(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹក នៅតាមដងព្រែកកំពង់បាយក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ប្រាង និងឃុំកំពង់គ្រែង ក្នុងស្រុកទឹកឈូខេត្តកំពត នាថ្ងៃទី៣ ខែសីហាឆ្នាំ២០២០នេះ។

ខេត្តកំពត ស្ថិតក្នុងស្ថានភាពធាតុអាកាសអាប់អួរ ហើយភ្លៀងនៅតែបន្តធ្លាក់ជាប់គ្នា រយៈពេល៣ ទៅ៤ថ្ងៃកន្លងមកហើយ គឺចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃនេះ។

លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា បើតាមការពិនិត្យវាយតម្លៃស្ថានភាពទឹកតាមដងព្រែកនៅពេលនេះ គឺនៅមិនទាន់មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់ នៃការលិចលង់ ដល់លំនៅដ្ឋានផ្ទះសំបែង ស្រែចំការ របស់ប្រជាពលរដ្ឋនៅឡើយទេ។ ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ គឺយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះសូមឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវប្រុងប្រយ័ត្នបន្តតាមដាន ចំពោះបាតុភូត ឬធាតុអាកាសដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប្រជាពលរដ្ឋ ជួបការលំបាក ឬរងគ្រោះដោយប្រការផ្សេងៗ កើតឡើងជាយថាហេតុ។

ជាពិសេស ត្រូវត្រៀមលក្ខណៈ គ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ទឹកជំននន់កើតឡើង។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏សំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍មករដ្ឋបាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយជំនន់ទឹកភ្លៀងនោះឡើយ ដោយគ្មានការអន្តរាគមន៍ ពីអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចយើងបានឡើយ។

លោកអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រែកទាំងអស់ រួមទាំងម្ចាស់បឹងហ្គាឡូ រមណីយដ្ឋាននានា ស្ថិតនៅជាប់ទីតាំងដងព្រែក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដូចប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ និងរបស់របរសំខាន់ៗជាដើមត្រូវត្រៀមលក្ខណៈបង្ការមុនពេលមានទឹកជំនន់មកដល់។

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា រងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

*ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)
*ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ
*ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕