(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្កបានថ្លែងជំរុញឱ្យដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវផ្តល់ សេវាសាធារណជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាពងាយស្រួល រក្សាសុវត្ថិភាពឲ្យបានល្អរឹងមាំ និងបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យស្របទៅ តាមបច្ចេកទេសទំនើបនាពេលបច្ចុប្បន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសកលលោក។

លោក ជា អឿង បានលើកឡើងជំរុញបែបនេះនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកជាអធិបតី ប្រកាសទទួលស្គាល់ក្រុមការងារចុះជួយមូលដ្ឋាន ឃុំសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោក ជា អឿង បានបញ្ជាក់ថា មន្ត្រីមានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ ដូចនេះត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អ ហើយត្រូវមានការសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងជឿលើអ្វីមួយ ពោលមិនត្រូវជឿលើការឃោសនា ឬការសន្យាខ្យល់របស់ជនខិលខូចនោះឡើយ ជាពិសេសនោះត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋបន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

លោក ជា អឿង ក៏បានប្រាប់ឱ្យថ្នាក់ដឹកនាំភូមិ-ឃុំ ត្រូវតែរៀបចំទំាងកាយវិការ អត្តចរិក ទាំងឯកសណ្ឋានឱ្យមានលក្ខណៈជាមន្ត្រី ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់មានទំនុក ចិត្ត និងមានលទ្ធភាពដោះស្រាយគ្រប់បញ្ហា ត្រូវមានភាពទទួលខុសត្រូវ បែងចែកតួនាទីការងារឱ្យបានច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ការទទួលជោគជ័យក្នុង ការងាររបស់ខ្លួន៕