(បន្ទាយមានជ័យ)៖ ពលករខ្មែរប្រុសស្រី៧នាក់ បានរួចផុតពីកណ្តាប់ដៃទាហានថៃ ដោយសារចាញ់បោកមេខ្យល់ថា ជូនទៅស្រុកថៃរកការងារកន្លែងល្អៗ តែត្រូវកម្លាំងប៉ុស្តិ៍នគរបាលសង្កែឃាត់បាននៅវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្នុងភូមិសាស្រ្តប៉ុស្តិ៍សង្កែ ភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឡុក ធី នាយនគរបាលប៉ុស្តិ៍សង្កែ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកបានដឹកនាំនគរបាលជាច្រើននាក់ ចុះល្បាតនៅចំណុចភូមិសាស្ត្រសង្កែ ស្រាប់តែបានប្រទះឃើញពលករប្រុសស្រីចំនួន ៧នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ដោយសារជំងឺកូវីដ ថៃបានបិតច្រកទ្វារព្រំដែននៅឡើយ និងបានរឹតបន្តឹងយ៉ាងខ្លាំងតាមបណ្តោយព្រំដែន មិនឲ្យមានការឆ្លងចូលនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួនហើយ លោកបានណែនាំដល់ពលករខ្មែរទាំង៧នាក់ ឲ្យឈប់ចាញ់ការឃោសនារបស់មេខ្យល់បន្តទៀត ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការស្វែងរកការងារធ្វើនៅប្រទេសថៃបន្តទៀត។

លោកវរសេនីយ៍ត្រី ឡុក ធី បានប្រាប់ឲ្យដឹងទៀតថា ពលករទាំងទាំងនេះ រស់នៅខេត្តបន្ទាយមានជ័យមានចំនួន ៥នាក់ និងខេត្តតាកែវចំនួន២នាក់។ បន្ទាប់ពីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចមក ពួកគេត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កទី១ គឺវិទ្យាល័យម៉ាឡៃ ដើម្បីពិនិត្យសុខភាពរហូត១៤ថ្ងៃ៕