(ព្រះវិហារ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងនាយកសមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន BemaReal Estate co.Ltd បានប្រគល់អណ្តូងទឹកចំនួន ១៣អណ្តូង និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដែលមានទីតាំងផ្សេងៗគ្នាក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានពេល២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែសីហា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋ ក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ហោចណាស់ឱ្យបាន ១នាទី ឬទឹកអាល់កុល ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។

លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង ដើម្បីការពារពីជំងឺគ្រុនចាញ់ ឬគ្រុនឈាម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

លោក ខាន់ ខុន បានបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវចំណេះដឹង ច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការប្រែប្រួល អាកាសធាតុផងដែរ។

លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញ យ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារយុទ្ធជនមានចិត្តរំភើបរីករាយ និងសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងជីវភាពប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធជន និងសូមគាំទ្រសម្ដេច ដើម្បីដឹកនាំនាវានៃកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសលោក ខាន់ ខុន និងលោកស្រី ឃឹម បុផ្ផា រួមទាំងក្រុមគ្រួសារសូមឲ្យមានសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។

គួរបញ្ជាក់ថាការផ្តល់អណ្តូងទឹក និងអំណោយមនុស្សធម៌មាន៖

១៖ ខេត្តព្រះវិហារ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ ៥០គ្រួសារ អណ្តូងទឹក ១អណ្តូង ស្ថិតក្នុងពន្ធនាគារខេត្តព្រះវិហារ។
២៖ ខេត្តឧត្តរមានជ័យ អណ្ដូងទឹកចំនួន ៤អណ្តូង មានភូមិគោកស្រកោច (ភ្នំតាមាន់) ភូមិត្រពាំងតៅចាស់ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង «ផ្នែកសឹករងអន្លង់វែង» ភូមិថ្នល់ថ្មី ឃុំអន្លង់វែង និងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
៣៖ ខេត្តសៀមរាប អណ្ដូងទឹកចំនួន ៨អណ្តូង មានស្រុកជីក្រែងចំនួន ៦ គឺភូមិតាអ៊ុង ភូមិតាងួន ភូមិល្វែងឫស្សី ភូមិក្បាលក្ដួច ឃុំល្វែងឫស្សី ភូមិផ្លុង ភូមិចេកប៊ូ ឃុំពង្រក្រោម និងស្រុកវ៉ារិនចំនួន ២ ភូមិបាយដុត ភូមិស្វាយស ឃុំស្វាយស។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងអាហារបំប៉នផងដែរ៕