(ភ្នំពេញ)៖ «ស.ស.ស.ក» មានឈ្មោះពេញ «សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំ។ លោកជាស្ថាបនិក១រូបរួមជាមួយស្ថាបនិក១៩រូបផ្សេងទៀត បង្កើត ស.ស.ស.ក ជាផ្លូវការនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ ក្នុងដំណើរការការងាររយៈពេល៤ឆ្នាំ មកនេះ ស.ស.ស.ក បានរួមចំណែកលើមុខងារអប់រំបណ្តុះបណ្តាល ការជួយអន្តរាគមន៍លើករណីអ្នកសារព័ត៌មានមានក្តីក្តាំនៅតុលាការ ការអំពាវនាវកៀរគរមូលនិធិជួយ ដល់អ្នកសារព័ត៌មាន និងចូលរួមក្នុងវេទិកាអន្តរជាតិផងដែរ។

អង្គភាពព័ត៌មាន Fresh News បានកិច្ចសម្ភាសជាមួយលោក ហ៊ុយ វណ្ណៈ ដូចតទៅ៖

សំណួរ៖ តើ ស.ស.ស.ក រយៈពេល៤ឆ្នាំមកនេះ សម្រេចបានលទ្ធផលអ្វីខ្លះជាសំខាន់?

លោក ហ៊ុយ វណ្ណៈ៖ ខ្ញុំសូមអរគុណ! ខ្ញុំអាចសរុបបានថា រយៈពេល៤ឆ្នាំ គឺ២អាណត្តិមកនេះ យើងនៅ ស.ស.ស.ក បានរួមគ្នាជាធ្លុងមួយ ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រ៣យ៉ាង ទាំងផ្នែករឹងនិងផ្នែកទន់ នោះគឺខ្ញុំចង់សំដៅដល់ការកសាងស្ថាប័ន ឧត្តមគតិមនសិកា ប្រកបដោយបុព្វហេតុច្បាស់លាស់របស់យើង រួមចំណែកពង្រឹងសមត្ថភាពភាពព័ត៌មាននិងការផ្សព្វផ្សាយ ដើម្បីបុព្វហេតុឧត្តមភាពជាតិមាតុភូមិ។

ទី១៖ យើងកសាងបាន «អគារសេរីភាព»។ អគារនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រដ៏ថ្លៃថ្លាពី សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំជាតិ។ ការគាំទ្រនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យជាសកលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយដូចគ្នានឹងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យឯទៀតលើសកលលោក ដែលគាំទ្រតួនាទីសារព័ត៌មានក្នុងដំណើរការប្រជាធិបតេយ្យ។ អគារសេរីភាព គឺជានិមិត្តរូបនៃការបើកលំហរសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ការកសាងបាននូវសមិទ្ធផលធំធេងបែបនេះ គឺជាប្រវត្តិសាស្ត្រដំបូងបំផុតក្នុងវិស័យសារព័ត៌មាននៅកម្ពុជា សូម្បីបណ្តាប្រទេសនៅអាស៊ាន មិនទាន់មានអគាររឹងមាំបែបនេះនៅឡើយទេ។ លើពិភពលោក មានប្រទេសមហាអំណាចតិចតួចប៉ុណ្ណោះ ដែលកសាងស្ថាប័នសារព័ត៌មានជាតិ ដើម្បីដើរតួនាទីផ្នែកទន់ក្នុងការពង្រីកឥទ្ធិពលផ្សព្វផ្សាយរបស់ខ្លួន។ ដូច្នេះនេះគឺជាមោទនភាពសម្រាប់យើង ហើយពីមួយជំហានទៅមួយជំហាន យើងនឹងឃើញកាន់ច្បាស់ឡើងពីតម្លៃនៃការកសាងស្ថាប័នបែបនេះ ក្នុងការចូលរួមចំណែកជាមួយសង្គមជាតិ។

ទី២៖ យើងបានកសាងស្ថាប័នមួយដែលមានភាពជាតំណាងទាំងក្នុងកម្រិតថ្នាក់ជាតិនិងនៅឆាកអន្តរជាតិ។ បច្ចុប្បន្ន ស.ស.ស.ក មានតួនាទីជាអនុប្រធានវេទិកា សារព័ត៌មានអន្តរជាតិ ICAPP ដែលមានប្រទេស៥០ជាសមាជិក។ ក្នុងវេទិកាថ្នាក់ជាតិគឺយើងដើរតួនាទីតាមដានការផ្សាយ និងដើរតួជាសំឡេងការពារផលប្រយោជន៍ជាតិ។ ជាមួយគ្នានេះ យើងរួមចំណែកក្នុងការងារបណ្តុះបណ្តាលនិងតម្រង់ទិសការផ្សព្វផ្សាយ ដើម្បីការពារតម្លៃប្រជាជន និងឧត្តមភាពជាតិមាតុភូមិកម្ពុជាយើង។

ទី៣៖ យើងដើរតួនាទីក្នុងការតាមដានការផ្សាយរបស់បរទេសដែលមានឥទ្ធិពលលើកម្ពុជា។ ខ្ញុំលើកចំណុចជាក់ស្តែងមួយ កាលពីឆ្នាំ២០១៧ ស.ស.ស.ក បានចេញមុខតវ៉ាជាមួយទូរទស្សន៍អន្តរជាតិ CNN និងសារព័ត៌មាន ABC NEWS ចំពោះរបាយការណ៍អង្គការ AIM ដែលបានផ្សាយអត្ថបទដោយបំភ្លៃក្រោមចំណងជើង «ម្តាយលក់កូនស្រីខ្លួនឲ្យរកស៊ីផ្លូវភេទ»។ រឿងនេះ មិនត្រឹមតែជាការប្រមាថចំពោះតម្លៃស្ត្រីកម្ពុជា ប៉ុន្តែអយុត្តិធម៌ចំពោះកិត្តិនាមកម្ពុជាទាំងមូល។ បន្ទាប់ពីការតវ៉ារបស់យើង ក៏មានការកែតម្រូវ និងបានសុំទោស។ យើងក៏លែងឃើញផ្សាយរបាយការណ៍របៀបនេះ ចាប់តាំងពីពេលនោះមក។ យើងអាចស្រម៉ៃថា បើគ្មានការតវ៉ាកាលពី៣ឆ្នាំមុន ថ្ងៃនេះយើងអាចនឹងឃើញរបាយការណ៍ប្រឌិតបែបនេះកើតឡើងជាថ្មី។ យើងបានតវ៉ារឿងមួយចំនួនទៀតជាមួយស្ថានទូតបរទេសផងដែរ ដែលជារឿយៗគេបានបញ្ចេញសារ ក្នុងគោលដៅបម្រើភូមិសាស្ត្រនយោបាយ។ យើងបន្តតាមដានបញ្ហានេះតទៅទៀត។

ចំណុចសំខាន់មួយដែលខ្ញុំចង់គូសបញ្ជាក់រំលេចឡើងដែរគឺ «វប្បធម៌ចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក»។ ខ្ញុំចង់លើកឡើងពីការជួយយកអាសារគ្នា ដែលសហព័ន្ធ ជាបន្តបន្ទាប់បានជួយដល់អ្នកសារព័ត៌មានយើងដែលខ្វះខាត នៅពេលមានជំងឺ និងជួយដល់គ្រួសារដែលមរណភាព ដែលអាចធ្វើបុណ្យតាមប្រពៃណី និងរហូតមានលទ្ធភាពទិញផ្ទះសម្បែងឲ្យកូនៗដែលកំព្រាផងដែរ។

សំណួរ៖ តើអ្វីដែល ស.ស.ស.ក មិនទាន់ធ្វើបាន?

លោក ហ៊ុយ វណ្ណៈ៖ ខ្ញុំយល់ថា នៅមានកិច្ចការសំខាន់មួយដែលយើងមិនទាន់ធ្វើឲ្យបានប្រសិទ្ធភាព នោះគឺការតស៊ូនឹងរបាយការណ៍វាយតម្លៃប្រចាំឆ្នាំរបស់អង្គការបរទេស ដែលមានលក្ខណៈបន្តុះបង្អាប់ បង្អោនតម្លៃកម្ពុជា អំពីលំហរសេរីភាពសារព័ត៌មាន។ យើងមានស្មារតីទទួលយកក្នុងភាពជាដៃគូ ប៉ុន្តែជាខ្មែរ រស់នៅលើទឹកដីដូនតានៃអ្នកកសាងអង្គរវត្ត និងជាប្រទេសមួយមានប្រវត្តិសាស្ត្រ វប្បធម៌ដ៏សម្បូរបែប ហើយមានសន្តិភាពពេញផ្ទៃប្រទេសគឺ «យើងមិនពិការឧត្តមគតិ» ហើយនៅស្ងៀមទ្រាំទទួលយករបាយការណ៍របៀបងងិតងងុលនេះទេ។ យើងចង់បានកញ្ចក់ថ្លាសម្រាប់ឆ្លុះកែលម្អ តែយើងមិនទទួលថ្នាំពុលបំផ្លាញសុខភាព និងបង្វិលការគិតរបស់ប្រជាជនចំពោះតម្លៃជាតិឯងនោះទេ។

សំណួរ៖ នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ តើមានផលប៉ះពាល់យ៉ាងដូចម្តេចខ្លះចំពោះការបំពេញតួនាទីរបស់សារព័ត៌មាន?

លោក ហ៊ុយ វណ្ណៈ៖ ជំងឺឆ្លងសកលកូវីដ១៩ គឺធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់របស់សារព័ត៌មាន៣យ៉ាងទាំងផ្នែកប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ និងផ្នែកខ្លឹមសារ។ ទី១៖ សម្រាប់ផ្នែកប្រតិបត្តិការ៖ គឺយើងឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩ ពិតជាបង្កផលប៉ះពាល់ដល់ផ្នែកខ្លះនៃកិច្ចការរបស់យើង និងប៉ះពាល់ដល់ការងារទូទៅរបស់អង្គភាពសារព័ត៌មានជាទូទៅផងដែរ។ ទី២៖ សម្រាប់ផ្នែកហិរញ្ញវត្ថុ៖ យើងសង្កេតឃើញថា អង្គភាពខ្លះបានកាត់បន្ថយចំនួនបុគ្គលិក កាសែតខ្លះបានបន្ថយចំនួនបោះពុម្ព និងខ្លះឈប់បោះពុម្ពផ្សាយតែម្តង ហើយងាកមកផ្សាយតាមអនឡាញវិញ។ ការផ្សាយពាណិជ្ជកម្មក៏មានការថយចុះដែរ។ ទី៣៖ ផ្នែកខ្លឹមសារ៖ អ្នកសារព័ត៌មានត្រូវមានការថ្លឹងថ្លែងរវាងតម្រូវការចំពោះមុខក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងការអនុវត្តន៍សេរីភាពរបស់ខ្លួន។ អ្វីដែលជាចំណុចព្រួយបារម្ភរបស់យើងគឺ ផ្នែកបណ្តាញសង្គម ឬអ្នកប្រើប្រាស់បណ្តាញសង្គម គឺឃើញមានកំហុស និងមានការទាមទារស្នើសុំឲ្យកែតម្រូវជាបន្តបន្ទាប់។

សំណួរ៖ កន្លងមក អ្នកសារព័ត៌មានក្នុងស្រុកខ្លះប្រឈមការប្តឹង និងត្រូវបានចាប់ខ្លួន។ តើ ស.ស.ស.ក ជួយអន្តរាគមន៍ដល់ពួកគេយ៉ាងដូចម្តេច?

លោក ហ៊ុយ វណ្ណៈ៖ យើងទទួលស្គាល់ថា មានឧប្បត្តិហេតុខ្លះ ដែលប្រព្រឹត្តឡើងដោយអ្នកសារព័ត៌មាន គឺបទល្មើសខ្លះ មានលក្ខណៈធំធេងហួសពីសមត្ថកិច្ចរបស់យើងជាសមាគម។ រឿងខ្លះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ។ មានករណីខ្លះទៀត ក៏ផុតពីការអន្តរាគមន៍របស់យើងដែរ ពីព្រោះជាការសម្រេចចិត្តរបស់គាត់ផ្ទាល់ខ្លួន ក្នុងការមិនទទួលយកការអន្តរាគមន៍ពីសមាគមខ្មែរ ពីព្រោះគាត់ដាក់ការសង្ឃឹមលើការអន្តរាគមន៍ពីបរទេស។ ប៉ុន្តែជារួម តាមរយៈការស្នើសុំនិងកិច្ចសហការ គឺយើងអន្តរាគមន៍សម្របសម្រួលការដោះស្រាយក្រៅតុលាការបានច្រើនករណី ដែលឈានទៅដល់ទម្លាក់ចោលការចោទប្រកាន់ និងបានសះជាគ្នាវិញផងដែរ។ ដូច្នេះ ការអន្តរាគមន៍របស់យើងគឺធ្វើទៅតាមចរិតលក្ខណៈនៃឧប្បត្តិហេតុ តាមគោលការណ៍របស់យើង តាមការពឹងពាក់ពីសាម៉ីខ្លួន និងផ្អែកតាមទិដ្ឋភាពច្បាប់។

សំណួរ៖ តើលោកវាយតម្លៃលំហរសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិនៅកម្ពុជាយ៉ាងដូចម្តេច?

លោក ហ៊ុយ វណ្ណៈ៖ បើប្រៀបធៀបទៅនឹង២០ឆ្នាំមុន លំហរសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា យើងគឺល្អជាងមុនច្រើនណាស់។ បច្ចុប្បន្ននេះ គ្មានករណីធ្វើទារុណកម្ម ឬករណីសម្លាប់ដូចអតីតកាល ដែលស្ថិតក្នុងដំណាក់កាលនយោបាយក្តៅ និងចម្រុះភាគីប្រដាប់អាវុធនោះទេ។ ខ្ញុំធ្លាប់និយាយជាញឹកញយថា ខ្ញុំមិនកង្វល់លើលំហរសេរីភាពទេ ប៉ុន្តែខ្ញុំមានកង្វល់លើគុណភាពនៃការផ្សាយព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំឲ្យខ្លាំង ឲ្យស្របតាមភាពជឿនលឿននៃសង្គម។ ពិភពលោកវិវឌ្ឍលឿន និងស្មុគស្មាញ។ ការចេះដឹងរបស់ប្រជាជនក៏កើនឡើងដែរ ដែលទាមទារឲ្យអ្នកសារព័ត៌មានត្រូវមានសមត្ថភាពស្រាវជ្រាវ និងវិភាគ ឈរលើគោលការណ៍វិជ្ជាជីវៈផង និងមានស្មារតីផលប្រយោជន៍ជាតិនិយមផង។

សំណួរ៖ តើ ស.ស.ស.ក មានផែនការឆ្ពោះទៅមុខក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងដូចម្តេច?

លោក ហ៊ុយ វណ្ណៈ៖ សីលធម៌វិជ្ជាជីវៈ ពិតជាតម្លៃស្នូលដ៏សំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ ចំណេះ ជំនាញ ដែលគ្មានសីលធម៌ គឺបាត់បង់ការគោរពនិងបំផ្លាញសង្គមជាតិ។ ចំណេះ ជំនាញ ដែលគ្មានបុព្វហេតុ គឺបាត់ព្រលឹងជាតិ។ បេសកកម្មនិងបុព្វហេតុ ដែលយើងបង្កើត ស.ស.ស.ក គឺរួមចំណែកពង្រឹងសមត្ថភាពសីលធម៌វិជ្ជាជីវៈ និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ជាបន្តបន្ទាប់យើងបានបង្កើតវគ្គបណ្តុះបណ្តាល ដែលមានសិក្ខាកាមចូលរួមម្តងៗរង្វង់២០០នាក់។ ឥឡូវនេះ យើងកំពុងសម្រួចលើកិច្ចការធំ៣។

ទី១៖ គឺបង្កើតគណៈកម្មាធិការវាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលយើងកំពុងបន្តចងក្រងទិន្នន័យ។ ទី២៖ យើងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា ដើម្បីប្រមូលធនធានប្រាជ្ញាផ្នែកការស្រាវជ្រាវសង្គម នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ទី៣៖ យើងចូលរួមការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងតាមដានការផ្សព្វផ្សាយរបស់បរទេសដែលមានឥទ្ធិពលលើកម្ពុជា។ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយជារឿងមួយ ឯរឿងសំខាន់ដែលយើងគប្បីមានការកត់សំគាត់ និងមើលឲ្យឃើញច្បាស់ជាប់ជាប្រចាំគឺថា បរទេសមានលទ្ធភាពបង្កើតភូមិសាស្ត្រព័ត៌មាន ដើម្បីបម្រើឲ្យភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ដូច្នេះ ការលាងសម្អាត ការបំភ្លឺ ការឆ្លើយតប ចំពោះព័ត៌មានបែបនេះ គឺមានការលំបាក ដែលទាមទារការចូលរួមគ្រប់ផ្នែក។ ចំពោះអ្នកសារព័ត៌មាន ខ្ញុំធ្លាប់និយាយជាញឹកញយថា៖ «ការផ្សាយព័ត៌មាន ដើម្បីបម្រើការយល់ដឹងរបស់សាធារណជន គឺផ្ទុយពីការផ្សាយព័ត៌មាន បម្រើឲ្យគោលដៅសមរភូមិសាធារណមតិ»

សំណួរ៖ តើលោកយល់ឃើញថា កម្ពុជាត្រូវខិតខំលើផ្នែកអ្វីខ្លះដើម្បីលើកកម្ពស់តួនាទីសារព័ត៌មាននៅកម្ពុជា ឲ្យបានខ្លាំងក្លាកម្រិតតំបន់ និងកម្រិតអន្តរជាតិ?

លោក ហ៊ុយ វណ្ណៈ៖ អាទិភាពរបស់យើង គឺបន្តកសាងធនធានមនុស្សក្នុងវិស័យនេះ។ មានកត្តាច្រើនក្នុងបញ្ហាប្រឈមនេះ ហើយការដាក់ចក្ខុវិស័យប្រកួតប្រជែងវិស័យព័ត៌មានកម្រិតតំបន់និងអន្តរជាតិ គឺយើងនៅឆ្ងាយនៅឡើយលើផ្នែកខ្លះ តែយើងនៅមានសង្ឃឹម។ ខ្ញុំយល់ឃើញថា ការបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្សយើង លើវិស័យសារព័ត៌មាននិងការផ្សព្វផ្សាយ គឺសំខាន់ណាស់។ យើងត្រូវការមេក្រូផ្សព្វផ្សាយសមិទ្ធផលជាតិយើង និងចូលរួមពង្រឹងស្មារតីឯកភាពជាតិយើង។ ដូច្នេះ ការអភិវឌ្ឍន៍លើវិស័យនេះ គឺមិនត្រឹមតែលើផ្នែកខ្លឹមសារនោះទេ គឺមានទាំងការអភិវឌ្ឍន៍ជំនាញគ្រឹះ ការគាំទ្រខាងហិរញ្ញវត្ថុ និងពង្រឹងមូលដ្ឋានបច្ចេកទេសបច្ចេកវិទ្យា ដែលយើងនៅប្រើប្រាស់មិនទាន់អស់។

សំណួរ៖ តាមរបាយការណ៍ ស.ស.ស.ក ទទួលបានការគាំទ្រខាងហិរញ្ញវត្ថុពីវិស័យឯកជន និងពីរាជរដ្ឋាភិបាល សម្រាប់បំពេញការងាររបស់ខ្លួន។ ដូច្នេះ តើ ស.ស.ស.ក ឯករាជ្យពីរាជរដ្ឋាភិបាល?

លោក ហ៊ុយ វណ្ណៈ៖ ខ្ញុំមានពាក្យមួយឃ្លា ហើយតែងប្រកាន់យកស្មារតីនេះថា «យើងនឹងមិនឯករាជ្យ ចេញពីផលប្រយោជន៍ជាតិរបស់យើងឡើយ»។ ការកសាងស្ថាប័នមួយ គឺមិនមែនជាការងាយស្រួលទេ។ ដូច្នេះហើយដែលយើងខ្ញុំនៅតែមានមោទនភាពចំពោះសមិទ្ធផល ស.ស.ស.ក ដែលកកើតចេញពីចក្ខុវិស័យនិងគំនិតកូនខ្មែរ ហើយទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងការគាំទ្រពីប្រមុខដឹកនាំជាតិ។ យើងមិនទាត់ចោលកិច្ចសហការក្នុងភាពជាដៃគូ ដោយស្មើភាព និងស្មើសិទ្ធ ជាមួយបរទេសនោះទេ។ ម្យ៉ាងទៀត យើងសាកស្រម៉ៃមើល បើយើងឈរឱបដៃរំពឹងបរទេស យើងនឹងគ្មានវត្តមានអគារសេរីភាពនេះទេ ហើយយើងក៏មិនអាចដើរដល់ថ្ងៃនេះដែរ។ ឯករាជ្យភាព វាមិនចំណុះលើការពឹងបរទេសរៀបចំឲ្យនោះទេ។ ដំណើររបស់យើងពិតណាស់ គឺមិនស្រួលទាំងអស់ទេ ដែលទាមទារការចូលរួម ការប្រមូលចងក្រងប្រមូលផ្តុំធនធានមនុស្ស ការសាមគ្គី ការស្ម័គ្រចិត្ត ការលះបង់ ការអត់ធ្មត់ ការបង្ហូរញើស ការសម្រក់ទឹកភ្នែក ការសប្បាយរីករាយ រហូតយើងដើរបាន៤ឆ្នាំដោយមោទនភាព។ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា យើងកំណត់ច្បាស់នូវបុព្វហេតុរបស់យើងគឺឈរលើឆន្ទៈការពារផលប្រយោជន៍ជាតិ និងលើកតម្កើងឧត្តមភាពជាតិយើងជានិច្ច។ យើងបន្តបុព្វហេតុនេះតទៅមុខ យូរអង្វែងតទៅទៀត៕