(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា គណៈកម្មាធិការភូមិមួយផលិតផលមួយខេត្ត កំពុងសិក្សាកំណត់យកនូវផលិតផល សក្តានុពលមួយចំនួន ដើម្បីជំរុញផលិតផលទាំងនោះឱ្យក្លាយជា ភូមិមួយផលិតផលមួយរបស់ខេត្តមានដូចជា៖ នំក្រឡាន ផ្លែក្រូចថ្លុង រូបចម្លាក់វត្ថុអនុស្សាវរីយ ផលិតផលកែច្នៃពីដើមឫស្សី ផលិតផលកែច្នៃពីធាងដើមទ្រាំង តំបន់ទេសចរណ៍ធម្មជាតិជាដើម។

ការបញ្ជាក់បែបនេះ របស់លោក គង់ គឹមនី បានធ្វើឡើងនាឱកាសដែលលោកបានអញ្ជើញជាតំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងកិច្ចប្រជុំគណៈកម្មការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជាសមាជិកគណៈកម្មការជំរុញចលនាភូមិមួយផលិតផលមួយខេត្តយ៉ាងច្រើនផងដែរ។

លោក គង់ គឹមនី បានថ្លែងថា ខេត្តក្រចេះជាខេត្តគោលដៅមួយក្នុងចំណោមខេត្តទាំងប្រាំពីរ នៃការអនុវត្តចលនាភូមិមួយ ផលិតផលមួយ ដែលមានព្រំប្រទល់ខាងលិចទល់ជាមួយខេត្តកំពង់ធំ, ខាងកើតទល់នឹងខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម, ខាងជើងទល់នឹងខេត្តស្ទឹងត្រែង និងខាងត្បូងទល់ជាមួយខេត្តត្បូងឃ្មុំ ដែលមានស្ថានភាពដីជាពីរប្រភេទធំៗ គឺតំបន់ខ្ពង់រាប និងតំបន់ទំនាប ដែលសំបូរដោយធនធានធម្មជាតិ ប្រជាពលរដ្ឋនៅខេត្តក្រចេះ មាន ៨១.៤ភាគរយគ្រួសារ ជាកសិករពឹងផ្អែកទំាងស្រុងលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន ដើម្បីលើកកំពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា តាមរយៈគោលនយោបាយស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបានឆ្លើយតបទៅនឹងបំណងប្រាថ្នាតម្រូវការចាំបាច់របស់ប្រជាកសិករក្នុងទូទាំងខេត្ត ដើម្បីបង្កើនផលិតកម្ម កែច្នៃវត្ថុធាតុដើម និងរកទីផ្សារទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការផលិតដោយគិតលើសោភ័ណភាព គុណភាព និងទីផ្សារទាំងនេះ ជាកត្តាជំរុញឱ្យប្រជាពលរដ្ឋបង្កើតមុខរបរ បង្កើតប្រាក់ចំណូល និងឈានដល់ការបន្ថយចំណាកស្រុក ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត ដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះលោក គីម គឹមនី បានគូសបញ្ជាក់ថា ហេតុនេះ ការងារជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តមួយ ត្រូវការចាំបាច់នូវការចូលរួមគាំទ្រគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល។

នាឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យបន្តប្រជុំជាមួយអនុគណៈកម្មការថ្នាក់ក្រុង-ស្រុក ដើម្បីពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត, បន្តផ្សព្វផ្សាយកម្រងសំណួរប្រមូលព័ត៌មាន ទិន្នន័យ គ្រប់ស្ថាប័នពាក់ព័ន្ធ, បន្តការប្រមូលទិន្នន័យពាក់ព័ន្ធពីបណ្តាលមន្ទីរ ស្ថាប័ន, បន្តដំណើរការរៀបចំរបាយការណ៍ពិនិត្យ និងបញ្ជូលទិន្នន័យ, បន្តប្រជុំពិនិត្យ និងបូកសរុបទិន្នន័យផលិតផលសក្តានុពលក្នុងខេត្ត, បន្តជំរុញការសុំចូលជាសមាជិកភូមិមួយ ផលិតផលមួយ, បន្តនាំយកផលិតផលសក្តានុពល ចូលរួមពិព័រណ៌ក្នុង និងក្រៅប្រទេសបន្តផ្សព្វផ្សាយគោលនយោបាយថ្នាក់ជាតិស្តីពី ភូមិមួយផលិតមួយឱ្យបានទូលំទូលាយបន្តទៀត៕