(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងវៀតណាម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីប្រគល់និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល។

ពិធីប្រគល់ និងទទួលផែនទីខាងលើនេះ បានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបញ្ជាក់ឲ្យដឹងថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០នេះ បានបង្ហាញពេញលេញលទ្ធផលខណ្ឌសីមា និងបោះបង្គោលព្រំដែនប្រមាណជា ៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។

លោកស្រីបញ្ជាក់ទៀតថា ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.០ ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០០០០ ដែលមានតែខ្សែព្រំដែន ហើយមិនមានអ្វីបង្ហាញជាក់លាក់ច្រើនជាងនេះ។

នៅក្នុងឱកាសប្រគល់ និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០នេះ ខាងកម្ពុជា តំណាងដោយ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងភាគីវៀតណាមតំណាងដោយ លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេស បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយកសៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) បានល្អ ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួនតទៅ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។

ដោយឡែកបញ្ហាព្រំដែន ដែលនៅសេសសល់ ភាគីទាំងពីរក៏បន្តប្ដេជ្ញាចិត្តដោះស្រាយ និងបោះបង្គោលព្រំដែនខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ផងដែរ៕