(កំពង់ឆ្នាំង)៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមជាអធិបតីក្នុងពីធី រ៉យ៉ា អីទីលអាត់ហា និងចែកជូនសាច់គោគូដល់ប្រជាពលរដ្ឋ ខ្មែរ-អ៉ីស្លាម នៅក្នុងភូមិច្រកមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិបាលរងស្រុក អធិការស្រុក មេឃុំ មេភូមិ នាយក នាយកប្រតិបត្តិ បុគ្គលិកសាលាអន្តរជាតិអុីម៉ាន់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោកស្រី ប៊ន សុភី បានថ្លែងថា ដោយសារប្រទេសមានសុខសន្តិភាព ពេញលេញ ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ។ សន្តិភាពបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។

នៅក្នុងឱកាសនោះដែរ លោកស្រីបានធ្វើការណែនាំដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវធ្វើអនាម័យជាប្រចាំ ហេីយកុំមើលស្រាលជំងឺកូវីដ១៩ ឱ្យសោះព្រោះជំងឺនេះជាជំងឺមួយដែលមានការរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានវ៉ាក់សាំងព្យាបាលនៅឡើយ ស្របពេលបច្ចុប្បន្នដែលប្រទេស ជិតខាងរបស់យើងកំពុងតែមានការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

« ដូច្នេះប្រជាពលរដ្ឋយើងត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តទៅតាមវិធានការអនាម័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិ បាលឲ្យបានខ្ជាប់ខ្ជួន»។ លោកស្រីអភិបាលរងខេត្ត គូសបញ្ជាក់បន្ថែម។

លោកស្រី ក៏បានផ្ដាំផ្ញើដល់ពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរថា ប្រសិនបើមានពលករ ឬក៏ក្រុមគ្រួសារសាច់ញាតិ ដែលមកពីក្រៅប្រទេស សូមប្រញាប់រាយការណ៍ ទៅអាជ្ញាធរក្នុងមូលដ្ឋានឱ្យបានឆាប់បំផុត ដើម្បីអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញ និងចាត់វិធានការ ដោយធ្វើចត្តាឡីស័ក៕