(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) លោក ប៉ែន វណ្ណរិទ្ធ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) សាខាខេត្តកំពង់ធំ បានដឹកនាំសហការីយករទេះរុញជនពិការចំនួន ៥គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនជនពិការចំនួន ៥នាក់ ដែលរស់នៅក្នុងឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ពិធីនេះធ្វើឡើងនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ បន្ទាប់មកក៏មានការចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់ចាស់ជរាទីទ័លក្រ ក្មេងកំព្រាទីទ័លក្រ និងជនពិការសរុបចំនួន ២៥គ្រួសារ។

លោក ប៉ែន វណ្ណរិទ្ធ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់លោក ហ៊ុន ម៉ាណែត ស្ថាបនិកសមាគមចលនាយុវជនកម្ពុជា (ក១៥៧) លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្តី តែវាអាចជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបានពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺជំងឺកូវីដ-១៩ ដែលត្រូវតែចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតនៅជុំវិញផ្ទះរបស់ខ្លួនកន្លែងសើម ឬទឹកដក់ និងពាង អាងទឹក ជាពិសេសជំងឺកូវីដ-១៩ សូមឱ្យប្រជាពលរដ្ឋចូលរួមលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្ដាស់ដោយកន្សែង ក្រមា ក្រដាស ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ឬផ្តាសាយ ជៀសវាងប៉ះពាល់ភ្នែកច្រមុះ ឬមាត់ដោយគ្មានពាក់សម្ភារការពារ ដើម្បីបង្ការកុំឱ្យឆ្លងរាលដាលសហគមន៍។

បញ្ជាក់អំណោយដែលចែកជូនក្នុងមួយគ្រួសាររួមមាន អង្ករ ៥០គីឡូក្រាម មី ១កេះ ត្រីខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ សាប៊ូដុះខ្លួន និងលាងដៃ ១ដុំ និងថវិកា ១០០,០០០រៀល ដោយឡែកចំពោះលោកយាយ សោម ហ៊ីម និងលោកតា ស្រី វ៉ែន ក្រុមការងារបានបន្ថែមថវិកា ១០០,០០០រៀលថែមទៀត៕