(កណ្ដាល)៖ លោក ថោង ផល្លារង្ស៊ី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចឃុំខ្លួនក្រុមចោរឆក់ និងចោរគាស់ផ្ទះសរុបចំនួន៦នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយនគរបាលក្រុងតាខ្មៅ បង្ក្រាប និងបញ្ជូនទៅតុលាការនាពេលថ្មីៗកន្លងទៅនេះ។

គួរជម្រាបថា ក្រុមចោរឆក់មានគ្នា២នាក់ ក្នុងចំណោម៤នាក់ រីឯក្រុមចោរដើរគាស់ផ្ទះមានគ្នាចំនួន៤នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន បានសម្រេចក្រោមការដឹកនាំផ្ទាក់ដោយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល។

លោកអធិការក្រុងតាខ្មៅបានបញ្ជាក់ថា ខ្លួននឹងនៅតែបន្តរក្សាសន្តិសុខជូនពលរដ្ឋ និងតាមបង្ក្រាបករណីអសន្តិសុខសង្គម ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្រោមការបញ្ជាលោកស្នងការ ធ្វើយ៉ាងណាត្រូវអនុវត្តន៍ឱ្យបានយ៉ាងម៉ឺងម៉ាត់ និងល្អបំផុតសម្រាប់ពលរដ្ឋទូទាំងក្រុងតាខ្មៅ រស់នៅប្រកបដោយសុខដុមរមនា។

លោកអធិការក៏បានស្នើដល់ពលរដ្ឋក្រុងតាខ្មៅទាំងអស់ សូមចូលរួមផ្តល់ព័ត៌មានភ្លាមៗ មកកាន់ប៉ុស្តិ៍នគរបាល នៅក្នុងមូលដ្ឋាន បើសិនដឹងថា ទីណាមានករណីល្មើសច្បាប់ ឬភាពអសន្តិសុខណាមួយ ដើម្បីកម្លាំងរបស់លោកនឹងចុះទៅចាត់ការទាន់ពេលវេលា៕