(ស្វាយរៀង)៖ មានរឿងរ៉ាវគួរឱ្យហួសចិត្ត ព្រោះតែដើរកប្រពន្ធមិនឃើញ បុរសចិត្តភ្លើងម្នាក់ បានទាញកាប់ស្ត្រីវ័យចំណាស់ ដែលជាអ្នកជិតខាងម្នាក់បណ្តាលឱ្យស្លាប់ និងកាប់ក្មេងស្រីជំទង់ម្នាក់ឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦យប់ មានករណីឃាតកម្មបង្កឡើង ដោយជនសង្ស័យឈ្មោះ សេង ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានយកកាំបិតកាប់ទៅលើឈ្មោះ ហ៊ីង យ៉ឹម អាយុ៧៥ឆ្នាំ ភេទស្រី រសនៅភូមិជាមួយគ្នាត្រូវចំក ពីក្រោយបណ្ដាលឱ្យរងរបួសធ្ងន់ និងកាប់ទៅលើឈ្មោះ ប៉ែន រី អាយុ១៣ឆ្នាំ ភេទស្រី ត្រូវចំកំផ្លៀងខាងឆ្វេង និងចង្អុលដៃឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលជនសង្ស័យកាន់កាំបិតដើររកប្រពន្ធរួចដើរ មកចូលផ្ទះជនរងគ្រោះទាំង២នាក់ខាងលើ ហើយបានសួររកប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះឈ្មោះ ហ៊ីង យ៉ឹម បានឆ្លើយថា អញមិនឃើញទេរួច ជនល្មើសបានស្ទុះទៅដេញកាប់ ទៅលើជនរងគ្រោះទាំង២នាក់តែម្ដង (ជនរងគ្រោះយាយ និងចៅ)។

ពេលយកជនរងគ្រោះទាំង២នាក់ មកដល់មណ្ឌលសុខភាពដូង ជនរងគ្រោះ ឈ្មោះ ហ៊ីង យ៉ឹម បានស្លាប់ ចំណែកចៅស្រីបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តស្វាយរៀង រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕