(ភ្នំពេញ)៖ រថយន្តល្បាតចំនួន ០២គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន K.99 Group ត្រូវបានធ្វើការប្រគល់ជូនកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហាឆ្នាំ២០២០។

ពិធីប្រគល់រថយន្ត ត្រូវបានរៀបចំឡើងនៅមូលដ្ឋានកងរាជអាវុធហត្ថព្រែកព្នៅ ក្រោមវត្តមានលោក វរសេនីយ៍ឯក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក ព្រុំ សក្តា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែន សុខ ព្រមទាំងលោកឧកញា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K.99Group និងលោកឧកញា រស់ ឌីណែត និងមន្ត្រីកងកំលាំងជាច្រើនរូបទៀតដែរ ។

សូមបញ្ជាក់ផងដែរថាលោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និងលោកឧកញ៉ា រស់ ឌីណែតបានឧបត្ថម្ភរថយន្តម៉ាក Camry ផលិតឆ្នាំ២០០៧ បំពាក់ដោយស៊ីរ៉ែន ជាគុណប្រយោជន៍សម្រាប់ក្នុងកិច្ចប្រតិបត្តិការណ៍ការពារ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុត្ថិភាព និងអង្ករចំនួន ០២តោនដើម្បីជួយទ្រទ្រង់ជីវភាពកងកំលាំងផងដែរ ។

ក្នុងឱកាសនោះលោកមេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានទាំង២រូបបានសម្តែងការត្រេកអរ និងថ្លែងនៅការដឹងគុណចំពោះលោកឧកញ៉ា ដែលបានធ្វើអំណោយដ៏ប្រសើរសម្រាប់កិច្ចការងារ ការពារសន្តិសុខ សាធារណៈក្នុងមូលដ្ឋានរបស់លោកដើម្បីទុកចល័ត ល្បាត ការពារក្នុងភូមិសាស្ត្រដល់កិច្ចការសន្តិសុខ៕