(ភ្នំពេញ)៖ កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទីមួយ ដែលកំពុងពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត បានឈានមកដល់ទីបញ្ចប់ហើយ ជាមួយនឹងការចាប់រង្វាន់ផ្តាច់ព្រ័ត្រដ៏ធំអស្ចារ្យ ដែលជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020។

អតិថិជនមហាសំណាង របស់សែលកាត លោកពូ សុខទៀន បានបង្ហាញនូវអារម្មណ៍ត្រេកអរឥតឧបមាជាពន់ពេក នៅពេលគាត់ទទួលបាននូវដំណឹង ដែលមិននឹកស្មានដល់ នៃការឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ ដោយគាត់បានរៀបរាប់ឲ្យដឹងថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុក របស់ក្រុមគ្រួសារ ដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។

ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុតប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូននូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន៥៣គ្រឿង រួមទាំងទិន្នន័យអ៊ីនធើណិត និងរង្វាន់ជាសាច់ប្រាក់សុទ្ធ ដែលមានសរុបគិតជាទឹកប្រាក់ចំនួនជាង៥០ម៉ឺនដុល្លារ ពោលគឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ!
គឺជាកម្មវិធីដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត មកទល់បច្ចុប្បន្ននេះ។

អតិថិជនទាំងអស់របស់សែលកាត អាចធ្វើការបញ្ចូលទឹកប្រាក់ដោយប្រើប្រាស់កាតប្រភេទថ្មី៥,០០០រៀល (1.25 ដុល្លារ) និង១០,០០០រៀល (2.50ដុល្លារ) បានចាប់តាំងពីខែមករា ដើមឆ្នាំ២០២០ នេះមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺជាការឆ្លើយតបរបស់សែលកាត ទៅនឹងការស្នើសុំរបស់អតិថិជន ក្នុងការផ្តល់ជូននូវកាតកោស ដោយគិតតម្លៃជារូបិយប័ណ្ណ ក្នុងស្រុក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «ក្នុងនាមជាប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត ដែលជាមោទនភាពរបស់ជាតិខ្មែរ យើងពិតជាមានក្តីសោមនស្សបំផុត សម្រាប់ឱកាសក្នុងការតបស្នងទៅកាន់សហគមន៍វិញ ក៏ដូចជាការផ្តល់រង្វាន់ជូនដល់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ដែលភាគច្រើន ពួកគាត់កំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវភាពប្រចាំថ្ងៃ»។

លោកបន្ដថា «យើងនឹងបន្តកម្មវិធីផ្តល់រង្វាន់ ជូនដល់អតិថិជនរបស់យើង រួមទាំងផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពបត់បែនខ្ពស់ និងមានអត្ថប្រយោជន៍ច្រើន សម្បូរបែប តួយ៉ាងដូចជាគម្រោង Cellcard 4U នេះជាដើម ដោយយើងបានដាក់ដំណើរការ ឲ្យអតិថិជនប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ-19»។

រាល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! នឹងត្រូវប្រកាសឈ្មោះជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង១១ព្រឹក នៅលើទំព័រហ្វេសប៊ុក របស់សែលកាត។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺសែលកាត នឹងធ្វើការរៀបចំកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២ ដោយនឹងដាក់ដំណើរការ រយៈពេល៦ខែពេញ រួមទាំងផ្តល់ជូននូវរង្វាន់ថ្មីៗ ដ៏អស្ចារ្យជាច្រើនទៀតផង៕