(កំពង់ចាម)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជន និងប្រជាកសិករ ក្នុងស្រុកព្រៃឈរ ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម។

លោក កៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួន អំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀបអំពីភាពជឿនលឿន នៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួនដែលលោក ធ្លាប់បានទៅទស្សនកិច្ចសិក្សា នាពេលកន្លងមក។

ផ្អែកលើបទពិសោធន៍នានា ដែលលោក កៅ ថាច ធ្លាប់ជួបលោកបានធ្វើការស្នើសុំ និងសំណូមពរ ដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករ ឲ្យធ្វើការពង្រីកការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឲ្យបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និងដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយ លើបញ្ហាទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។ ទន្ទឹមនេះ បងប្អូនប្រជាកសិករ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

ជាមួយគ្នានេះលោក កៅ ថាច បានជម្រាបជូនបន្ថែម៖

* អំពីតួនាទី និងបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
* អំពីស្ថានភាពសេដ្ឋកិច្ច និងផលប៉ះពាល់មួយចំនួនដោយសារការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងក្នុងប្រទេស
* អំពីមូលហេតុ និងដើមហេតុដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការផ្តល់ឥណទានជូនដល់ដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19

* អំពីគោលការណ៍ឥណទាន និងនិតីវិធីដើម្បីទទួលបានឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយអត្រាការប្រាក់ទាប។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ ក៏មានវត្តមានចូលរួមផងដែរ ពីសំណាក់លោក ហេង ណន រដ្ឋលេខាក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនាវានុវត្តន៍ លោកអភិបាលរងស្រុក និង បងប្អូនយុវជន និង ប្រជាកសិករក្នុងស្រុកព្រៃឈរប្រមាន១៧០នាក់៕