(កំពង់ធំ)៖ មន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា ប្រធានសាខា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរ ពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យ ទំនិញ ដែលជាគ្រឿងឧបភោគ បរិភោភ នៅផ្សារកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកំពង់ធំ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបន្តថា ក្នុងសកម្មភាពនេះ ក្រុមការងារបានធ្វើតេស្តបឋម លើផលិតផលទំនិញមួយចំនួន ហើយបានរកឃើញ ពពុះសណ្តែក ចំនួន១១គីឡូក្រាម មានសារធាតុគីមីហាមឃាត់ (បូរ៉ាក់) ត្រូវបានដកហូត យកមកទុកដុតកំទេចចោល។

ជាមួយគ្នានោះ ក្រុមកការងាររបស់លោក បានពន្យល់ណែនាំដល់អាជីវករ អោយបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្ករផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

លោក លៀង សុភា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការថ្ងៃទី០១ សីហានេះ ក្រុមការងាររបស់លោកបានចុះយុទ្ធនាការផ្សព្វផ្សាយ និងបិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) លើខ្លឹមសារ ការស្វែងយល់អំពីអំពើរ មិនសុចរិត ក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈ តាមបណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ។

ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិ ដែលតម្រូវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈទាំងអស់ ប្រកបមុខរបរ ដោយការប្រកួតប្រជែង ប្រកបដោយសុចរិតភាព និងតម្លាភាព ក៏ដូចជាការការពារផលយោជន៍អ្នកប្រើប្រាស់។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានផ្សព្វផ្សាយ-បិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) បានចំនួន៧ទីតាំងស្ថានីយ៍-ដេប៉ូ ដោយបានពន្យល់ពីរបៀប scan QR code ដែលមាននៅលើខិតប័ណ្ណ ដើម្បីស្វែងយល់ ឯកសារច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងករណីដែលម្ចាស់ស្ថានីយ៍-ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិត ចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនិងតម្លៃ គុណភាព និងបរិមាណរបស់ប្រេងឥន្ធនៈ។ លើសពីនេះក្រុមការងារ ក៏បានផ្ទៀងផ្ទាត់តម្លៃប្រេង តាមប្រកាសក្រសួងពាណិជ្ជកម្មផងដែរ។

លោកប្រធានសាខា បានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្ត ដែលជាដៃគូ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងការចូលរួមយ៉ាងរលូន ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ដែលបានផ្តល់លទ្ធភាព និងបង្កលក្ខណៈឲ្យសាខាលោក អនុវត្តយុទ្ធនាការនេះបានយ៉ាងរលូន៕