(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ ថ្នាក់ភាសាអង់គ្លេសទូទៅ គ្រប់កម្រិតចាប់ពី Pre-school 1 ដល់ Preschool 6 និងពីLevel 1 ដល់ Level 12 ទាំង២០សាខា សរុបចំនួន ១១,៨៧១នាក់ បានចូលរួមប្រឡងបញ្ចប់វគ្គសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (E-Examination) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលគ្រប់គ្រងការប្រឡងអនឡាញសាខាទី៩ (សាខាស្ទឹងមានជ័យ)។

សម្រាប់វិញ្ញាសា និងដំណើរការប្រឡងគ្រប់កម្រិតត្រូវបានរៀបចំ និង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយគណៈកម្មការប្រឡងនៃនាយកដ្ឋានភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប។

កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានរៀបចំការប្រឡង ឆមាសលើកទី២ រយៈពេល៩ថ្ងៃ តាមប្រព័ន្ធអេឡិចត្រូនិក (E-Examination) ជូនសិស្សានុសិស្សថ្នាក់ចំណេះទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ សរុបចំនួន ២៧,៥០៤នាក់ ប្រកបដោយជោគជ័យផងដែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

សាលា ប៊ែលធី អន្តរជាតិ នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្នាក់ចំណេះទូទៅ និងវគ្គសិក្សាថ្មីភាសាអង់គ្លេសទូទៅ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ឬក្នុងថ្នាក់ (On-Campus Learning) និងទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមបណ្តាសាខាទាំង ២១ទីតាំង នៃសាលា ប៊ែលធី អន្តរជាតិ ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចមើលតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v (http://onelink.to/e5593v)៕