(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលនៃការរីករាតត្បាតជំងឺកូវីដ១៩នេះ សម្តេចត្រូវធ្វើការងារពីផ្ទះ និងទាក់ទងជាមួយមន្ត្រីតាមបណ្តាញសង្គម ហើយក៏លែងបែងចែកថ្ងៃណាជាថ្ងៃឈប់សម្រាក និងថ្ងៃណាជាថ្ងៃធ្វើការផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងមួយថ្ងៃឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខាមានចន្លោះពី ២០ ទៅ៣០។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ដំណាក់កាលកូវីត១៩ លែងដឹងថាថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។ មុនកូវីដ១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីត១៩ មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី ២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ ក្រៅពីឯកសារ គឺមើលរបាយការណ៍ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីតាមប្រព័ន្ធ whatsapp telegam line និងប្រព័ន្ធផ្សេងទៀត ដែលនេះជាផ្នែកមួយ នៃការប្រយុទ្ធជាមួយកូវីតផងដែរ»

ជាមួយនឹងរូបភាពកាយវិការដ៏ស្វាហាប់ និងរឹងមាំពេលកំពុងវាយកូនហ្គោលលើវាលស្មៅដ៏ខៀវស្រងាត់ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការលេងកូនហ្គោលរបស់សម្តេចផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា នៅថ្ងៃនេះសម្តេចហាត់ប្រាណដោយវាយកូនហ្គោលនៅក្បែរផ្ទះ។ សម្តេចតេជោ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ សម្តេចលែងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការលែងទៅវាយកូនហ្គោលនៅឆ្ងាយពីផ្ទះ នឹងធ្វើឱ្យភរិយា កូនៗ និងអង្គរក្សរីករាយជាមួយព័ត៌មាននេះ ព្រោះលែងបារម្មណ៍ពីសន្តិសុខ ពិសេសការឆ្លងកូវីត១៩៕