(កណ្ដាល)៖ សមត្ថកិច្ចក្រុងតាខ្មៅ ដឹកនាំដោយ លោកអធិការ យី វណ្ណដា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានបំបែកសំបុកចោរឆក់ នៅក្រុងតាខ្មៅ ដោយឃាត់ខ្លួនមនុស្ស២នាក់។

លោកអធិការ យី វណ្ណដា បានប្រាប់ភ្នាក់ងារ Fresh News ខេត្តកណ្ដាលថា ក្រុមចោរទាំងនេះ ជាមុខសញ្ញាដែលនគរបាលតាមប្រមាញ់ ក្រោយទទួលបានពាក្យប្ដឹង ពិសេសក្រោមការបង្គាប់ពី លោកស្នងការ ឈឿន សុចិត្ត កម្លាំងបានប្រឹងប្រែទាំងយប់ទាំងថ្ងៃ តាមឃ្លាំមើល និងស្រាវជ្រាវរកមុខសញ្ញាទាំងនេះ រហូតដល់យប់ថ្ងៃទី០១ ខែសីហា សមត្ថកិច្ចក៏តាមក្របួចបានក្រុមចោរឆក់នេះបានសម្រេចយ៉ាងជោគជ័យ។

លោកអធិការបន្តថា ជនសង្ស័យទាំង៣នាក់ តែចាប់បាន២នាក់មានឈ្មោះដូចជា៖
១៖ ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ:ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្តាល,មុខរបរ:បុគ្គលិកក្រុមហ៊ុនAD (ឃាត់ខ្លួន)។

២៖ ឈ្មោះ វង្ស ចាន់សុវណ្ណបូរី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

៣៖ ឈ្មោះ ណាង ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅ:ភូមិលេខ១ សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(គេចខ្លួន)។

លោកអធិការក៏បានប្ដេជ្ញាថា នឹងនៅតែបន្តបង្ក្រាបបទល្មើសនានាឲ្យដូចភ្លៀងរលឹម ដើម្បីសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅទាំងអស់គ្នាផងដែរ៕