(ពោធិ៍សាត់)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយ បងប្អូនអ្នកផ្ទុកមេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងរួចមក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ដដែលនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបណ្ឌិត ម៉ម ប៊ុនហេង ចូលរួមត្រួតពិនិត្យការផ្តល់សេវា ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយមានការចួលរួមពីលោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ផងដែរ។

ក្នុងពេលនោះផងដែរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានចូលរួមសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែល អញ្ជើញចូលរួមក្នុងកម្មវិធី ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  ដែលរៀបចំឡើងដោយសមាគម សុខាភិបាលខ្មែរនៅអាមេរិច និងលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងក្រុមនិសិ្សតពេទ្យ មកពីសកលវិទ្យាលយ័ផ្សេងៗ នៅកម្ពុជា។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឲ្យ លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ខិតខំពង្រឹងសមត្ថភាពវិជ្ជាជីវៈនិងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈ សុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន  ដើម្បីលើកកម្ពស់គុណភាព សេវាសុខាភិបាលឲ្យកាន់តែ មានភាពប្រសើរឡើងថែមទៀត។

ទន្ទឹមនោះដែរ លោកដ្ឋមន្រ្តីបានអំពាវនាវ សុំឲ្យប្រជាពលរដ្ឋមកប្រើប្រាស់នូវសេវាសុខភាពនៅមន្ទីរពេទ្យឲ្យ បានគ្រប់ពេលដែលមាន បញ្ហាសុខភាព។

ក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋបានសំដែងនូវក្តី សោមនស្សរីករាយ ដោយបានទទួលសេវានេះ៕