(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកមិញនេះ បានស្នើឱ្យសហរដ្ឋអាមេរិក លើកលែងការយកពន្ធ លើទំនិញទូទៅទាំងអស់របស់កម្ពុជា ដើម្បីលើកកម្ពស់បន្ថែម នូវពាណិជ្ជកម្មរវាងប្រទេសពីរ។

សំណើររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខ លោក ចន ឃែរី (John Kerry) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ខណៈដែលប្រមុខការទូតអាមេរិករូបនេះធ្វើទស្សនកិច្ចនៅកម្ពុជាជាផ្លូវរដ្ឋលើកដំបូង។

លោក អ៊ាង សុផល្លែត អ្នកនាំពាក្យនៃជំនួបលើ បាននិយាយថា នៅក្នុងចំនួននេះ សម្តេចតេជោ បានស្នើឱ្យ លោក ចន ឃែរី ជួយជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន លើកលែងពន្ធទូទៅ នៃទំនិញពីប្រទេសកម្ពុជា ។ លោក សុផល្លែត និយាយថា បន្ទាប់ពីដាក់សំណើ នេះ លោក ឃែរី បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន វិញថា នឹងយកទៅពិចារណាជាមួយនឹង រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ថែមទៀត៕