(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរចំនួន២នាក់ទៀត ត្រូវបានអាជ្ញាធរប្រទេសថៃ បន្តបញ្ជូនខ្លួនត្រឡប់មកវិញ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ៦ខែក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។

បើតាមសំដីរបស់សមត្ថកិច្ចប្រចាំច្រកអន្តរជាតិអូរស្មាច់ បានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា នៅល្ងាចថ្ងៃម្សិលមិញនេះ អាជ្ញាធរប្រទេសថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន២នាក់ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវទាហានថៃ ចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង និងបាននាំទៅឃុំខ្លួន នៅខេត្តសុរិន្ទប្រទេសថៃ បើគិតដល់ថ្ងៃនេះគឺជាប់ទោសរយៈពេល២ឆ្នាំ ៦ខែ។

ប្រជាពលរដ្ឋខ្មែរទាំង២នេះរួមមានទី១៖ ឈ្មោះ ម៉ិ ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ និងទី២៖ ឈ្មោះ អែម ម៉ុន ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២រស់នៅភូមិអូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីបានស្គែនកម្តៅរកមេរោគកូវីដ-១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីសក័ប្រចាំច្រកព្រំដែនរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់ សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕