(ត្បូងឃ្មុំ)៖ មន្ត្រីជាន់ខ្ពស់នៅព្រឹទ្ធសភាចំនួន២រូប គឺលោក ឆាយ វណ្ណា និងលោក ឡាន់ ឆន ព្រមទាំងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទលោក ហាប់ អូម៉ាលី នាថ្ងៃទី៨ ខែសីហា បានចុះទៅជួបពលរដ្ឋនៅស្រុកក្រូចឆ្មារ ដែលមានចុះសួរសុខទុក្ខពលរដ្ឋក្នុងឃុំទាំង៥ នៃស្រុកនេះតែម្ដងក្នុងគោលបំណងបំផុសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩។

ថ្លែងនៅក្នុងកម្មវិធីនេះ លោក ហាប់ អូម៉ាលី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទប់ស្កាត់មិនឱ្យជម្ងឺនេះរីករាលដាលនោះទេ ដ្បិតយើងមានករណីឆ្លងឆ្លងមែនពិត ប៉ុន្តែភាគច្រើនជាករណី នាំចូលពីបរទេស ហើយរដ្ឋាភិបាលអាចទប់ស្កាត់បានល្អមិនឆ្លងជាសហគមន៍ ដូច្នេះពលរដ្ឋផ្ទាល់ សូមកុំធ្វេសប្រហែសនឹងបញ្ហានេះឱ្យសោះ ព្រោះមេរោគនេះងាយ នឹងឆ្លងណាស់បើសិនយើងមិនប្រុងប្រយ័ត្ន។

ទន្ទឹមនឹងសារនេះដែរ លោក ឆាយ វណ្ណា និងលោក ឡាន់ ឆន បានអរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឱនមានការរីចំរើន ដ្បិតសេដ្ឋកិច្ចកំពុងធ្លាក់ បន្តិចមែនដោយសារកូវីដ១៩ ប៉ុន្តែសម្ដេចមិនទុកឱ្យពលរដ្ឋណាម្នាក់រងការអត់ឃ្លាននោះទេ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានមន្ត្រីគណបក្សប្រជាជនកម្ពុជាចាំជួយជ្រោមជ្រែងជានិច្ច។

លោកទាំងទ្វេបន្តទៀតថា ពលរដ្ឋយើងកុំមើលស្រាលជម្ងឺកូវីដ១៩ឱ្យសោះ ព្រោះមេរោគនេះឆ្លងលឿនណាស់បើសិនយើងធ្វេសប្រហែស ប៉ុន្តែពួកយើងអាចការពារមិនឆ្លងបាន ដោយអនុវត្តន៍តាមវិធាការណ៍ដែលដាក់ចេញដោយក្រសួងសុខាភិបាល ហើយសូមអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋជាប្រចាំ មិនត្រូវបណ្ដែតបណ្ដោយឡើយ៕