(កំពង់ធំ)៖ លោកស្រី យស ថ្ថានារី តំណាងក្រុមអ្នកហាត់ប្រាណមិត្តភាព បានអរគុណសន្តិភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែរក្សាបានសុខសន្តិភាពសេចក្តីសុខសាន្តជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញសេដ្ឋកិច្ចជាតិរបស់យើងឲ្យមានកំណើនជាបន្តបន្ទាប់ក្នុងមួយឆ្នាំៗ ទើបក្រុមហាត់ប្រាណមិត្តភាពខេត្តកំពង់ធំប្រមាណជាង១០០នាក់ បានមានឱកាសនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ។

តាមរយ:កំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់នេះ បានធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន បង្កើតបានជាសមិទ្ធផលទាំងឡាយដល់សង្គមជាតិផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីពេទ្យ អគ្គិសនី។ល។

លោកស្រីបានបញ្ជាក់ក្នុងឱកាសនាំយកគ្រឿងឧបភោគកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ថា ក្រោយថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅហើយនោះ និងក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្នុងជំនឿត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។

ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ។

លោកស្រីបានបន្តថា ការនាំយកគ្រឿងឧបភោគ បរិភោគប្រគេនដល់ព្រះសង្ឃនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខនោះ និងបង្ហាញឲ្យឃើញនូវការសាមគ្គីភាពរវាងបងប្អូនហាត់ប្រាណទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌ ក៏ដូចជាការចូលរួមជាមួយនិងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ
ហើយក្នុងនោះក៏ជាការបង្ហាញឲ្យឃើញនូវទឹកចិត្តជ្រះថ្លាតែងតែជួយគ្នាទៅវិញទៅមករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចង់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានឃើញពីការថែរក្សាវប្បធម៌ប្រពៃណីការគោរពប្រតិបត្តិព្រះពុទ្ធសាសនា។

ក្នុងនោះលោកស្រីក៏បានអំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ធ្វើអំពើល្អឲ្យបានច្រើន បង្កើនការស្រឡាញ់ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន។

សូមបញ្ជាក់ផងដែរថា សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះមានទៀនវស្សា១គូ, ស្លាដក១, អង្ករ, មី, ទឹកសុទ្ធ, ទឹកក្រូច, ត្រីខ, ប្រេងម៉ាសូត, និងបច្ច័យមួយចំនួនផងដែរ៕