(ព្រះសីហនុ)៖ នារសៀលថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោក Pablo Kang ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានជួបពិភាក្សាការងារ នៅក្នុងឱកាសដែលលោកចូលបំពេញការងារនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដោយបានសម្ដែងនូវក្តីសង្ឃឹមថា លោកនឹងបន្តការងារក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តទៅទៀត។

ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសម្ដែងនូវអំណរគុណចំពោះការជួយឧបត្ថម្ភ គ្រប់បែបយ៉ាង ហើយនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលអូស្រ្តាលី បានផ្ដល់ ចំពោះកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទ ផ្នែកច្បាប់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី ។ល។

លោកឧត្តមសេនីយ៍ស្នងការ បានវាយតម្លៃខ្ពស់ចំពោះជំនួបនេះដែលនឹងរឹតបន្តឹងបន្ថែមនូវ ទំនាក់ទំនងការងារដ៏ជិតស្និទ្ធរវាង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្ថានទូតអូស្រ្តាលី ជាពិសេសលើផ្នែកច្បាប់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី ។ល។ និងបានសម្ដែងនូវក្តីសង្ឃឹមថា ឯកឧត្តមឯកអគ្គរាជទូត នឹងបន្តនូវទំនាក់ទំនងដ៏ល្អប្រសើរនេះ៕