(កំពង់ស្ពឺ)៖ ក្រោយចេញពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយធ្លាយដល់តំបន់មួយទៀត នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ សកម្មភាពជំរុញសកម្មភាពវារីវប្បកម្មរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទៅដល់មូលដ្ឋានខេត្តកំពង់ស្ពឺទៀតហើយ ជាមួយនឹងការបំផុសលើកទឹកចិត្ត ចែកជូននូវពូជត្រី-កង្កែបបន្ថែមដល់ប្រជាកសិករ-វារីវប្បករ ពិសេសគឺបានបង្គាប់បញ្ជាដល់មន្ទីរ-រដ្ឋបាលជលផល អាជ្ញាធរពាក់ព័ន្ធឱ្យបន្តប្រឹងប្រែងជួយកសិករលើការងារនេះឱ្យបានផុសផុលខ្លាំងជាងមុន។

សកម្មភាពខាងលើនេះក៏មានការអមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក-លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្មខេត្ត មន្រ្តីជំនាញ ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាកសិករចំនួន ៥៣គ្រួសារ ខណៈពិធីនេះបានរៀបចំឡើងនៅផ្ទះរបស់លោក កែន ហេង ដែលជាអ្នកបង្កាត់ ភ្ញាស់ និងចិញ្ចឹមត្រី ស្ថិតនៅភូមិត្រពាំងឈូក ឃុំនិទាន ស្រុកបរសេដ្ឋ។

លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានបណ្តុំវារីវប្បករចំនួន ១១ (២១៦គ្រួសារ) កន្លែងបង្កាត់ ភ្ញាស់កូនត្រី ៣កន្លែង អាចផលិតកូនបាន ៤៨៥,០០០កូន បង្កាត់ និងភ្ញាស់កូនកង្កែបមាន ៤កន្លែង អាចផលិតកូនបាន ២៣៥,០០០កូន ចិញ្ចឹមបង្កងអូស្រ្តាលីមាន ១២គ្រួសារ មានកូនបង្កង ៣,៣២០កូន និងមានគ្រួសារមួយទៀតចិញ្ចឹមបង្កងទឹកសាបមានបង្កង ៧០,០០០កូន។

ដោយឡែក លោក កែន ហេង ដែលជាវារីវប្បករគំរូ និងជាគ្រូបង្គោលនៅទូទាំងស្រុកបរសេដ្ឋនេះ បានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០១ លើផ្ទៃដី ១,៧៥ហិកតា ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជលផល បច្ចុប្បន្នមានលទ្ធភាពផលិតកូនត្រី និងកូនកង្កែប សម្រាប់លក់ជូនប្រជាពលរដ្ឋយកទៅចិញ្ចឹម។ គិតជាមធ្យម លោកបានចំណូល ២៥-៣០ លានរៀលក្នុងមួយឆ្នាំ។

លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត វ៉ី សំណាង បានរំលេចជូនប្រជាកសិករជ្រាបថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង។ មិនតែប៉ុណ្ណោះ សម្តេចបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលទៀតផង ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារ តាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កា ជាលក្ខណ:គ្រួសារ ដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រីបានប្ដេជ្ញាចំពោះមុខប្រជាកសិករថា នឹងខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញ ឬបង្កើតចលនាមួយយ៉ាងសកម្មនៅទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង ថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀង តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិទៅជាឱកាស ដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព។

លោក វេង សាខុន បានជំរុញឱ្យមន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាធ្វើការតាមដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពនេះដុះដាលលូតលាស់រីកចម្រើនជាបន្តបន្ទាប់។

ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។

ទន្ទឹមនឹងគ្នានោះ កសិករចិញ្ចឹមត្រីអណ្តែង ៣៨គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ក្បាល ចំណី ៤បាវ និងតង់ ១។ ដោយឡែក កសិករចិញ្ចឹមកង្កែបចំនួន ១៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ៤បាវ និងតង់ ១ និងថ្នាំវីតាម៉ីន ៣កញ្ចប់ផងដែរ៕