(ក្រចេះ)៖ សមត្ថកិច្ចនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចាប់ក្រុមចោរលួចគោក្របីរបស់អ្នកភូមិចំនួន២នាក់ ដើម្បីចាត់ការតាមច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាយជ្រាវមុខសញ្ញាផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ។

នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ឈ្មោះ សន ឈាត ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានមកប្តឹងរាយការណ៍នៅប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយថា បានបាត់ក្របីញីចំនួន៣ក្បាល កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដែលខ្លួនចងទុកចោលក្រោយខ្ទមស្រែ ចម្ងាយប្រហែល១៥០ម នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដ ឃុំជ្រោយបន្ទាយ។

លោកវរសេនីយ៍ឯក ច័ន្ទ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ ក្រោយពីទទួលព័ត៌មានភ្លាម លោកក៏បានចាត់កម្លាំងគ្រប់ប៉ុស្ដិ៍ ឱ្យដឹកនាំកម្លាំង ប្រជាការពារស្ទាក់គ្រប់ច្រកល្ហក។ លុះដល់ម៉ោង ២១៖៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងស្នាក់ការកំពែង ក្នុងឃុំព្រែកប្រសព្វ បានឃើញរថយន្តមួយគ្រឿង មានតម្រុយសង្ស័យរថយន្តដឹកក្របី ក៏ហៅឈប់តែមិនឈប់បើករត់គេច កម្លាំងនគរបាលយើងបានដេញតាមក្រោយ រហូតឃាត់ខ្លួនបានមនុស្ស០២នាក់ក្នុងភូមិសាស្រ្ត ឃុំសោប ស្រុកព្រែកប្រសព្វ។

ជនសង្ស័យទី១ឈ្មោះ យឺត ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឬស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្រុកស្នួល រថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ២,៥តោន ពណ៌ស ស្លាកលេខភ្នំពេញ 3B-1262 និងក្របីញីចំនួន០៣ក្បាល លើរថយន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ចាត់ការបន្ត៕