(ស្វាយរៀង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅតាម៉ាត និងផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាពិសេសផ្ដោតសំខាន់ទៅលើ ផលិតផលទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ។

មន្ត្រីជំនាញបានដឹងថា ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្ដាយ និងការធ្វើពាណិជ្ជកម្មដោយសុច្ចរិតក្រសួងពាណិជ្ជកម្ម បានជម្រាបជូនដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលចែកចាយ និងផ្គត់ផ្គង់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្តដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីជំនាញបានបន្តថា ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ប្រសិនបើមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយមិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត នៃអនុក្រឹត្យលេខ ១៣៣ និងប្រកាសរួមលេខ០៦១ ស.ន.រ.ប. មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងចាត់វិធានការផ្អាកជាបណ្ដោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀតដោយអនុលោមតាមច្បាប់ស្ដីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវាច្បាប់ស្ដីពី ការការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងទៀតដោយមិនលើកលែង។

មន្ត្រីជំនាញបានបន្ថែមថា ដោយមើលឃើញការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួននៅលើសំបកវេចខ្ចប់ជាប់ នឹងផលិតផលរបស់ខ្លួនដូចជាការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា «គ្មានអ្វីប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដយតែមួយមុខគាត់រហូតបាន ៦ខែនឹងបន្តការបំបៅដោះម្ដាយរហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ»។

មន្ត្រីជំនាញ បានបញ្ជាក់ទៀតថា នៅថ្ងៃនេះដែរមន្ត្រីជំនាញយើងបានចុះពិនិត្យនៅតាមម៉ាតមួយចំនួននៅក្នុងក្រុងស្វាយរៀង និងនៅតាមផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ ដែលតាំងលក់នូវផលិតផលទឹក ដោះគោក៏ដូចជាជំនាញផ្សេងៗទៀត ដើម្បីស្វែងរកទំនិញដែលហួសការបរិច្ឆេទប្រើប្រាស់ ដើម្បីដកហូតយកទៅដុតកម្ទេចចោល ក្នុងនោះជាលទ្ធផលជំនាញពុំបានរកឃើញផលិតផល ក៏ដូចជាទឹកដោះគោដែលខូចគុណភាពប្រើប្រាស់នោះទេហើយបានណែនាំដល់អាជីវករត្រូវលក់ផលិតផលណាដែលមានកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវច្បាស់លាស់ ដើម្បីធានាបានសុខមាលភាពជូនប្រជាពលរដ្ឋ និងបានចែកលិខិតជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដល់អាជីវករផងដែរ៕