(ភ្នំពេញ)៖ នៅសាលប្រជុំកងពលតូចដឹកជញ្ជូនលេខ៩៩ វាគ្មិនចំនួន២រូប គឺលោក ទុំ ប៉ែនវីរៈវិទូ ប្រធានក្រុមនិពន្ធ និងចងក្រងសៀវភៅសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក តាំង កក់ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចូលរួមធ្វើបទបង្ហាញស្តីពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ចែករំលែកបទពិសោធន៍ល្អៗ និងបាននាំយក សៀវភៅ ហ៊ុន សែន កម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ មកចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីសិក្សាស្វែងយល់។

តាមលោក ទុំ ប៉ែនវីរៈវិទូ និងលោក តាំង កក់ បានបង្ហាញពីក្តីរីករាយដែលបានមកចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងនាំយកសៀវភៅហ៊ុនសែនកម្ពុជា និងសៀវភៅកុលាបក្រហមដង ទន្លេមេគង្គ មកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដេកជញ្ជូនលេខ៩៩នេះ។ ដោយឡែក ប្រធានបទដែលត្រូវធ្វើបទបង្ហាញនាពេលនេះ គឺការចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាតិអន្តរជាតិ និងការប្រឈមនឹងជំងឺ Covid-19 ដែលក្នុងនោះវាគ្មិនក៏បានបង្ហាញពីបទពិសោធន៍ស្តីពីទំនាក់ទំនងជាតិ និងអន្តរជាតិ មានភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺបានរំលឹកឡើងវិញ អំពីគុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា ចំពោះសៀវភៅ ហ៊ុន សែន កម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ដែលត្រូវយកមកចែកជូននាពេលនេះ គឺក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀត ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ និងជួយផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីជីវប្រវត្តិ និងបំបាត់នូវភាពមន្ទិលសង្ស័យមួយចំនួនពាក់ព័ន្ធ នឹងប្រវត្តិនៃការតស៊ូរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងជាការពញ្ញាក់ស្មារតីដល់នាយទាហានពល ទាហានទាំងអស់ ក្នុងវិស័យការពារជាតិឲ្យពួកគាត់មានស្មារតីការពារ តស៊ូលះបង់ដើម្បីជាតិ និងចេះស្រលាញ់ថែរក្សាសមិទ្ធិផលដែលប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន បានកសាងមកបានដោយលំបាកនេះ កុំឲ្យបាត់បង់។

លោកបញ្ជាក់ថា សៀវភៅទាំងពីរប្រភេទនេះ ត្រូវបានបោះពុម្ពផ្សាយរាប់ម៉ឺនក្បាលមកហើយ ក្រោមការចូលរួមឧបត្ថម្ភថវិកាក្នុងការបោះពុម្ពពីសប្បុរសជន និងរាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងនឹងបន្តការបោះពុម្ពផ្សាយបន្ថែមទៀតផងដែរ ដើម្បីផ្សព្វផ្សាយឲ្យដល់សាធារណជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ក្នុងពេលធ្វើបទបង្ហាញនោះ លោក តាំង កក់ ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាជីវិតគ្រួសារ ដោយត្រូវធ្វើយ៉ាងណាចេះថ្លឹងថ្លែងអម្រែកគ្រួសារឲ្យបានត្រឹមត្រូវ រវាងស្វាមីភរិយានិងសាច់ញាតិទាំងសងខាង ចៀសវាងកុំឲ្យមានបញ្ហាក្នុងគ្រួសារនោះ ទើបអាចរក្សាលំនឹងផ្លូវចិត្តផ្ទាល់ខ្លួនបានល្អ និងអាចបំពេញភារកិច្ចការពារជាតិបានជោគជ័យ។

ជាមួយនេះ លោកក៏បានពន្យល់អំពីភាពអច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងនូវអំណះអំណាងគាំទ្រ ព្រមទាំងបានលើកទឹកចិត្តដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺដ៏កាចសាហាវកូវីត១៩ផងដែរ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណដល់វាគ្មិនទាំងពីររូប គឺលោក ទុំ ប៉ែនវីរ:វិទូ និងលោក តាំង កក់ ដែលបានមកចូលរួមធ្វើបទបង្ហាញលើប្រធានបទដ៏មានសារសំខាន់ ព្រមទាំងបានចំណាយទាំងថវិកាធនធានផ្ទាល់ខ្លួន និងនាំយកសៀវភៅទាំងពីរប្រភេទនេះ ជាសៀវភៅដែលលោក និងនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ចង់បានយូរមកហើយ ដើម្បីបានសិក្សាស្វែងយល់។

បន្ទាប់មកលោក ទុំ ប៉ែនវីរ:វិទូ និងលោក តាំង កក់ ក៏បានប្រគល់ថវិកាមួយចំនួន និងសៀវភៅហ៊ុនសែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ នាពេលនោះផងដែរ៕