(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញា និងខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុមទី២៤ ភូមិ០៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការឯកភាពពីម្ចាស់ទីតាំង កម្លាំងជំនាញបានធ្វើការត្រួតពិនិត្យឆែកឆេរ នៅទីតាំងខាងលើនៅចំពោះមុខសមត្ថកិច្ចចម្រុះ ពាក់ព័ន្ធករណីសង្ស័យនាំចូលស្តុកចែកចាយផលិតផលគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញា និងផលិតផលខុសច្បាប់ជាច្រើនប្រភេទ។

សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងផ្ទះលេខ១២B ដោយបានរកឃើញសម្ភារ វត្ថុតាងមួយចំនួនដូចជា សាប៊ូចំនួន១,០៤០កេស ស្មើនឹង១១,១១២គីឡូក្រាម, ច្រាស់ដុះធ្មេញ ចំនួន៣,៥០០គីឡូក្រាម និងគ្រឿងសម្អាងចម្រុះចំនួន ៤៨០គីឡូក្រាម។

ក្រោយត្រួតពិនិត្យសមត្ថកិច្ចរកឃើញថា ផលិតផលមួយចំនួនក្លែងម៉ាកសញ្ញា ក្លែងបន្លំប្រភពផលិត និងពុំមានលេខប្រវេទ៍ត្រឹមត្រូវ ដូចនេះសមត្ថកិច្ចចម្រុះសម្រេចដកហូត ជាបណ្តោះអាសន្ន ដោយដាក់ចូលក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ឡៅតឿ នៃទីតាំងផ្ទះលេខ១២B ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងផ្សេងទៀត ជាទំនិញដែលគ្មានលេខប្រវេទ៍ពីក្រសួងសុខាភិបាល ដូចនេះសមត្ថកិច្ចចម្រុះសម្រេចធ្វើការឃាត់ទុក និងដកហូតជាបណ្តោះអាសន្ន ដោយប្រគល់ឲ្យម្ចាស់ទីតាំងធ្វើការគ្រប់គ្រង មិនឲ្យបាត់បង់ ឬខូចទ្រង់ទ្រាយដើម ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យបន្តរងចាំកាសម្រេចពីស្ថាប័នតុលាការ។

បន្ថែមពីនេះ សមត្ថកិច្ចចម្រុះបានដកហូតប៉ាន់គំរូក្នុងមួយមុខ ០២ដប ឬ០២ដុំ ដើម្បីធ្វើការពិនិត្យ។ ដោយឡែក ចំពោះម្ចាស់ទីតាំង ឈ្មោះ មឿន សុខស៊ីថា ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕