(ភ្នំពេញ)៖ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី០៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន បានភពកំណើតក្នុងគ្រួសារត្រកូលកសិករតាមដងទន្លេមេគង្គក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានបិតានាម ហ៊ុន នាង និងមាតានាម ឌី ប៉ុក (អ្នកមានគុណទាំងពីរបានលាចាកលោកនេះទៅហើយ)។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ រួមមាន៖ លោក ហ៊ុន ឡុង ឬ ហ៊ុន សាន, លោក ហ៊ុន សេង/ហ៊ុន ណេង (បងប្រុសទី១ និងទី២), លោកស្រី ហ៊ុន សេងនី, លោកស្រី ហ៊ុន ស៊ីណាត និងលោកស្រី ហ៊ុន ប៊ុនធឿន។ លោកស្រីទាំង៣រូបជាប្អូនស្រី។

ឆ្នាំរោង តំណាងដោយសត្វនាគរាជ្យ សត្វមានអនុភាពអស់បណ្តាសត្វតំណាងឆ្នាំកំណើតទាំង១២ ដែលជាឆ្នាំសម្តេចតេជោ ហ៊ុន សែន ចាក់ឧទររបស់មាតានោះ មានទឹកជំនន់យ៉ាងធំថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបិតា និងមាតា ដាក់នាមកំណើតថា «ណាល់» ដើម្បីឱ្យជួននឹងនាមរបស់បិតា «នាង» និងនាមបងប្រុស «ណេង»។ ការដាក់នាម «ណាល់» ដោយសារពេលប្រសូតមកទារករូបនេះ មានសាច់ទ្រលុកទ្រលន់ ហើយទំនៀមទម្លាប់អ្នកជនបទពេលទារកណាសាច់ទ្រលុកទ្រលន់បែបនេះគេហៅថា «ណាល់»។

មិត្តអ្នកអាន និងទស្សនាអាចនឹងងឿងឆ្ងល់ថា ឈ្មោះកំណើត គឺ «ណាល់» ហេតុអ្វីបានជាបច្ចុប្បន្នមេដឹកនាំកម្ពុជារូបនេះ មានឈ្មោះ «សែន» ទៅវិញ។ ឈ្មោះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងពេលបម្រើការងារជាកងទ័ព ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួនពីខ្មាំងសត្រូវ។

នៅថ្ងៃ១៤ ខែមេសា ឆ្នាំ១៩៧០ ពេលដែលចូលរួមចលនាតស៊ូក្នុងព្រៃតាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលសេនាប្រមុខ លន់ នល់ និងប្រឆាំងកងទ័ពអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន បានប្តូរពីឈ្មោះ «ហ៊ុន បូណាល់» ទៅជា «ហ៊ុន សំរេច» តែឈ្មោះនេះ ក៏បានប្តូរម្តងទៀតនៅចុងឆ្នាំ១៩៧៤ គឺប្តូរពី «ហ៊ុន សំរេច» មកជា «ហ៊ុន សែន» ហើយប្រើជាប់មកដល់ពេលបច្ចុប្បន្ន។

សូមបញ្ចប់រឿងរ៉ាវនៃការផ្លាស់ប្តូរឈ្មោះ មកកាន់ដំណើរជីវិតរបស់កុលបុត្រកម្ពុជាដែលបានវិវឌ្ឍន៍ខ្លួនពីកូនកសិករ កូនទាហាន ទៅជាមេទ័ព ជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រីវិញម្តង។ កុមារា «ហ៊ុន បូណាល់» ជាក្មេងដែលស្រឡាញ់ការសិក្សារៀនសូត្រ និងបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សានៅឆ្នាំ១៩៦៥ ហើយត្រូវបានឃ្លាតឆ្ងាយស្រុកកំណើត អ្នកមានគុណ និងបងប្អូន មកសិក្សាបន្តថ្នាក់វិទ្យាល័យនៅវិទ្យាល័យឥន្ទ្រទេវី ដោយផ្ញើប្រាណជាមួយព្រះសង្ឃនៅវត្តនាគវន្តចន្លោះឆ្នាំ១៩៦៥-១៩៦៨។

សម្តេចតេជោ ហ៊ុន សែន មានឧត្តមភរិយានាម «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី» ដែលមានដើមថា «ប៊ុន សាំងហ៊ាង»។ ចំណងស្នេហ៍ដ៏ជ្រាលជ្រៅក្នុងយុវភាពរវាងកំលោះ «ហ៊ុន សំរេច» និងក្រមុំ «ប៊ុន សាំងហ៊ាង» បានកើតមានឡើងនៅចុងឆ្នាំ១៩៧៣ ក្នុងគ្រាដែលកំលោះក្រមុំមួយគូនេះ ជាយុទ្ធជន យុទ្ធនារីក្នុងចលនាតស៊ូរំដោះជាតិដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអង្គការអាវខ្មៅខ្មែរក្រហមរៀបចំអាពាហ៍ពិពាហ៍ជូននៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយគូស្រករ១២គូផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាគូទី១៣។ ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបអាវខ្មៅត្រូវបានរៀបចំយ៉ាងសោះកក្រោះជាទីបំផុតគ្មានឡើយឈុតសម្លៀកបំពាក់ប្រពៃណី គ្មានការបន្លឺសំឡេងភ្លេងការ គ្មានសាច់ញាតិ មិត្តភក្តិចូលរួមអបអរនោះឡើយ។ អ្នករៀបការទាំង១៣គូ ត្រូវបានរៀបចំឱ្យអង្គុយនៅនឹងតុតម្រៀបជួរគ្នា ដោយនារីអង្គុយមុខ ហើយបុរសជាគូអង្គុយខាងក្រោយ ។ អាពាហ៍ពិពាហ៍ត្រូវបានទទួលដឹងឮដោយគណៈអធិបតី១រូប និងគណៈចាត់តាំង១រូប។

បើទោះបីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងក្នុងបរិយាកាសដ៏សែនសោះកក្រោះយ៉ាងណាក្តី តែចំណងស្នេហ៍ដែលកប់ជ្រៅក្នុងក្រអៅបេះដូងធ្វើឱ្យចំណងអាពាហ៍ពិពាហ៍បានរក្សាជាអមតៈមកដល់ពេលបច្ចុប្បន្ន។ ខុសពីគូស្រករមួយចំនួនដែលត្រូវចាប់ផ្សំផ្គុំ និងបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ដោយអង្គការខ្មែរក្រហមនោះ ពួកគេត្រូវបង្ខំចិត្តចែកផ្លូវគ្នានៅពេលរបបមួយនេះត្រូវដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

មរតកនៃចំណងស្នេហ៍ដ៏ជ្រាលជ្រៅនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានបុត្រា និងបុត្រីចំនួន ៦រូបរួមមាន៖ ១. លោក ហ៊ុន កំសត់ (ស្លាប់ពេលកើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦), ២. លោក ហ៊ុន ម៉ាណែត (កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧), ៣. លោកស្រី ហ៊ុន ម៉ាណា (កើតនៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ១៩៨០), ៤. លោក ហ៊ុន ម៉ានិត (កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨១), ៥. លោក ហ៊ុន ម៉ានី (កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៨២) និងទី៦. លោកស្រី ហ៊ុន ម៉ាលី (កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៨៣)។

រឿងរ៉ាវស្នេហា និងជីវិតគ្រួសារក្នុងគ្រាជាតិកម្ពុជាមានកលិយុគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានរឿងរ៉ាវប្រៃល្វីងជូរចត់កម្សត់វេទនា និរាសព្រាត់ប្រាស់ច្រើនអនេកមិនអាចរៀបរាប់អស់នោះឡើយ ដែលមិនខុសពីជីវិតរបស់ប្រជាពលរដ្ឋខ្មែរដទៃទៀតប៉ុន្មាននោះឡើយ។

ឥឡូវយើងសូមស្លេះនូវសាវតារ ព្រមទាំងប្រវត្តិរឿងរ៉ាវជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយងាកទៅចាប់អារម្មណ៍ពីប្រវត្តិនៃការតស៊ូក្នុងការរំរំដោះជាតិ ការស្វះស្វែងរកសុខសន្តិភាព ការបញ្ចប់ភ្លើងសង្គ្រាម ការដឹកនាំ និងការប្រឹងប្រែងអភិវឌ្ឍន៍ជាតិកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជាក្នុងរយៈពេលប្រមាណជា ៤០ឆ្នាំចុងក្រោយនេះវិញម្តង។

នៅអំឡុងឆ្នាំ១៩៦៩ នៅពេលប្រទេសកម្ពុជាធ្លាក់ចូលក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរនោះ យុវជន ហ៊ុន បូណាល់ ក៏បានធ្វើដំណើរត្រឡប់ទៅរស់នៅជាមួយឪពុកម្តាយវិញ តែមិនមែនរស់នៅស្រុកស្ទឹងត្រង់ទៀតនោះទេ គឺទៅនៅស្រុកមេមត់វិញម្តង ព្រោះលោកឪពុកអ្នកម្តាយ បានផ្លាស់ប្តូរទៅរស់នៅ និងប្រកបមុខរបរនៅទីនោះ។ ការមកវិលត្រឡប់មករស់នៅក្នុងស្រុកមេមត់នេះ យុវជន ហ៊ុន បូណាល់ បានរកស៊ីជួញដូរអង្ករ ថ្នាំពេទ្យ និងទំនិញមួយចំនួនទៀតជាមួយវៀតកុង (កងទ័ពរំដោះវៀតណាមខាងជើង) ដែលរស់នៅលើទឹកដីកម្ពុជា។

យុវជន ហ៊ុន បូណាល់ ពេលនៅសិក្សាមានបំណងប្រាថ្នាចង់ត្រឹមធ្វើជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះ តែដោយសារតែប្រទេសជាតិបានធ្លាក់ចូលក្នុងវិបត្តិនៃការបែកបាក់សង្គ្រាមរាំងជល់នោះ យុវជនរូបនេះ ក៏ដូចជាយុវជនដទៃទៀតបានសម្រេចចិត្តចូលក្នុងចលនាតស៊ូរំដោះជាតិតាមព្រះរាជអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ក្រោយពេលព្រះអង្គត្រូវបានសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ ហ៊ុន បូណាល់ បានសម្រេចចិត្តចូលបម្រើកងទ័ពចលនាតស៊ូក្នុងព្រៃនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ ដែលកាលបរិច្ឆេទនេះហើយ ត្រូវបានកំណត់ជាថ្ងៃកំណើតទី២ ហើយក៏ជាពេលផ្លាស់ប្តូរឈ្មោះពី ហ៊ុន បូណាល់ មក ហ៊ុន សំរេច ហើយក្រោយមកនៅអំឡុងឆ្នាំ១៩៧៤ ក៏បានប្តូរមកជា​ ហ៊ុន សែន ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។

ក្នុងពេលបម្រើការងារជាកងទ័ពតស៊ូក្នុងព្រៃនេះ ដោយសារតែភាពឆ្លាតវៃរបស់ខ្លួនសមមិត្ត ហ៊ុន សំេរច ទទួលបានការទុកចិត្តថ្នាក់ដឹកនាំកងទ័ពតស៊ូ និងបានវិវឌ្ឍន៍ខ្លួនពីកូនទាហានតូចតាចទៅជាមេបញ្ជាការមួយរូបមានប្រជាប្រិយភាពផងដែរ។ លើសមរភូមិមេបញ្ជាការ ហ៊ុន សម្រេច រួមនឹងយុទ្ធជនរួមអាវុធដទៃទៀត បានប្រកៀកស្មាគ្នាប្រយុទ្ធយ៉ាងស្រួចស្រាវជាមួយកងទ័ពអាមេរិក និងកងទ័ពនៃរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់។

បន្ទាប់ពីការតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំទីបំផុតកងទ័ពសាធារណរដ្ឋត្រូវអស់បង្អែកក្រោយសហរដ្ឋអាមេរិកសម្រេចិត្តដកខ្លួនចេញពីសមរភូមិសង្គ្រាមនៅឥណ្ឌូចិន ហើយក៏ត្រូវបានចាញ់ក្នុងសមរភូមិសង្គ្រាម រាជធានីភ្នំពេញ ក៏ត្រូវបានធ្លាក់ចូលក្នុងដៃរបស់កងទ័ពតស៊ូនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ តែជាអកុសលនៅពេលសង្គ្រាមតស៊ូជាច្រើនឆ្នាំជិតនឹងទទួលបានជោគជ័យទៅហើយ ពោលនៅមុនមួយថ្ងៃនៃជ័យវាយកាន់កាប់រាជធានីភ្នំពេញ គឺថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ យុទ្ធជន ហ៊ុន សំរេច បានរងរបួសភ្នែកខាងឆ្វេងដោយសារអំបែងគ្រាប់កាំភ្លើងធំក្នុងសមរភូមិសង្គ្រាមនៅក្នុងខេត្តកំពង់ចាម ហើយបណ្តាលឱ្យពិការមកដល់ពេលបច្ចុប្បន្ននេះ។

ជោគជ័យ១៧ មេសា ឆ្នាំ១៩៧៥ ជាក្តីរីករាយមួយសម្រាប់កងទ័ពតស៊ូ តែសម្រាប់យុទ្ធជន ហ៊ុន សម្រេច មិនបានសប្បាយរីករាយជាមួយជ័យជម្នះនេះឡើយ ដ្បិតអីត្រូវរងរបួសពិការភ្នែកម្ខាងទៅហើយ។ ការរងរបួសមុនថ្ងៃទទួលជ័យជម្នះរបស់កងទ័ពតស៊ូ រហូតពិការភ្នែករបស់យុទ្ធជន ហ៊ុន សំរេច ហាក់បានបង្ហាញជាប្រផ្នូលមិនល្អមួយសម្រាប់អ្នកតស៊ូក្នុងព្រៃទាំងអស់ និងប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ។

ចលនាតស៊ូរំដោះយកទីក្រុងភ្នំពេញក្រោមទង់ដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៧ ខែមេសា ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកតស៊ូផងដែរថា សង្គ្រាមនៅកម្ពុជានឹងត្រូវបានបញ្ចប់ ហើជំនួសមកវិញដោយភាពសុខសាន្តដែលជាបំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជានាពេលនោះ។ ផ្ទុយទៅវិញថ្ងៃជ័យជម្នះនេះបានប្រែក្លាយទៅជាសុបិនយ៉ាងអាក្រក់សម្រាប់ប្រជាពលរដ្ឋ និងមេដឹកនាំចលនាតស៊ូមួយចំនួន។

ក្រោយវាយដណ្តើមកាន់កាប់រាជធានីភ្នំពេញ ក្រុមមេដឹកនាំកំពូលនៃរបបខ្មែរក្រហម មានដូចជា ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី ជាដើមនោះ បានរួមគ្នារៀបចំកិច្ចកល ដើម្បីក្តោបក្តាប់អំណាច​ ដោយបានសម្លាប់មេដឹកនាំចលនាតស៊ូមួយចំនួន ចាប់សម្តេច នរោត្តម សីហនុ និងព្រះញាតិវង្ស ឃុំក្នុងព្រះបរមរាជវាំង បង្ខំប្រជាពលរដ្ឋចេញពីផ្ទះសម្បែង និងធ្វើការយ៉ាងទារុណជាទីបំផុត។

ជំងឺសង្ស័យច្រើន និងការបារម្ភបាត់បង់អំណាចរបស់ខ្លួនផងនោះ បានបង្ខំឱ្យមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យសម្លាប់រង្គាលអ្នកតស៊ូ កម្មាភិបាល និងប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនក្រោមការចោទប្រកាន់ជាជនក្បត់។ ក្រោមការដឹកនាំរបស់ ប៉ុល ពត និងបក្ខពួករយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាពលរដ្ឋខ្មែរច្រើនជាង ២លាននាក់ ត្រូវបានសម្លាប់ និងស្លាប់ដោយជំងឺ ការធ្វើពលកម្មហួសប្រមាណ និងការអត់ឃ្លាន។

ដោយសារតែការមិនអាចអត់ទ្រាំមើលនូវទារុណកម្ម ការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរបាននោះ សមមិត្ត ហ៊ុន សែន រួមនឹងយុទ្ធមិត្ត៤រូបផ្សេងទៀត បានសម្រេចចិត្តភៀសខ្លួនចូលទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ក្នុងបំណងស្វែងរកការគាំទ្រពីវៀតណាម ដើម្បីវាយប្តួលរំលំរបបខ្មែរក្រហម។

ការចាកឆ្ងាយប្រទេសកំណើតទាំងប្រថុយប្រថាន និងផ្សងគ្រោះថ្នាក់ជាច្រើន ដើម្បីធ្វើចលនារំដោះប្រទេស និងប្រជាជនចេញវាលពិឃាតនាពេលនោះ គឺជាពេលវេលាដ៏សែនលំបាក និងសោកសៅជាទីបំផុតសម្រាប់សមមិត្ត ហ៊ុន សែន បើធៀបនឹងការនឹងការត្រូវឃ្លាតចាកឆ្ងាយស្រុកកំណើត ដើម្បីស្វែងរកវិជ្ជាពីកុមារភាពក្នុងឆ្នាំ១៩៦៥នោះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការចាកចេញពីប្រទេសនាពេលនោះ មិនដឹងថា មានជីវិតវិលត្រឡប់មករកភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ដែលមានអាយុទើប៥ខែឬយ៉ាងណា? ដ្បិតការឆ្លងដែននាពេលនោះត្រូវយកជីវិតផ្សងគ្រោះថ្នាក់ដើរកាត់ចំការមីន ដែលរាយនៅតាមព្រំដែនកម្ពុជា និងវៀតណាម។ អាចត្រូវវៀតណាមចាប់ដាក់គុក ឬចាប់បញ្ជូនមករដ្ឋាភិបាលរបស់ ប៉ុល ពត វិញ ដែលសុទ្ធតែជាការប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។

អាចចាត់ទុកថាទេវតាអានិតអាសូរដល់ជីវិតប្រជាពលរដ្ឋខ្មែរ បានបន្ទន់ចិត្តកម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម ឱ្យទន់ចិត្តស្តាប់នូវការពន្យល់ ក៏ដូចជាបំណងរបស់សមមិត្ត ហ៊ុន សែន ស្របនឹងគោលដៅរដ្ឋាភិបាលវៀតណាម ដែលចង់វាយផ្តួលរំលំកងទ័ពខ្មែរក្រហមតែងតែបង្កសង្គ្រាមជាមួយខ្លួនដែរនោះ។ ទីបំផុតរដ្ឋាភិបាលវៀតណាម បានព្រមជួយសមមិត្ត ហ៊ុន សែន និងចលនាខ្មែរតស៊ូដទៃទៀត ដឹកនាំដោយសមមិត្ត ជា ស៊ីម និងសមមិត្ត ហេង សំរិន ជាដើមនោះ បង្កើតអង្គការចលានតស៊ូមួយឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ។

ក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» និងជំនួយពីកងទ័ពរបស់វៀតណាមផងនោះ កងទ័ពតស៊ូរបស់ខ្មែរដឹកនាំដោយសមមិត្ត ជា ស៊ី សមមិត្ត ហេង សំរិន និងសមមិត្ត ហ៊ុន សែន បានប្រយុទ្ធវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត យ៉ាងស្រួចស្រាវ រហូតដណ្តើមបានជ័យជម្នះ និងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ជ័យជម្នះថ្ងៃ៧ មករា ជាជោគជ័យប្រវត្តិសាស្ត្រ ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជីវិតរបស់ពួកគេត្រូវបានស្រោចស្រង់ចេញពីរណ្តៅមរណា។ ប្រជាពលរដ្ឋខ្មែរដែលតែងតែបន់ព្រះសំពះទេវតាស្វែងរកការជួយសង្គ្រោះជីវិតរបស់ខ្លួនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រៀបប្រដូចថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីររបស់ខ្លួន។

ក្រោយថ្ងៃរំដោះរបបថ្មីមួយ គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើងឡើងដឹកនាំដោយឥស្សរជនដែលជាមេចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ។ នៅថ្ងៃទី០៨ មករា សមមិត្ត ហេង សំរិន បានតែងតាំងជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា សមមិត្ត ប៉ែន សុវណ្ណ ជាអនុប្រធាន និងជារដ្ឋមន្ត្រីការពារជាតិ។ ខណៈសមមិត្ត ហ៊ុន សែន ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យប្រមាណ ២៧ឆ្នាំ ដែលជារដ្ឋមន្ត្រីមានវ័យក្មេងជាងគេបំផុតលើពិភពលោក។

ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសដែលមិនធ្លាប់មានចំណេះជំនាញលើការងារនេះជារឿងដ៏លំបាកមួយសម្រាប់ សមមិត្ត ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា សម្តេចទទួលយកតួនាទីនេះទាំងទើសទាល់ដោយសារមិនមានជំនាញ និងពិសោធន៍លើការងារនេះ តែដោយសារឆន្ទៈយុវជនបានជំរុញសម្តេចឱ្យបំពេញលើការងារប្រកបដោយជោគជ័យ និងមោទនភាពផងដែរ។

ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការបរទេសផងអស់រយៈពេលប្រមាណជា ៦ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជំនួសលោក ចាន់ ស៊ី ដែលបានទទួលមរណភាពដោយសារមហារីកគ្រាប់ឈាម។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា សម្តេចមិនអាចទទួលតំណែងនេះបានឡើយប្រសិនបើគ្មានការគាំទ្រពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជាពិសេសសម្តេច ហេង សំរិន សម្តេច ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធ ជាដើមនោះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា សម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ដោយសម្តេចទទួលបានសំឡេងគាំទ្រ១០០ភាគរយ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ និងគ្មានសន្លឹកមោឃៈនោះឡើយ។

ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយបន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាន់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។ ពាក្យពេចន៍ប្តេជ្ញាចិត្តរបស់សម្តេចតេជោ មួយឃ្លានេះ ត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយពេលឡើងកាន់តំណែងនេះមិនត្រឹមតែប្រឈមនឹងគ្រោះអត់ស្បៀងដែលត្រូវដោះស្រាយប៉ុណ្ណោះទេ តែនាយករដ្ឋមន្ត្រីរូបនេះនៅប្រឈមបញ្ហាជាច្រើនទៀត។ ការងារអាទិភាពចំនួន៤សំខាន់ដែលនាយករដ្ឋមន្ត្រីវ័យ៣៣រូបនេះ បានដាក់ចេញ ដើម្បីជាបន្ទាត់នយោបាយដឹកនាំរបស់ខ្លួន គឺការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាទាំង៤នេះត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅពីការគិតគូរក្នុងការស្តារប្រទេសឡើងវិញហើយនោះ នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវប្រឈមលើការមិនយល់គ្នាពីសេដ្ឋកិច្ចទីផ្សារនៅក្នុងជួរបក្ស ខណៈក្រុមខ្មែរដែលនៅសេសល់នៅតាមព្រំដែន ព្រមទាំងចលនាតស៊ូដទៃទៀត ធ្វើសកម្មភាពវាយឆ្មក់ និងធ្វើសកម្មភាពផ្សេងៗប៉ងដណ្តើមកាន់កាប់ប្រទេសជាថ្មី។

បន្ថែមពីលើនោះពួកបស្ចិមប្រទេសមិនត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលរបស់សមមិត្ត ហ៊ុន សែន ប៉ុណ្ណោះទេ ពួកគេថែមទាំងមិនទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានៅអង្គការសហប្រជាជាតិថែមទៀតផង ហើយទទួលស្គាល់អាសនៈរបស់ខ្មែរក្រហមទៅវិញ។ ទោះមានបញ្ហាស្មុគស្មាញ និងចាក់ស្រេះយ៉ាងណាក្តី ដោយសារភាពសាមគ្គីយ៉ាងរឹងមាំរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានោះ ធ្វើឱ្យបញ្ហានេះត្រូវបានដោះស្រាយជាបន្តបន្ទាប់ដោយជោគជ័យ។

នៅឆ្នាំ១៩៨៦ ដោយសារបន្ទុកការងារកាន់តែច្រើន សមមិត្ត ហ៊ុន សែន បានបោះបង់មុខតំណែងជារដ្ឋមន្ត្រីការបរទេស ដោយផ្ទេរទៅឱ្យសមមិត្ត គង់ គាំ ជំនួសវិញ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការដឹកនាំក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនោះ។

ដ្បិតថាប្រទេសកម្ពុជាវាយផ្តួលរំលំរបបខ្មែរក្រហមឱ្យដួលរលំយ៉ាងណាក្តី តែកងកម្លាំងអង្គការចាត់តាំងរបស់ពួកគេមិនបានដួលរលំនោះឡើយ នៅតែប្រមូលផ្តុំតស៊ូនៅតាមជាយដែនខ្មែរថៃ និងតំបន់មួយចំនួនទៀត ដូចជានៅកំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យជាដើម។ ក្រៅពីនោះអាសនៈរបស់ពួកគេនៅតែទទួលស្គាល់ដោយអង្កការសហប្រជាជាតិ បន្ថែមពីលើនោះចលនាតស៊ូចំនួនពីរទៀត ដែលដឹកនាំសម្តេច នរោត្តម សីហនុ និងលោកតា សឺន សាន្ត តែងតែរិះរកគ្រប់វិធីទាំងការប្រើការប្រើកម្លាំងប្រដាប់អាវុធ និងការទូត ដើម្បីផ្តួលរំលំរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ដោយមើលឃើញថាការស្ថិតក្នុងស្ថាភាពសន្តិភាពផង និងសង្គ្រាមផង មិនអាចធ្វើឱ្យកម្ពុជាអាចមានការអភិវឌ្ឍ និងនាំក្តីសុខជូនប្រជាពលរដ្ឋ ហើយជាការគំរាមកំហែងដល់របបដឹកនាំរបស់ខ្លួនផងនោះ។ សមមិត្ត ហ៊ុន សែន ក៏បានកើតចិត្តចង់ស្វែងរកសុខសន្តិភាព ដោយបង្រួបបង្រួមគ្រប់ភាគីជម្លោះ។

នៅឆ្នាំ១៩៨៧ បន្ទាប់ពីមានចរន្តចរចាស្វែងរកសន្តិភាពជូនជាតិរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយក្រុមចលនាត្រីភាគីនោះ សមមិត្ត ហ៊ុន សែន បានទទួលយកតំណែងរដ្ឋមន្ត្រីការបរទេសមកកាន់កាប់វិញ ដើម្បីមានភាពងាយស្រួលក្នុងជួបចរចាជាមួយមេដឹកនាំរបស់ចលនាត្រីភាគី ដែលសម្តេច នរោត្តម សីហនុ ជាព្រះប្រធាននោះ។

ក្រោយពេលមានការឯកភាពពីកម្មាភិបាលជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសំណាក់វៀតណាមផងនោះ សមមិត្ត ហ៊ុន សែន បានចូលជួបចរចាជាលើកដំបូងជាមួយសម្តេច នរោត្តម សីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុងហ្វែរអង់តាដឺណ័រ (Fair Anta Denor) ប្រទេសបារាំង។ ក្នុងអំឡុងពេលចរចានេះ ក៏មានសភាពតានតឹងខ្លះផងដែរ ព្រោះពេលខ្លះមិនទទួលបានលទ្ធផលល្អប្រសើរ។

មានពេលមួយនោះនៅពេលចុះពីលើយន្តហោះភ្លាមសមមិត្ត ហ៊ុន សែន បានដកកាំភ្លើងខ្លីបាញ់ឡើងលើ ដើម្បីរំសាយកំហឹង។ ការបាញ់នេះ ក៏ដោយសារតែសមមិត្តខឹងគេមិនជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ធ្វើការឱ្យផង និងមានសភាពតានតឹងនៅក្នុងអារម្មណ៍ខ្លះផង បន្ទាប់ពីជិះយន្តមកពីចរចាជាមួយគូបដិបក្ខមិនទទួលបានលទ្ធផលល្អដូចបំណង ខណៈកម្មាភិបាលខ្លះនៅក្នុងជួបក្សប្រជាជនបដិវត្តន៍កម្ពុជសម្តែងការមិនពេញចិត្តចំពោះលទ្ធផលនោះ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា មានកម្លាំងសង្កត់៣ប្រកបដោយគ្រោះថ្នាក់បំផុត ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ និងអាចប៉ះពាល់ដល់អាយុជីវិតក្នុងពេលចរចានោះ។ កម្លាំងសង្កត់ទាំង៣នោះរួមមាន៖

១៖ មានមនុស្សតិចណាស់នៅផ្ទៃក្នុងបក្ស ដែលបានយល់ពីសេដ្ឋកិច្ចទីផ្សារ ហើយខ្វែងគំនិតគ្នាចំពោះការចរចា ព្រោះរដ្ឋមន្ត្រីការពារជាតិនាពេលនោះ មិនចង់ឱ្យមានការចរចា ដោយលើកឡើងថា ការចរចាអាចបំផ្លាញសមិទ្ធផលបដិវត្តន៍បាន។ ចំណុចនេះសម្តច បានប្តូររដ្ឋមន្ត្រីក្រសួងការពារជាតិចេញ ព្រមទាំងយកតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសមកកាន់វិញ។ នៅពេលនោះដែរ កម្មាភិបាលរបស់រដ្ឋាភិបាលស្គាល់តែសហករណ៍ និងស្គាល់តែក្រុមសាមគ្គី ដោយមិនចូលចិត្តវិស័យឯកជន និងទីផ្សារសេរីឡើយ ដែលធ្វើឱ្យសម្តេចប្រឈមមុខមួយដ៏ធំនៅផ្ទៃក្នុងបក្ស ដើម្បីកំណែទម្រង់នយោបាយមួយដ៏ធំ ដែលជំរុញប្រទេសឱ្យទៅរកទិសដៅសេដ្ឋកិច្ចផ្សារ ដោយយកផលប្រយោជន៍មូលដ្ឋានជាធំ។

២៖ ការធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ខណៈដែលកងទ័ពវៀតណាមប្រមាណ ១០ម៉ឺននាក់នៅប្រទេសកម្ពុជានៅឡើយ។ ក្នុងគ្រានោះ ប្រសិនបើវៀតណាម មិនយល់ព្រម គឺវៀតណាមអាចធ្វើបាបសម្តេច ប៉ុន្តែវៀតណាមមិនជំទាស់នោះឡើយ ហើយគោរពការសម្រេចរបស់ប្រជាជនកម្ពុជា។ ឯកងទ័ពវៀតណាមនៅកម្ពុជា គ្រាន់តែជួយទប់ស្កាត់ការវិលត្រឡប់របស់ខ្មែរក្រហមប៉ុណ្ណោះ។ នៅខែមករា ឆ្នាំ១៩៨៨ សម្តេចបានជួបអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម ដោយស្នើឱ្យវៀតណាមដកជំនាញការវៀតណាមចេញពីកម្ពុជា ហើយនៅខែមិថុនា ឆ្នាំដដែល វៀតណាមក៏ដកជំនាញការរបស់ខ្លួនទាំងអស់ចេញពីកម្ពុជា។

ទី៣៖ កម្ពុជានាពេលនោះ ទទួលជំនួយពីសហភាពសូវៀត (រុស្ស៉ី) ដែលជាប្រទេសប្រកាន់លទ្ធិសង្គមនិយម ហើយចង់ពង្រីកលទ្ធិនេះឱ្យមាននៅក្នុងប្រទេសកាន់តែច្រើនក្នុងពិភពលោក។ រីឯសម្តេច ដែលទទួលជំនួពីសហភាពសូវៀត និងប្រទេសអឺរ៉ុបខាងកើត បែរជាមិនចង់ធ្វើលទ្ធិនេះទៅវិញដែលប្រការនេះអាចនាំឱ្យសហភាពសូវៀត និងប្រទេសអឺរ៉ុបខាងកើតផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជា។ តែទោះជាយ៉ាងណាសម្តេចបានយកឈ្នះលើកម្លាំងសង្កត់ទាំង៣នេះ ហើយបន្តអនុវត្តន៍នយោបាយបង្រួបបង្រួមជាតិរបស់ខ្លួន។

ដើម្បីឱ្យស្របតាមបរិបទនយោបាយ សមាជិកសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់សមមិត្ត ហ៊ុន សែន បានប្តូរឈ្មោះទៅជា «រដ្ឋកម្ពុជា»វិញ នៅសម័យប្រជុំរដ្ឋសភានាថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ១៩៨៩។

ការចរចារវាងសម្តេច នរោត្តម សីហនុ និងសមមិត្ត ហ៊ុន សែន ត្រូវបានធ្វើឡើងជាញឹកញាប់ទាំងនៅអឺរ៉ុប និងអាស៊ី ទាំងក្នុងកិច្ចប្រជុំផ្លូវការ និងមិនផ្លូវការ ដូចជាកិច្ចប្រជុំក្រៅផ្លូវការនៅទីក្រុងហ្សាកាតាចំនួនពីរបីលើក ដែលភាសាអង់គ្លេសហៅថា (JIM Jakarta Informal Meeting)។ បើទោះបីកិច្ចចរចាមានសភាពតានតឹង និងផ្ទុះសង្គ្រាមសម្តីដាក់គ្នាច្រើនយ៉ាងណាក្តី តែទីបំផុតកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសកម្ពុជាត្រូវបានលេចចេញជារូបរាង។

ដោយមានការជំរុញពីសហគមន៍អន្តរជាតិ រួមទាំងឆន្ទៈរបស់ភាគីជម្លោះកម្ពុជាផងនោះ ភាគីទាំងអស់ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំងនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្នុងកិច្ចព្រមព្រៀងនោះ រួមមានប្រទេសចំនួន១៨ជាហត្ថលេខី ហើយមានចំណុចជាច្រើនត្រូវបានដោះស្រាយ។ ចំណុចសំខាន់ៗក្នុងកិច្ចព្រមព្រៀងនេះមានដូចជា៖ បញ្ឈប់ការបាញ់គ្នារវាងភាគីជម្លោះទាំងអស់, ដោះលែងអ្នកទោសនយោបាយពីពន្ធនាគារ, ដកកងទ័ពវៀតណាមចេញពីកម្ពុជាឱ្យអស់, រៀបចំការបោះឆ្នោតជាសកលដើម្បីជ្រើសរើសសភាធម្មនុញ្ញ, រៀបចំរដ្ឋាភិបាលថ្មី, រៀបចំធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងវត្តមានរបស់អង្គការសហប្រជាជាតិបណ្តោះអាសន្ននៅក្នុងប្រទេសកម្ពុជា ដែលហៅថា UNTAC ដែលហៅពេញថា «អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា»។

បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចមក អ្វីៗត្រូវបានអនុវត្តតាមផែនការ ដែលបានព្រមព្រៀងគ្នា ហើយទីបំផុតសមមិត្ត ហ៊ុន សែន ក៏បានយាងសម្តេចព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិន ចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។ នេះជាការយាងត្រឡប់លើកដំបូងរបស់ព្រះអង្គបន្ទាប់ពីបានយាងចាកចេញពីកម្ពុជានៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ មុនពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះវាយចូលកាន់កាប់រាជធានីភ្នំពេញ។

ការយាងនិវត្តន៍របស់សម្តេច នរោត្តម សីហនុ ត្រូវបានសមមិត្ត ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលរដ្ឋកម្ពុជា រៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ នៅតាមដងផ្លូវចាប់ពីអាកាសយានដ្ឋានរហូតដល់ព្រះបរមរាជវាំង សិស្ស និស្សិត និងប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី បានឈរតម្រៀបគ្នាជាជួរទាំងសងខាងផ្លូវ។ សមមិត្ត ហ៊ុន សែន និងសម្តេច នរោត្តម សីហនុ បានគង់ និងជិះលើរថយន្តតែមួយឈរទន្ទឹមគ្នាលើកព្រះហស្ថ និងដៃបក់ស្វាគមន៍ដោយក្តីរីករាយទៅកាន់ប្រជាពលរដ្ឋនៅតាមដងផ្លូវដ៏ច្រើនកុះករនោះ។

ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងនិវត្តន៍របស់សម្តេច នរោត្តម សីហនុ មកកាន់មាតុភូមិកម្ពុជាជាថ្មី គឺជាដំណើរវិវឌ្ឍន៍ដ៏ល្អប្រសើរនៅក្នុងឆាកនយោបាយរបស់កម្ពុជា និងជាក្តីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លាននូវពន្លឺសុខសន្តិភាពផងដែរ។ តែក៏មិនទាន់ឈានដល់បិទនូវទំព័រសករាជដ៏ខ្មៅងងឹតនៃជម្លោះនយោបាយកម្ពុជានោះដែរ។

នៅក្នុងដំណាក់កាលក្រោយមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ជាដំណាក់កាលរបត់នយោបាយថ្មីមួយទៀតរបស់កម្ពុជា ហើយក៏ជាព្រឹត្តិការណ៍សំខាន់មួយផងដែរនៃជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការយាងនិវត្តន៍របស់សម្តេច នរោត្តម សីហនុ បានក្លាយទៅជាវិញ្ញាសារនយោបាយថ្មីមួយទៀត សម្រាប់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ដើម្បីឡើយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលរដ្ឋកម្ពុជា និងគ្រប់គ្រងដែនដីស្ទើរតែទាំងស្រុងនោះ ត្រូវត្រៀមលក្ខណៈទប់ទល់តែជាមួយចលនាត្រីភាគីដែលដឹកនាំដោយសម្តេច នរោត្តម សីហនុ តែប៉ុណ្ណោះ។

ក៏ប៉ុន្តែនៅក្រោយពេលព្រមទទួលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងស្មារតីស្វះស្វែងរកសន្តិភាព និងការបង្រួបបង្រួមនោះ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន ត្រូវប្រឈមបញ្ហាធំៗចំនួនពីរ ទីមួយការប្រកួតប្រជែងអំណាចតាមបែបប្រជាធិបតេយ្យ គឺការបោះឆ្នោតជាមួយគណបក្ស ហ៊្វុន ស៉ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សសិរីនិយមបែបព្រះពុទ្ធសាសនារបស់លោកតា សឺន សាន និងគណបក្សនយោបាយមួយចំនួនទៀត ហើយបញ្ហាទី២ ត្រូវប្រឈមនឹងកម្លាំងរបស់ ប៉ុល ពត នៅតាមព្រំដែន ដែលមិនព្រមចុះចូលតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ។

បញ្ហាទាំងពីរ គឺសុទ្ធតែអាចធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ប្រឈមការបាត់បង់អំណាចពីក្នុងដៃដែលខ្លួនបានគ្រប់គ្រងជាង ១០ឆ្នាំរួចមកហើយក្រោយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ជាពិសេសការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច ក្រោមព្រះនិមិត្តរូបរបស់សម្តេច នរោត្តម សីហនុ មានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរ ហើយគណបក្សប្រជាជនកម្ពុជា មិនធ្លាប់មានបទពិសោធន៍ទាល់តែសោះក្នុងការប្រកួតប្រជែងលើសង្វៀនប្រជាធិបតេយ្យនេះ។

ភាពស្មុគស្មាញ និងផលលំបាកមុនពេលបោះឆ្នោតជាការប្រឈមដ៏ខ្លាំងមួយទៅហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន ចំពោះមុខនៃការទទួលខុសត្រូវនៅក្នុងបក្ស ក្នុងនាមជាអ្នកផ្តួចផ្តើមរកការចរចា និងឈានដល់ការបោះឆ្នោតនេះ។ តែលទ្ធផលបោះឆ្នោតលើកដំបូងថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានត្រឹមតែ ៥១អាសនៈ ចាញ់គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៧អាសនៈ បានក្លាយទៅជាសម្ពាធដ៏ខ្លាំងមួយទៀតសម្រាប់អ្នកចរចាជាមួយត្រីភាគីរូបនេះ។

លទ្ធផលចាញ់ឆ្នោតនេះនាំឱ្យសម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមមុខជាខ្លាំងជាមួយផ្ទៃក្នុងបក្សរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាប់ខ្លួននៅថ្ងៃ០២ ខែមិថុនា ក្នុងឆ្នាំ១៩៩៣ ពេលកំពុងធ្វើដំណើរលើដងផ្លូវដោយមានតែអ្នកបើកបរ និងអង្គរក្ស ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។ ការចាប់ខ្លួននេះ ព្រោះតែសម្តេច ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់នៃរបបចាស់ គឺរដ្ឋកម្ពុជាទទួលយកលទ្ធផលបោះឆ្នោត ដើម្បីរក្សាបាននូវសុខសន្តិភាព។ ការទទួលយកលទ្ធផលបោះឆ្នោតនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាត្រូវបាត់បង់ការគ្រប់គ្រងអំណាចរដ្ឋ ដូច្នេះហើយទើបមានការបដិសេធទទួលយកលទ្ធផលបោះឆ្នោត និងឈានទៅចាប់ខ្លួនសម្តេចតេជោតែម្តង។

ដើម្បីបញ្ចៀសបញ្ហាផ្ទៃក្នុងរបស់បក្ស និងការបង្ហូរឈាមណាមួយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយទុកឱ្យសភានៃរដ្ឋកម្ពុជាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសសម្តេច។ តែបំណងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះត្រូវបានបដិសេធយ៉ាងដាច់អហង្ការពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលកាលនោះជាមេទ័ពដ៏ស្ម័គ្រស្មោះនឹងសម្តេចតេជោ។

ក្រោយមានការបដិសេធពីមេទ័ពស្ម័គ្រស្មោះទាំងពីររូបនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋកម្ពុជានាពេលនោះ ក៏បានពិចារណា និងសម្របសម្រួលផ្ទៃក្នុងរបស់ខ្លួន។ ដោយភាគីគណបក្សប្រជាជនកម្ពុជា មិនព្រមទទួលយកលទ្ធផលបោះឆ្នោតនេះ វិបត្តិក៏បានកើតមានជាថ្មីសម្រាប់កម្ពុជា ដោយមិនអាច​បង្កើតរាជរដ្ឋាភិបាលដឹកនាំប្រទេសបាននោះឡើយ។

តែដោយសារព្រះរាជតម្រិះ និងព្រះបញ្ញាញាណរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏មានការចរចាគ្នាមួយរវាងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ហើយឈានទៅបង្កើតរាជរដ្ឋាភិបាលចម្រុះមួយដឹកនាំដោយសហនាយរដ្ឋមន្ត្រី ដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១​ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ និងបែងចែកការដឹកនាំនៅតាមក្រសួងស្ថាប័នរបស់រដ្ឋ។ ត្រង់ចំណុចនេះ ត្រូវបានគេវាយតម្លៃខ្ពស់ពីភាពទន់ភ្លន់ និងបត់បែនរបស់អ្នកនយោបាយកម្ពុជាក្នុងបញ្ចប់នូវវិបត្តិជាប់គាំងផ្នែកនយោបាយ។

បន្ទាប់ពីការជាប់គាំងនយោបាយអស់ជាច្រើនខែទីបំផុតទៅសភាជាតិនីតិកាលទីមួយ ក៏ត្រូវបានកោះប្រជុំជាលើកដំបូងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ក្រោមព្រះអធិបតីភាពសម្តេច នរោត្តម សីហនុ ហើយកម្ពុជា ក៏ត្រូវបានដាក់ឈ្មោះជា «ព្រះរាជាណាចក្រកម្ពុជា» ជាថ្មី។ នៅក្នុងកិច្ចប្រជុំនោះ ក៏បានសម្រេចប្រគល់ព្រះរាជតំណែងជាព្រះមហាក្សត្រ និងជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាថ្វាយសម្តេចព្រះ នរោត្តម សីហនុ ហើយនេះក៏ជាការរស់រានជាថ្មីនៃរបបរាជានិយមក្រោយការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០នោះ។

សភានីតិកាលទី១នេះ មានលោកតា សឺន សាន ប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ជាប្រធានរដ្ឋសភា ហើយសម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ជាអនុប្រធាន។ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលបានហើយ ដំណើរការនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងរបៀបថ្មី និងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមានសហនាយករដ្ឋមន្ត្រី ក៏បានដំណើរការទៅមុខតែមិនបានស្រួលនោះឡើយ ពោលតែងមានទំនាស់ និងការខ្វែងគំនិតរវាងនាយករដ្ឋមន្ត្រីទាំងពីរលើការងារមួយចំនួន ហើយនៅតាមក្រសួងស្ថាប័នរបស់រដ្ឋ ដែលមានការដឹកនាំមកពីបក្សទាំងពីរក៏មានភាពរកាំរកូសទំនាស់ផ្នែកគំនិតនឹងគ្នាជាហូរហែ។

ក្នុងដំណាក់កាលនេះសម្តេចតេជោ ហ៊ុន សែន ត្រូវរងសម្ពាធធំៗចំនួនពីរសំខាន់ទៀត គឺត្រូវប្រឹងប្រែងទប់នឹងការប្រកួតប្រជែងអំណាចក្នុងការដឹកនាំរដ្ឋជាមួយនាយករដ្ឋមន្ត្រីទី១ ហើយមួយវិញទៀត គឺត្រូវប្រឹងប្រែងទប់ទល់ជាមួយកងកម្លាំងខ្មែរក្រហមនៅតាមបន្ទាត់ព្រំដែន ដែលតែងតែបង្កការអុកឡុកជាប់ជានិច្ច។

ក្នុងដំណាក់កាលនៃការប្រកួតប្រជែងអំណាចរវាងនាយករដ្ឋមន្ត្រីទី១ និងទី២ បានបង្កើតឱ្យព្រឹត្តិការណ៍គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើនករណី។ ដូចជានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៤ មានគម្រោងធ្វើរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីតំណែង និងចាប់ខ្លួនទៅឃុំនៅខេត្តព្រៃវែង។

គម្រោងធ្វើរដ្ឋប្រហារនេះ ត្រូវបានរៀបចំឡើងដោយឡើងដោយ លោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ស៊ិន សេន អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំងកម្លាំងប្រដាប់អាវុធមួយចំនួន។ តែផែនការនេះត្រូវបានបរាជ័យ ព្រោះសម្តេចតេជោ ហ៊ុន សែន បានដឹងផែនការមុន ហើយបានបញ្ជាឱ្យចាប់ខ្លួនមេប៉ុនប៉ងធ្វើរដ្ឋប្រហារទាំងនេះ។

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦ លោក កូវ សាមុត មន្ត្រីនគរបាល ស្វាមីប្អូនស្រីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងជាប្អូនថ្លៃប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេបាញ់សម្លាប់នៅមុខភោជនីយដ្ឋានបឹងកេងកង កណ្តាលរាជធានីភ្នំពេញ។

គម្រោងធ្វើរដ្ឋប្រហារជាថ្មីម្តងទៀតត្រូវបានរៀបចំឡើងនៅក្នុងខែកក្កដា ឆ្នាំ១៩៩៧។ គម្រោងរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីទី១ម្តងនេះ ត្រូវបានរៀបចំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយមានកិច្ចសហការជាមួយកងកម្លាំងខ្មែរក្រហមនៅតំបន់អន្លង់វែង ក្រោមការដឹកនាំរបស់លោក ញឹក ប៊ុនឆៃ។ គម្រោងរដ្ឋប្រហារនេះ ត្រូវបានលោកឧត្តមសេនីយ៍ ម៉ុល រឿប ប្រធានអង្គភាពចរាកម្មដែលស្មោះត្រង់នឹងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គេមានគោលដៅសម្លាប់សម្តេចតេជោ ហ៊ុន សែន ដោយប្រើកម្លាំងប្រដាប់អាវុធវាយគ្រប់ទិស ហើយតាមការគ្រោងទុករបស់ពួកគេ គឺចង់វាយលុកមួយសម្លាប់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩៧។

តែគម្រោងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានដឹងមុន ហើយប្រុងជើងការទុកជាមុន ទីបំផុតការប៉ះទង្គិចគ្នាបានកើតមានឡើងនៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។ ការប៉ះអង្គិចដែលគេហៅថា «សង្គ្រាមមួយចំអិនកំពិស» នេះ ធ្វើកងកម្លាំងរបស់សម្តេចក្រុមព្រះបរាជ័យ និងរត់ខ្ចាត់ខ្ចាយ ខណៈដែលសម្តេចក្រុមព្រះ បានយាងព្រះកាយចេញពីប្រទេសមុនការផ្ទុះអាវុធពីរថ្ងៃ។

ក្រោយពេលមានការប៉ះទង្គិចនោះ ដើម្បីធានាដល់ដំណើរការរបស់រដ្ឋលោក អ៉ឹង ហួត រដ្ឋមន្ត្រីក្រសួងការបរទេសមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានសមាជិកសភាទរៀបចំសម្របសម្រួល និងស្នើឱ្យឡើងមកធ្វើជានាយករដ្ឋមន្ត្រីទី១ ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

បើទោះបីមានការប៉ុនប៉ងផ្តាច់ផ្តិលជីវិតរបស់សម្តេចយ៉ាងណាក៏ដោយ តែក្រោមស្មារតីផ្សះផ្សារជាតិ និងចង់នាំមកនូវការបង្រួបបង្រួមជាតិ ដោយមានការអន្តរាគមន៍ពីប្រទេសជាមិត្តផងនោះ ចុងក្រោយទៅសម្តេចតេជោ ហ៊ុន សែន ដែលជាកុលបុត្រខ្មែរតែងមានដួងចិត្តមេត្តាធម៌នោះ ក៏បានបើកផ្លូវឱ្យសម្តេចក្រុមព្រះ និងអ្នកនយោបាយបក្សហ៊្វុនស៊ិនប៉ិច ទទួលបានឱកាសចូលមកក្នុងប្រទេសវិញ។

សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះរាជលិខិតសូមព្រះរាជទានលើកលែងទោសដល់សម្តេចក្រុមព្រះ និងអ្នកនយោបាយដទៃទៀត ហើយទាំងសម្តេចក្រុមព្រះ និងអ្នកនយោបាយទាំងនោះ បានយាង និងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនៅក្នុងខែមីនា ឆ្នាំ១៩៩៨។ បន្ទាប់ពីការបើកផ្លូវឱ្យសម្តេចក្រុមព្រះ និងអ្នកនយោបាយបានវិលត្រឡប់ចូលប្រទេសវិញ ស្ថានការណ៍យោបាយក៏បានវិលត្រឡប់ទៅស្ថានភាពល្អប្រសើរ។ តែដោយសារតែឆ្នាំ១៩៩៨ ជាពេលវេលាកំណត់រៀបចំការបោះឆ្នោតអាណត្តិទី២នោះ ដូច្នេះវោហារសាស្ត្រនយោបាយ ដើម្បីស្វែងរកសំឡេងឆ្នោតក៏បានផ្ទុះឡើងជាថ្មី។

តែអ្វីជាការកត់សម្គាល់នោះ ការបោះឆ្នោតអាណត្តិទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រេះឆា និងបែកខ្ញែកផ្ទៃក្នុង។ មន្ត្រីក្នុងបក្សនេះជាច្រើនរូបបានទៅបង្កើតគណបក្សថ្មី។ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតនេះ ទាំងសម្តេចក្រុមព្រះ និងលោក សម រង្ស៉ី បានធ្វើការឃោសនាដោយយកប្រធានបទរឿងអធិបតេយ្យភាពទឹកដីជាមួយប្រទេសវៀតណាមជាគោល ដូចជាការវាយស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ការលុបកិច្ចព្រមព្រៀងព្រំដែន និងការដណ្តើមយកទឹកដីខ្មែរកម្ពុជាក្រោមជាដើម។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានគណបក្សនយោបាយចំនួន៣មានភាពលេចធ្លោរ គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៉ី។ ទីបំផុតទៅកាលបរិច្ឆេទនៃការបោះឆ្នោតអាណត្តិទី២ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងបានឈានចូលមកដល់នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ដោយមានគណបក្សនយោបាយចំនួន ៣៩ចូលរួមប្រកួតប្រជែង។

ការបោះឆ្នោតនេះមានគណបក្សនយោបាយតែ៣ប៉ុណ្ណោះទទួលបានអាសនៈរួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៤អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៤៣អាសនៈ និងគណបក្សសមរង្ស៉ី ទទួលបាន ១៥អាសនៈ។ លទ្ធផលឆ្នោតនេះ បានធ្វើឱ្យមានភាពជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី ព្រោះច្បាប់បោះឆ្នោតបានចែងថាគណបក្សនយោបាយដែលអាចដឹកនាំរាជរដ្ឋាភិបាលបានត្រូវមានអាសនៈពីរភាគបីនៅក្នុងរដ្ឋសភា។

លទ្ធផលនេះបានធ្វើឱ្យមានការជាប់គាំងក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មីអស់ជាច្រើនខែ ហើយគណបក្សហ៊្វុនស៊ិនប៉ិច និងសម រង្ស៉ី តែងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ទន្ទឹមជាមួយនឹងស្ថានការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត នៅដើមខែកញ្ញា ឆ្នាំ១៩៩៨ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ខេត្តសៀម ដើម្បីចូលគាល់សម្តេច នរោត្តម សីហនុ ស្វែងរកដំណោះស្រាយនយោបាយនោះ នៅឯរាជធានីភ្នំពេញ ក៏មានការគប់គ្រាប់បែបចូលផ្ទះរបស់សម្តេចនៅក្បែរវិមានឯករាជ្យ។ ក្រោយមានព្រឹត្តិការណ៍នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកងកម្លាំងនគរបាលឱ្យបំបែកហ្វូងអ្នកធ្វើបាតុកម្មដែលបានបោះតង់នៅមុខអតីតវិមានរដ្ឋសភាលើវាលហង្សផងដែរ។

បន្ទាប់ពីការជាប់គាំងផ្នែកនយោបាយ និងការធ្វើបាតុកម្មអស់ជាច្រើនខែមកនោះ ទីបំផុតក្រោមព្រះរាជអន្តរាគមន៍សម្របសម្រួលពីសម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះប្រមុខរដ្ឋ និងជាព្រះមហាក្សត្រនាពេលនោះ គណបក្សនយោបាយទាំងបីបានព្រមព្រៀងចូលធ្វើសច្ចាប្រណិធានជាលើកដំបូង នៅឯខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ក្នុងពេលធ្វើដំណើរចូលគាល់សម្តេចព្រះ នរោត្តម សីហនុ ដើម្បីចូលរួមសច្ចាប្រណិធានជាមអ្នកតំណាងរាស្ត្រទាំងអស់នោះ មានហេតុការណ៍លបវាយប្រហារប៉ុនប៉ងផ្តាច់ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន មួយទៀត។ ហេតុការណ៍នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅវេលាម៉ោង៨៖៥២នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែតបេ៤០ មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តសម្តេច តែមិនបានត្រូវរថយន្តសម្តេចទេ។ ជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាងផ្លូវធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ប្រសិនបើពេលនោះ គ្រាប់បេ៤០ ទាំង៤គ្រាប់ ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះ មិនមានភ្លៀងធំស្ទើរបាក់មេឃ ដែលធ្វើឲ្យខ្សែភ្លើងបញ្ជារគ្រាប់ទាំងនេះ ឆ្លងទឹក គឺប្រហែលជីវិតសម្តេច ត្រូវចប់តាំងពីពេលនោះ។ បើទោះបីជាយ៉ាងណា សម្តេចបានបញ្ជាក់ថា បានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់សម្តេចនៅខេត្តសៀមរាបរួចហើយ បើទោះបីសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយនោះ។

ទាក់ទិននឹងការបំផ្ទុះគ្រាប់បេ៤០នេះ កាលនោះក្រុមចារកម្មរបស់កងយោធពលខេមរភូមិន្ទ បានរកឃើញ និងចោទប្រកាន់លោក សុខ យឿន អាយុ ៦៣ឆ្នាំ ដែលជាសកម្មជនគណបក្ស សម រង្ស៉ី ជាអ្នកពាក់ព័ន្ធ។ ជននេះក៏បានរត់គេចខ្លួនទៅក្នុងទឹកដីថៃ ហើយក៏ត្រូវបានអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារផងដែរ។

សូមគូសរំលឹកផងដែរថា បើទោះបីមានពិធីសច្ចាប្រណិធាននៅក្រុងសៀមរាបអង្គរយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែមិនអាចបង្កើតបាននោះឡើយ។ ក្រោមព្រះរាជកិច្ចអន្តរាគមន៍ និងការរិះរកយន្តការផ្សេងៗពីគណបក្សជាប់ឆ្នោត និងមិត្តភក្តិបរទេសផង ទើបរូបមន្តថ្មីមួយក្នុងបង្កើតរាជរដ្ឋាភិបាលត្រូវបានដាក់ចេញ។ នៅថ្ងៃថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្រោមព្រះរាជវត្តមានរបស់សម្តេច នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលថ្មីមួយក៏ត្រូវបានបង្កើតឡើង ដែលមានតែគណបក្សនយោបាយតែពីរប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងកិច្ចព្រមព្រៀងបង្កើតរាជរដ្ឋាភិបាលថ្មីនេះ មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយសម្តេចក្រុមព្រះ គឺជាព្រះប្រធានរដ្ឋសភា ខណៈសម្តេច ជា ស៊ីម ត្រូវបានជ្រើសតាំងជាប្រធានស្ថាប័នកំពូលថ្មីមួយ គឺព្រឹទ្ធសភា។ មន្ត្រីហ៊្វុនស៊ិនប៉ិច ក៏ត្រូវបានកាន់តំណែងខ្លះជារដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្នុងក្រសួងនានា កងកកម្លាំងប្រដាប់អាវុធទាំងយោធា និងនគរបាល ក៏ត្រូវបានបញ្ចូលគ្នាឡើងវិញ។ ប៉ុន្តែមិនមានសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការពារជាតិទៀតនោះឡើយ រដ្ឋមន្ត្រីក្រសួងទាំងពីរនេះ ត្រូវបានដឹកនាំដោយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា។

ការព្រមព្រៀងឈានដល់បង្កើតរាជរដ្ឋាភិបាលថ្មីនីតិកាលទី២នៃរដ្ឋសភានេះ ត្រូវបានគេអត្ថាធិប្បាយថាជាការនាំឱ្យលោក សម រង្ស៉ី ដែលកំពុងនៅទីក្រុងប៉ារីស ឈឺចិត្តស្អិតទ្រូងជាខ្លាំង ព្រោះការបង្កើតរាជរដ្ឋាភិបាលដោយលោកមិនបានដឹងឮ។ ជាពិសេសនោះ គឺសម្តេចក្រុមព្រះ បានក្បត់ពាក្យសន្យាជាមួយលោកពីគ្រាដើមថា «បើចូលគឺចូលទាំងអស់គ្នា បើមិនចូល គឺមិនចូលទាំងអស់គ្នា»។

ការបង្កើតបាននូវរាជរដ្ឋាភិបាលសម្រាប់អាណត្តិទី២នេះ អាចរាប់បានថា ជាការបិទបញ្ចប់នូវស្ថានភាព និងទំព័រខ្មៅនៃឆាកនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ ព្រោះរាប់ចាប់ពីឆ្នាំ១៩៩៨នេះទៅ ស្ថានការណ៍នយោបាយនៅកម្ពុជាលែងស្ថានភាពធ្ងន់ធ្ងរទៀតហើយ បើទោះបីនៅក្តៅខ្លះតែក៏មិនអាក្រក់ដូចមុនឆ្នាំ១៩៩៨នោះដែរ។

ក្នុងទសវត្សរ៍ឆ្នាំ១៩៩០នេះ ក្រៅតែស្ថានភាពនយោបាយក្នុងជួររាជរដ្ឋាភិបាលដែលបង្កជាព្យុះភ្លៀងខ្លាំងសម្រាប់ជីវិតនយោបាយរបស់សម្តេចតេជោ ហ៊ុន សែនរួចទៅ ស្ថានការណ៍ទ័ពព្រៃរបស់ខ្មែរក្រហម ដែលមិនចូលរួមបង្កើតរាជរដ្ឋាភិបាលតាមអំណាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ជារឿងរ៉ាវនាំឱ្យចាំអារម្មណ៍ខ្ពស់ក្នុងប្រវត្តិជីវិតនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។

កម្ពុជាមិនអាចមានការអភិវឌ្ឍទៅមុខរួចបាននោះឡើយ ដរាបណាកងទ័ពព្រៃរបស់ខ្មែរក្រហមនៅបន្តវត្តមាន។ ដ្បិតថាកងទ័ពខ្មែរក្រហមតែងតែបង្កការអុកឡុក និងរំខានរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងទសវត្សរ៍ឆ្នាំ៩០នោះ។ ដោយមើលឃើញពីបញ្ហានេះហើយទើបសម្តេចតេជោ ហ៊ុន សែន ក្នុងរាជរដ្ឋាភិបាលអាណត្តិទី១ បើទោះបីសម្តេចជានាយករដ្ឋមន្ត្រីទី២យ៉ាងណាក្តី តែសម្តេចតែងស្វះស្វែងរកលទ្ធភាពបញ្ចប់វត្តមានទ័ពព្រៃរបស់ខ្មែរក្រហម។

ដើម្បីបិទបញ្ចប់វត្តមានទ័ពព្រៃរបស់ខ្មែរក្រហមក្រៅតែពីការបង្កើនយុទ្ធសាស្ត្រប្រយុទ្ធដោយកម្លាំងប្រដាប់អាវុធហើយនោះ សម្តេចតេជោ ហ៊ុន សែន តែងតែបានដាក់ចេញនូវយុទ្ធសាស្ត្រចរចាជាមួយមេដឹកនាំខ្មែរក្រហមផងដែរ។ ក្រោយមកយុទ្ធសាស្ត្រក្នុងការបិទបញ្ចប់វត្តមានរបស់កងកម្លាំងខ្មែរក្រហមពីក្នុងព្រៃនេះ ត្រូវបានគេប្រសិទ្ធនាមជានយោបាយ «ឈ្នះ-ឈ្នះ»។

ផ្តើមចេញពីនយោបាយនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយសម្តេច នរោត្តម សីហនុ ដែលជាព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនាពេលនោះ ដើម្បីសូមព្រះរាជទានលើកលែងទោសឱ្យ អៀង សារី ដែលជាមេដឹកនាំខ្មែរក្រហមមួយរូបគ្រប់គ្រងនៅតំបន់ប៉ៃលិន សំឡូត និងម៉ាឡៃ។ ការស្នើសុំព្រះរាជទានលើកលែងទោសដល់ អៀង សារី ជាយុទ្ធសាស្ត្រមួយដើម្បីឱ្យ អៀង សារី ផ្តាច់ខ្លួនចេញពី ប៉ុល ពត ខៀវ សំផន នួន ជា សុន សេន និងតា ម៉ុក ដែលជាអ្នកគ្រប់គ្រងនៅតំបន់អន្លង់វែង និងព្រះវិហារ។

បន្ទាប់ពីទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រហើយនោះ ដើម្បីបង្កើនជំនឿចិត្តកាន់តែខ្លាំងសម្រាប់ អៀង សារី និងក្រុមខ្មែរក្រហមនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចហោះទៅកាន់តំបន់ប៉ៃលិន ដើម្បីជួបចរចាដោយផ្ទាល់ជាមួយ អៀង សារី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៦។

ដំណើរអញ្ជើញទៅតំបន់សត្រូវនៅប៉ៃលិននេះ ត្រូវបានគេចាត់ទុកជាការសម្រេចចិត្តមួយដ៏អង់អាចក្លាហាន និងប្រថុយនឹងគ្រោះថ្នាក់បំផុត ព្រោះការទៅតំបន់បៃ៉លិនប្រៀបបាននឹងចូលរូងខ្លា។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំឭកជាច្រើនលើកដំណើរទៅកាន់តំបន់ប៉ៃលិននេះ មាតា និងម្តាយធំជាទីស្រឡាញ់របស់សម្តេចបានឃាត់សម្តេចមិនឱ្យទៅកាន់តំបន់ខ្មែរក្រហមឡើយ។

តបនឹងការហាមឃាត់នេះ សម្តេចបានជម្រាបមាតា និងម្តាយធំសម្តេចថា៖ «បើខ្ញុំចូលទៅ ស្លាប់ គឺស្លាប់តែម្នាក់ឯង ប៉ុន្តែបើបានជោគជ័យគឺយើងនឹងទទួលបានផែនដីទាំងមូល»។ ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់តំបន់ប៉ៃលិន បានបង្កើននូវទំនុកចិត្តដល់ អៀង សារី និងខ្មែរក្រហមនៅក្រោមឱវាទ ហើយឈានដល់ការផ្តាច់ខ្លួនរបស់ពួកគេផងដែរ។

តាមពិតទៅដំណើរការចរចាដើម្បីកម្ចាត់ចោលក្រុមខ្មែរក្រហម ត្រូវបានរំពឹងទទួលបានជោគជ័យឆាប់រហ័ស មិនអូសបន្លាយរហូតដល់ចុងឆ្នាំ១៩៩៨នោះឡើយ។ តែដោយសារតែភាពមិនទុកចិត្តរបស់រដ្ឋាភិបាលចម្រុះ ជាពិសេសគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បែរជាមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជាមួយក្រុមខ្មែរក្រហមជាការលួចបង្កើនកម្លាំងប្រឆាំងនឹងខ្លួនទៅវិញ។

ព្រោះតែការសង្ស័យបែបនេះ ទើបនាំឱ្យសម្តេចក្រុមព្រះ តាមរយៈលោក ញឹក ប៊ុនឆៃ ដែលជាមេទ័ពរបស់ខ្លួននាពេលនោះ លួចទៅបើកការចរចាក្រុមខ្មែរក្រហមនៅបែកខាងអន្លង់វែង និងព្រះវិហារ ហើយបានយកកម្លាំងខ្មែរក្រហមចូលមកដល់កណ្តាលរាជធានីភ្នំពេញ។ ទង្វើរបស់សម្តេចក្រុមព្រះ និងគណបក្សហ៊្វុនស៊ិនប៉ិចនេះហើយ ដែលនាំឱ្យមានការផ្ទុះអាវុធមួយចំអិនកំពឹសនាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

ការប្រយុទ្ធសាកកម្លាំងមួយប្រាវកណ្តាលរាជធានីភ្នំពេញ ធ្វើឱ្យកម្លាំងរបស់សម្តេចក្រុមព្រះ ត្រូវបានខ្ចាត់ខ្ចាយ បូករួមជាមួយការស្លាប់របស់ ប៉ុល ពត នៅខែមេសា ឆ្នាំ១៩៩៨ ព្រមទាំងការចាញ់ឆ្នោតរបស់សម្តេចក្រុមព្រះ នៅខែកក្កដា ឆ្នាំ១៩៩៨ផងនោះ ធ្វើឱ្យខ្មែរក្រហមនៅតំបន់អន្លង់វែងដែលជាមូលដ្ឋានចុងក្រោយនោះ បានផ្លាស់ប្តូរទស្សនៈចំពោះសម្តេចក្រុមព្រះ និងអស់ជំនឿ។

ក្រុមខ្មែរក្រហមនៅតំបន់អន្លង់វែងក៏បានបញ្ឈប់នយោបាយ ចាក់ខ្សែជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងបានមើលឃើញថា មនុស្សដែលមានសុចរិតភាពទៀងត្រង់ និងស្មោះត្រង់បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងជាវិរជនបង្រួបបង្រួម និងផ្សះផ្សាជាតិខ្មែរ ពិតប្រាកដ ជាវិរជនសន្តិភាព និងដែលមាននយោបាយសន្តោសប្រណីជានិច្ច និងតែងតែបើកចំហរឱកាសឱ្យអ្នកមានកំហុសកែខ្លួនដោយមិនប្រកាន់ទោសពៃរ៍ គឺមានតែសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់នូវកម្មសិទ្ធិចំនួន៣៖ ធានាសុវត្ថិភាពនិងអាយុជីវិត, ធានាអាជីពនិងមុខរបរ និងធានារក្សាទ្រព្យសម្បត្តិ។

ហេតុផលទាំងនេះធ្វើឱ្យកម្លាំងខ្មែរក្រហម ដែលនៅសេសសល់ចុងក្រោយ ដែលរួមមានគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមទាំងមូលរួមមាន អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរមកគេហដ្ឋានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងតាខ្មៅដើម្បីចុះចូលជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុង ហើយកម្លាំងសេសសល់ត្រូវបានចូលធ្វើសមាហរណកម្ម។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់យកជាថ្ងៃប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការបិទបញ្ចប់ទំព័រខ្មៅងងឹតនៅកម្ពុជា បញ្ចប់ភ្លើងសង្គ្រាម បញ្ចប់ការបែកបាក់ជាតិ នាំមកវិញនូវទំព័រសករាជថ្មីនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើកការបង្រួបបង្រួមជាតិ ស្របជាមួយនឹងវិបត្តិនយោបាយក៏ត្រូវបានធូរស្រាលចាប់ពីក្រោយឆ្នាំ១៩៩៨ ពោលគឺចាប់ពីឆ្នាំ២០០០ គឺជាពេលវេលាថ្មីមួយ ដែលសម្តេចតេជោ ហ៊ុន សែន ផ្តោតចិត្តយកទុកដាក់ពេញទីលើការកសាងអភិវឌ្ឍន៍ជាតិ និងធ្វើសមាហរណកម្មជាតិទៅក្នុងសហគមន៍អន្តរជាតិផងដែរ។

នយោបាយនេះត្រូវបានបង្ហាញតាមរយៈការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី២ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨។ មុំទីមួយនៃយុទ្ធសាស្ត្រត្រីកោណនេះ គឺធ្វើបដិភាវូបនីយកម្មផ្ទៃក្នុងប្រទេស មុំទី២ ធ្វើសមាហរណកម្មកម្ពុជា ឱ្យបានឆាប់បំផុតនៅក្នុងសហគមន៍អន្តរជាតិ ដោយរួមទាំងអាសនៈកម្ពុជានៅឯអង្គការសហប្រជាជាតិផង។ មុំទី៣ គឺការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ ដោយផ្អែកលើកត្តាអនុគ្រោះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

រាប់ចាប់ពីចុងឆ្នាំ១៩៩៨មក សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាអគ្គមគ្គុទ្ទេសក៍ដឹកនាំនាវាដ៏ឆ្នើមមួយរូបក្នុងយុគ្គសម័យថ្មីនេះ ដោយបានប្រែក្លាយប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងលឿនលយជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញជាមេដឹកនាំមានភាពបត់បែន និងប៉ិនប្រសប់ខ្ពស់លើការដឹកនាំ ហើយនាំឱ្យមានការចាប់អារម្មណ៍ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងរយៈពេលប្រមាណ ២០ឆ្នាំគិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ តាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជាមានបម្រែបម្រួលយ៉ាងខ្លាំង, ធ្វើឱ្យកម្ពុជាស្គាល់តែផ្សែងសង្គ្រាម ប្រែជាទឹកដីដ៏ស្រស់បំព្រងអគារតូចធំផុសត្រដែន ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់បង្ហាញវត្តមានខ្វែងខ្វាត់ពីទីក្រុងដល់ទីជនបទ, ពលរដ្ឋកម្ពុជា ធ្លាប់តែជន់ជោរដោយទឹកភ្នែក ប្រែមកស្គាល់តែស្នាមញញឹមដ៏ស្រស់ថ្លា។

មានសមិទ្ធិផលសំខាន់ៗរបស់ជាតិជាច្រើន ឆ្លុះឱ្យឃើញពីវឌ្ឍនភាពជាតិកើតចេញពីកិច្ចប្រឹងប្រែងពោរពេញដោយឆន្ទៈ និងស្មារតីដ៏មុះមុតក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ត្រូវបានកើនពី ៣,១០៦លានដុល្លារអាមេរិក ដល់២៤,៦០៥ លានដុល្លារអាមេរិក, ប្រាក់ចំណូលសម្រាប់មនុស្សត្រូវបានកើនពី ២៥៣ដុល្លារ ដល់ ១,៥៦៣ដុល្លារ, អតិផរណា ត្រូវបានថយចុះពី ១៤.៧ភាគរយ មកនៅត្រឹម ៣.៤ភាគរយ, អត្រាភាពក្រីក្រថយចុះពី ៥៣.២ភាគរយ មកនៅត្រឹម ១៣.៥ភាគរយ, ទំហំទឹកប្រាក់ការនាំចេញ បានកើនពី ៨០០លានដុល្លារ ដល់ ១២,១២៣លានដុល្លារអាមេរិក, ទុនបម្រុងអន្តរជាតិ កើនពី ៣៩០លានដុល្លារអាមេរិក ទៅដល់ ៩,៤៩៤លានដុល្លារអាមេរិក។

ប្រាក់សោធននិវត្តន៍អប្បបរមាក្នុងម្នាក់ បានកើនពី ៧០,០០០រៀលក្នុងមួយខែ រហូតដល់ ៤៨០,០០០រៀលក្នុងមួយខែ, ចំណូលថវិកាជាតិសរុប បានកើនពី ២៤៧លានដុល្លារអាមេរិក ដល់ ៤,៧៣២លានដុល្លារអាមេរិក, ចំនួនភ្ញៀវទេសចរ បានកើនពី ២៨៦,៥២៤នាក់ ដល់ ៦,២៦២,១៦៤នាក់។ រីឯអាយុកាលសង្ឃឹមរស់របស់ប្រជាជន ត្រូវបានកើនពី ៥៦.៧ឆ្នាំ ទៅដល់ ៧០.៦ឆ្នាំ។

ព្រោះតែភាពខ្លាំងក្លាក្នុងការប្រយុទ្ធលើសមរភូមិនយោបាយនៅកម្ពុជា បិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍនេះធ្វើឱ្យអ្នកព័ត៌មានបរទេស [Harish C. Mehta និង Julie Mehta] ដាក់រហស្សនាមឱ្យសម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា។

ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានការសព្វព្រះរាជហឫទ័យ និងកោតសរសើរយ៉ាងខ្លាំងពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម ក៏ដូចជាព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រីយ៍ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

កម្ពុជាចាប់តាំងពីក្រោយការបែកបាក់ចក្រភពអង្គរនាសតវត្សរ៍ទី១២ ស្គាល់តែការបែកបាក់ ភ្លើងសង្គ្រាម និរាស្ត្រប្រាត់ប្រាស់ និងការអន់ថយ ហើយភាពល្បាញល្បីក៏ត្រូវបានកប់បាត់ពីលើឆាកអន្តរជាតិផងដែរ។ អាចនិយាយថាទើបនឹង២០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ កម្ពុជា បានស្គាល់នូវការបង្រួបបង្រួមជាតិជាថ្មី និងសាងកេត្យានុភាពជាថ្មីទៅក្នុងឆាកអន្តរជាតិ ពោរពេញដោយកិត្តិយស និងមោទនភាពសម្រាប់ជាតិ សម្រាប់កុលបុត្រ និងកុលធីតាខ្មែរគ្រប់រូប។

តាមរយៈព្រឹត្តិការណ៍នយោបាយ និងការអភិវឌ្ឍរបស់សង្គមជាតិ ដែលបានចងភ្ជាប់នឹងជីវិតរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ៤០ឆ្នាំមកនេះ ជាតថភាពបង្ហាញឱ្យឃើញយ៉ាងប្រត្យក្សមិនអាចប្រកកែកបានថា សម្តេចតេជោ ហ៊ុន សែន ជាខេមរបុត្រមួយរូបដែលបានវិវឌ្ឍន៍ជីវិតចេញពីកូនកសិករមួយរូបទៅជារដ្ឋបុរសដ៏អស្ចារ្យចារជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជា៕

ដោយ៖ វ៉ាន់ សារាយ