(ភ្នំពេញ)៖ ស្របពេលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើន នៅលើគ្រប់វិស័យនោះ តម្រូវការរបស់សង្គម ប្រជាពលរដ្ឋ និងអ្នកវិនិយោគិនជាតិ និងអន្តរជាតិលើវិស័យច្បាប់ក៏ចេះតែកើនឡើងជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង ដើម្បីបំពេញនូវសេចក្តីត្រូវការផ្នែកច្បាប់ថ្មីៗនេះ ការិយាល័យមេធាវី ឡាយអិន អេន អឹសូស៊ីអែត បានបើកសម្ភោធជាផ្លូវការរបស់ការិយាល័យមេធាវី ឡាយអិន អេន អឹសូស៊ីអែត (Lion & Associate Law Office) និងក្រុមហ៊ុន ឡាយអិន វេនឈ័រ ឯ.ក (Lion Ventures Co., Ltd.) ស្ថិតនៅលេខ១៥៣E និងផ្លូវលេខ៤៣២ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយការបង្កើតករិយាល័យមេធាវីនេះ អតិថិជនទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ និងសេវាកម្មប្រឹក្សាយោបល់ក្នុងការចុះបញ្ចីពាណិជ្ចកម្មស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណនេយ្យ ហរិញ្ញវត្ថុ និងពន្ធដារ ជាមួយនឹងមេធាវី និងភ្នាក់ងារចុះបញ្ជីស្របច្បាប់ជាភាសាខ្មែរ ភាសាចិន និងភាសាបរទេស។

លោកស្រី លឹម កុលនីតា ជាប្រធានការិយាល័យមេធាវី Lion and Associate និងកញ្ញ តែ ស៊ីវឡេង ជាប្រធានក្រុមហ៊ុន Lion Ventures Co., Ltd បានឱ្យដឹងថា គោលបំណងនៃការបង្កើតការិយាល័យ មេធាវី ឡាយអិន អេន អឹសូស៊ីអេត នេះឡើង ក្នុងគោលដៅដើម្បីចូលរួមបម្រើសេវាកម្មផ្តល់យោបល់ និងផ្សព្វផ្សាយច្បាប់ តាក់តែងលិខិតគតិយុត្តិនានា ជូនដល់អតិថិជន។

ស្ថាបនិកទាំងពីររូបនេះ បានបន្ថែមថា រីឯក្រុមហ៊ុន Lion Ventures Co., Ltd ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់អាជីវករ ពាណិជ្ជករ និងវិនិយោគិនទាំងឡាយ ដើម្បីប្រកបអាជីវកម្មនៅប្រទេសកម្ពុជាដោយស្របច្បាប់ និងទទួលបាននូវការកាពារដោយច្បាប់ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីផ្នែកកម្មសិទ្ធិបញ្ញា (ចុះបញ្ជីម៉ាក-ពាណិជ្ជនាម) ចុះបញ្ជីពន្ធដារ ការរៀបចំលិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ និងរៀបចំឯកសារសម្រាប់សវនកម្មពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារជាដើម។ បច្ចុប្បន្នសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងអភិវឌ្ឍខ្លាំង ដែលនាំឱ្យមានការកើនឡើងនូវសន្ទុះនៃវិនិយោគិនមកពីគ្រប់ទីកន្លែង ដែលមានបំណងធ្វើវិនិយោគទុន និងបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

លោកស្រី លឹម កុលនីតា និងកញ្ញ តែ ស៊ីវឡេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដូច្នេះហើយ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យ មេធាវី Lion and Associate និងក្រុមហ៊ុន Lion Ventures Co., Ltd. នឹងបានចូលរួមលើកស្ទួយសិទ្ធិទទួលបានយុត្តិធម៍ជូនអតិថិជនការពារផលប្រយោជន៍ជូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន សំដៅរួមចំណែកក្នុងកិច្ចការពារយុត្តិធម៌សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនរុងរឿងឡើង»។

បន្ថែមពីនេះ មេធាវី និងភ្នាក់ងារចុះបញ្ជីស្របច្បាប់សុទ្ធសឹងតែបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តចិន ពីប្រទេសចិន ដែលជាភាពងាយស្រួលក្នុងការបម្រើសេវាជូនអថិជនដែលជាជនជាតិចិន៕