(ភ្នំពេញ)៖ យោងតាមបទបញ្ជារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអនុវត្តតាមស្មារតី ប្រកាសលេខ ២៨៨៤ ប្រ.ក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅគ្រួសារ-សៀវភៅស្នាក់នៅ ។ អនុវត្តតាមប្រកាសលេខ ០០១ សណន ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅជូនដល់ប្រជាពលរដ្ឋខ្មែរ។

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំ និងធ្វើការប្រគល់ជូនបែបបទផ្តល់ត្រា និងសៀវភៅស្នាក់នៅជូនដល់បណ្តាប៉ុស្តិ៏នគរបាលរដ្ឋបាលទាំង៨ ដើម្បីយកទៅចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

ជាមួយគ្នានោះ លោក ម៉ៅ សឿត ក៏បានណែនាំដល់នាយប៉ុស្ថិ៍នគរបាលរដ្ឋបាលទាំង៨ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមស្មារតីប្រកាស និងសេចក្តីណែនាំខាងលើឱ្យមានប្រសិទ្ធភាពដោយធ្វើយ៉ាងណា ពន្លឿនការផ្តល់សេវាតម្រូវការឯកសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានឆាប់រហ័សដោយមិនឱ្យលើសពីរយៈពេល១០ថ្ងៃ សម្រាប់សៀវភៅស្នាក់នៅ និង១៥ថ្ងៃសម្រាប់សៀវភៅគ្រួសារ ហើយការផ្តល់នោះគឺមិនតម្រូវអោយមានការបង់ប្រាក់ឡើយ ។

លោកអធិការក៏បានលើកឡើងពីទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការផ្តល់ឯកសារសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនដល់ប្រជាពលរដ្ឋបើធ្វើឯកសារនេះហើយ ត្រូវយកប្រគល់ជូនប្រជាពលរដ្ឋទៅដល់ផ្ទះ ដោយហាមមិនអនុញ្ញាតយកទុកចោលនោះទេដើម្បីទុកជាថ្នូររកកំរ៉ៃខុសច្បាប់ណានោះឡើយ ហើយណែនាំ ពួកគាត់ឱ្យចេះថែទាំឯកសារទាំងនោះឱ្យបានល្អសម្រាប់ការប្រើប្រាស់គង់វង្សយូរអង្វែង៕