(សៀមរាប)៖ នៅរយៈពេល០៧ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេស៣៨៩,៦៣០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបប្រមាណ ១៨,១៧០,៩៩០ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជាង ៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

កសេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ១,៧៩០នាក់ រកចំណូលបាន ៧៨,៤៤០ដុល្លារអាមេរិក។

គ្រឹះស្ថានអង្គរក៏បានឱ្យដឹងផងដែរថា រយៈពេល០៧ខែឆ្នាំនេះដែល ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧៩,២៦០ដុល្លារអាមេរិក៕