(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ បេឡាជាតិអតីតយុទ្ធជន បានគ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៩៧.០១០ នាក់ និងអ្នកក្នុងបន្ទុកសរុបចំនួន ១៤៣.៧២៧ នាក់ដែលកំពុងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែតាមប្រព័ន្ធធនាគារអេស៊ីលីដា និងកាណាឌីយា​ទូទាំងរាជធានី ខេត្តទាំង២៥។

ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ គឺអនុវត្តតាមសារាចរណែនាំលេខ ០១ សរ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់នីតិវិធីសម្រាប់បើកផ្តល់ប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរ សប្តាហ៍ម្តង ក្នុងខែនីមួយៗជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងអ្នកក្នុងបន្ទុក។ នេះបើយោងតាមរបាយការណ៍ស្តីពី
វឌ្ឈនភាពនិងការបន្តនិរន្តរភាពនៃកិច្ចដំណើការ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិអតីតយុទ្ធជន ដែលបង្ហាញដោយលោក ហុង ហ៊ាន នាយកបេឡាជាតិអតីតយុទ្ធជន ក្នុងពិធីប្រកាសចូលកាន់តំណែង របស់ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិអតីតយុទ្ធជន និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ អតីតយុទ្ធជន (ប.ជ.អ)លើកទី១ សម្រាប់អាណត្តិទី៤ រៀបចំធ្វើនៅ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ពិធីចូលកាន់តំណែងនាពេលនេះ មានការចូលរួមពីលោក នូ នីម រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម
ប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន សមាជិក សមាជិការក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ អតីតយុទ្ធជន និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្តាលនិងថ្នាក់រាជធានី ខេត្តផងដែរ ។

លោក នូ នីម រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិអតីតយុទ្ធជន
បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបេឡាជាតិអតីតយុទ្ធជនថ្នាក់កណ្តាលនិងថ្នាក់រាជធានី ខេត្ត ទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច សាមគ្គីភាពឈរលើ
ស្មារតីទទួលខុសត្រូវខ្ពស់លើការងារជំនាញធានាបានការផ្តល់សេវាសាធារណៈជូនដល់ឧត្តមប្រយោជន៍របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ។

សូមបញ្ជាក់ផងដែរថា បេឡាជាតិអតីតយុទ្ធជន ដែលហៅកាត់ថា ប.ជ.អ. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ មានបេសកម្មដាក់ឱ្យដំណើការគ្រប់គ្រង និងធានាការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលជាឧត្តមប្រយោជន៍ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕