(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានទទួលជួបពិភាក្សាការងារជាមួយលោក Mekki Said Erdogan តំណាងអង្គការមូលនិធិកិច្ចការសាសនាសាធារណរដ្ឋតួកគី Turkish diyanet foundation។

កិច្ចពិភាក្សានេះធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅការិយាល័យផ្ទាល់របស់ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្រោយពេលលោក Mekki បញ្ចប់ការចែកគោគួរបានចំនួន ៣៥០ក្បាល ដល់ប្រជាសាសនិកឥស្លាមក្នុងរដូវបុណ្យអ៊ីឌុលអោដហា និងប្រលងធ្វើតេស្តសិស្សអាហារូបករណ៍ ចំនួន២២នាក់ ដើម្បីបន្តការសិក្សានៅសាធារណៈរដ្ឋតួកគី។

កិច្ចប្រជុំផ្តោតសំខាន់ទៅលើសមិទ្ធផល ដែលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការរយៈពេលជាង៧ឆ្នាំកន្លងមក លើកទិសដៅបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែល្អប្រសើរជាងមុន ដែលអង្គការទាំងពីរទើបបានចុះអនុស្សារណៈយោគយល់គ្នាជាលើកទី២ នៅឆ្នាំនេះ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ទាំងផ្នែកជំនឿសាសនា សិទ្ធិរស់នៅ សិទ្ធិធ្វើនយោបាយ និងសិទ្ធិដែលត្រូវទទួល បានដោយស្មើមុខស្មើមាត់ ក្នុងនាមជាប្រជាជាតិតែមួយ។

កត្តានេះហើយដែលធ្វើឲ្យ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា មានលទ្ធភាពយ៉ាងទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការដៃគូពីគ្រប់ប្រទេស។ លោកបានបន្តថា ចំពោះគោគួរបាន ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលបានពីអង្គការដៃគូក្រៅប្រទេស មានរហូតដល់ទៅជាង ៨០,០០០ក្បាល រាប់ចាប់តាំងពីឆ្នាំ១៩៩៥មក។

លោក Mekki បានសម្ដែងនូវការស្ងប់ស្ងែង និងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យ យ៉ាងឆាប់រហ័ស ការពារបាននូវសុខសន្តិភាព និងបង្កើតបាននូវសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ដែលជាគំរូដ៏ល្អសម្រាប់ពិភពលោក។

លោក Mekki ក៏បាននាំនូវសាឡាមផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីប្រធានាធិបតីប្រទេសតួកគី ទៅតាមប្រទេសនីមួយៗ តាមរយៈសកម្មភាពរបស់អង្គការមូលនិធិ diyanet និងសាឡាមផ្តាំផ្ញើសាកសួរសុខទុក្ខពី រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា ដល់ចំពោះលោក អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំឥស្លាមមួយចំនួនទៀត នៅកម្ពុជាផងដែរ។ លោកបន្តថា អង្គការមូលនិធិឌីណេត (TDV) ជាអង្គការធំមួយនៅសាធារណរដ្ឋតួកគី ដែលនៅឆ្នាំ២០២០នេះ មានគោជាង ៧៨,០០០ក្បាល ដែលផ្តល់ជូនប្រទេសជាង ៧០នៅទូទាំងពិភពលោក។

គួរជម្រាបជូនថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងមូលនិធិឌីយ៉ាណែតតួកគី (TDV) តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជា (CMDF) ទទួលបានថវិការជាង១,២លានដុល្លាអាមេរិក លើកម្មវិធីចំនួន៣ រួមមាន ការផ្តល់ជំនួយមនុស្សធម៌ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌។

ក្នុងនោះកម្មវិធី ដែលលេចធ្លោជាងគេ គឺកម្មវិធិជំនួយមនុស្សធម៌ ដោយបានផ្តល់សត្វគោគួរបានរហូតមកដល់ឆ្នាំនេះ សរុបចំនួន ១,៩០៨ក្បាល និងផ្តល់អាហារូបករណ៍ដាច់ដោយឡែក ពីអាហារូបករណ៍របស់រដ្ឋាភិបាលតួកគី ចំនួន១៤នាក់ ដែលកំពុងសិក្សានៅប្រទេសតួកគី ក្នុងនោះ កម្រិតមហាវិទ្យាល័យម្នាក់ និងវិទ្យាល័យ១៣នាក់៕