(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋា ភិបាលកម្ពុជា និងតាមគោលកាណ៍ ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ នៅក្នុងឱកាសដែលលោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

នៅក្នុងឱកាសនោះដែរ លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា ប្រសើនបើមានប្រជាពលរដ្ឋ ដែលទើបតែវិល ត្រឡប់មកពីក្រៅប្រទេសវិញ សូមរាយការណ៍មកអាជ្ញាធរក្នុងមូលដ្ឋានជាបន្ទាន់ ដើម្បីមន្ទីរសុខាភិបាលរៀបចំ ពួកគាត់ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិនខ្លាចក្រែងពួកគាត់មានឆ្លងជំងឺកូវីដ-១៩ មកពីក្រៅប្រទេស ហើយឆ្លងដល់ក្រុមគ្រួសារ និងសហគមន៍។

នាឱកាសនោះផងដែរ លោក ឈួរ ច័ន្ទឌឿន បានឱ្យដឹងថា ដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ក្រុមគ្រួសារ បានរស់នៅដោយភាពសុខសាន្ត បានឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិយើង ដែលសន្តិភាពនេះបានកើតឡើងពីការចូលរួមគ្រប់ភាគីទាំងអស់ ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា។

លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់អង្គការ «តុកកែញញឹម» ដែលបានចូលរួមចំណែកក្នុងការងារសង្គម ទាំងផ្អែកបណ្តុះបណ្តាលធនធានមនុស្ស និងជាក់ស្តែងក្នុងថ្ងៃនេះ បានរៀបចំកម្មវិធីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ-១៩នេះ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, បន្លែរ ១គីឡូ, ត្រី ១គីឡូក្រាម, សាច់ជ្រូក ០៧ខាំ, ទឹកត្រី ០២ដប, ទឹកស៊ីអ៊ីវ ២ដប, ស្កសរ ១គីឡូក្រាម, អំបិលអុីយ៉ូត ១គីឡូក្រាម, ខ្ទឹមស ១គីឡូក្រាម, ប្រេងឆា១លីត្រ និងទឹកសណ្តែក១យួរ ផងដែរ៕