖ សកម្មភាពគ្រប់គ្រងពង្រឹង ពង្រីក សមាជិកបក្ស និងទី៤៖ ស្ដីពីការគ្រប់គ្រង និងកសាងកម្លាំង សកម្មជនយុវជនគណបក្សទូទាំងឃុំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងបទអន្តរាគមន៍ រួចមកលោក គៀត ច័ន្ទថារិទ្ធ បានមានមតិកត់សម្គាល់ដូចខាងក្រោម ផ្អែកតាមរបាយការណ៍ និងបទបង្ហាញកន្លងមក ឃើញថាស្ថានភាពសនិ្តសុខ ស្ថានភាពនយោបាយ សតិអារម្មណ៍ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ការងារបង្កបង្កើនផល ការផ្តល់សេវាសុខភាព ជាទូទៅមានលក្ខណៈល្អប្រសើរ ទោះបីថា នៅមានការប្រើប្រាស់ ចែកចាយគ្រឿងញៀនបន្តិចបន្តួច បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងក្មេងទំនើងក្ដី។

លោក គៀត ច័ន្ទថារិទ្ធ បានឯកភាពទាំងស្រុង របស់លោកស្រី អនុប្រធានក្រុមប្រឹក្សាឃុំ ដែលបានលើកឡើង ពីក្រមសីលធម៌របស់អាជ្ញាធរមូលដ្ឋាន នៅពេលផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ព្រោះវាជាកត្តាគន្លឹះ នៃការទាក់ទាញទឹកចិត្តរបស់ប្រជាពលរដ្ឋ ឲ្យគោរព ស្រលាញ់ និងមានជំនឿចិត្ត ចំពោះអាជ្ញាធរមានសមត្ថកិច្ច។

លោកបានគូសបញ្ជាក់ថា មូលហេតុដែលលោក ជ្រើសយកការកសាងប្រឡាយទឹកជាអាទិភាពចម្បងនោះ ព្រោះថាតាំងពីដើមមកនៅឃុំស្នឹង គឺជាតំបន់ ដែលមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ទេតាំងតែពីដើមមក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនមានទឹកប្រើប្រាស់ និងបម្រើដល់ការងារបង្កបង្កើនផល។

កន្លងមកក្រុមការងារបានធ្វើការជីក ស្ដារ ប្រឡាយមួយចំនួនជាបន្តបន្ទាប់ ហើយថ្មីៗនេះ ទើបតែបាននិងកំពុងជីកប្រឡាយថ្មីមួយខ្សែទៀត ដើម្បីនាំទឹកពីអាងទឹកកំពីងពួយ មកស្រោចស្រពលើដីស្រែក្នុងភូមិបឹងក្រសាល ដែរសង្ឃឹមថា ក្រោយពីសាងសង់រួចរាល់ នឹងអាចស្រោចស្រពលើដីស្រែ ប្រហែល៣ពាន់ហិកតា នៅរដូវវស្សា និងប្រមាណ៥០០ហិកតា នៅរដូវប្រាំងបន្ថែមទៀត។

ចុងក្រោយ លោកប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅមួយចំនួន ដើម្បីអនុវត្តបន្ត រួមមាន៖

* សុំឲ្យគណៈកម្មាការបក្សឃុំ ពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាការពារ និងទប់ស្កាត់ឲ្យបាននូវ ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ក្នុងសហគមន៍ ដែលបច្ចុប្បន្នជាបញ្ហាចម្បងរបស់ប្រជាពលរដ្ឋ ដែលភ័យខ្លាចមានការប៉ះពាល់ដល់កូនចៅរបស់គាត់។
* ត្រូវបន្តឃោសនាអប់រំឲ្យជាប់ជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ ពីគោលនយោបាយ របស់គណបក្សដោយលើកពីសមិទ្ធផល ស្នាដៃនានា ដែលគណបក្ស ក៏ដូចជារាជរដ្ឋាភិបាលសម្រេចនាពេលកន្លងមក។
* ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ពាក្យសម្ដីសមរម្យ ទៅកាន់ប្រជាពលរដ្ឋនៅពេលដែលគាត់ មកសុំការផ្ដល់សេវាសាធារណៈ និងក្នុងពេលធ្វើការប្រាស្រ័យ ទាក់ទងជាមួយពួកគាត់ ព្រោះវាអាចធ្វើឲ្យពួកគាត់មានទំនុកចិត្ត និងបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច។
* ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំស្ដីពីការធ្វើអនាម័យ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។
* គណៈកម្មាធិការបក្សឃុំ ក្រុមការងារថ្នាក់ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពចំនួនប្រជាពលរដ្ឋឡើងវិញ ឲ្យបានត្រឹមត្រូវច្បាស់លាស់។

លោកក៏បានសំណូមពរសុំឲ្យគណៈកម្មាធិការគណបក្សឃុំ សាខាបក្ស អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់អនុវត្តតាមកម្មវិធីការងារនានា ដែលបានដាក់ចេញ ខណៈដែលក្រុមការងារថ្នាក់ណ្តាលនឹងចុះជួយគាំទ្រជាប្រចាំ។ គណៈកម្មាធិការគណបក្សឃុំ ភូមិ ត្រូវរៀបចំកិច្ចប្រជុំមួយខែម្ដង ដោយមានរបាយការច្បាស់លាស់ ដើម្បីក្ដាប់បានពីតម្រូវការ និងបញ្ហាប្រឈមនានា ដែលអាចកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមានដំណោះស្រាយទាន់ពេល។

បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំរួមមក លោក គៀត ច័ន្ទថារិទ្ធ រួមជាមួយក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ ការសាងសង់សំណង់អគារសាលាបឋមសិក្សា បុស្សសម្ព័រ និងបន្ទប់ទឹក ដែលកំពុងដំណើរការសាងសង់ជាបណ្ដើរៗ។ ជាមួយគ្នានេះ លោក និងក្រុមការងារបានបន្តដំណើរចុះត្រួតពិនិត្យការធ្វើប្រឡាយ ប្រព័ន្ធបង្ហូរ និងទ្វារទឹក សម្រាប់បង្ហូរទឹកពីអាងទឹកកំពីងពួយ មកស្រោចស្រពលើដីស្រែក្នុងភូមិបឹងក្រសាល នៅចំណុចភ្នំប៉ង់ ភូមិបឹងក្រសាល ដែលកំពុងដំណើរការការដ្ឋានផងដែរ៕