(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ព្រមជាមួយក្រុមការងារចុះជួយស្រុកសំរោងទង របស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញបញ្ចូលសមាជិកសមាជិកាគណបក្សថ្មីចំនួន ៦០នាក់ ស្រី២៩នាក់ ស្ថិតនៅឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើងថា «ថ្ងៃនេះបងប្អូនពិតជាបានវិលមករួមរស់ជីវភាពនយោបាយជាមួយគ្នាក្រោមម្លប់នៃសន្តិភាព ជាមួយការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាវៃរបស់សម្តេចតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងចង់ឃើញកម្ពុជារួមគ្នាការពារឲ្យខានតែបាននៅសន្តិភាព និងការអភិវឌ្ឍន៏ដូចសព្វថ្ងៃនេះ»

លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជន បានបន្តថា ការវិលមករួមជីវភាពនយោបាយរបស់បងប្អូន មិនមែនជាការចូលមកសារភាព ឬទទួលកំហុសអ្វីនោះឡើយ គឺជាការយល់ឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនមម្ពុជានាពេលបច្ចុប្បន្ន ហើយប្រទេសជាតិរីកចម្រើន សម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ៕