(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក តឹក សាលី អនុរដ្ឋលេខាធិការ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអញ្ជើញចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ពិធីនេះធ្វើឡើងនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះនេះ គឺជាផ្នែកមួយនៃគម្រោងផ្សេងៗទៀតនៃការសាងសង់ព្រលានយន្តហោះរបស់រាជរដ្ឋាភិបាល ហើយក៏ជាការត្រៀមទុកជាមុនសំរាប់ការពង្រីកផ្លូវដែលមានទំហំទទឹង៦០ ម៉ែត្រ និងប្រវែង ៣៦០០ ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ការដឹកទំនិញផ្សេងៗពីទីរួមខេត្តមណ្ឌលគិរី មកព្រលានយន្តហោះនេះ។

អភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាល និងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវ ដើម្បីធ្វើឱ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេស ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រ និងគ្រឿងសំណង់ផ្សេងៗ នៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ។

លោកអភិបាល បានបញ្ជាក់ដែរថា ការកសាងផ្លូវនេះ គឺជាគម្រោងរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ធ្វើយ៉ាងណាឱ្យការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះដំណើរការទៅរលូនតាមផែនការរបសរាជរដ្ឋាភិបាល ។

លោកបានសង្កត់ធ្ងន់ថា នៅពេលដែលផ្លូវ និងព្រលានយន្តហោះនេះ បានសាងសង់ហើយជាស្ថាពរ វានឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើន ហើយតាមរយៈកំណើនភ្ញៀវទេសចរនេះ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គមយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេស គឺប្រជាពលរដ្ឋស្រុកអូរាំងតែម្ដង។

លោក តឹក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក រួមទាំងប្រជាពលរដ្ឋ​ទាំងអស់ ដែលបានចូលរួមសហការក្នុងការជំរុញឱ្យគម្រោងសាងសង់ផ្លូវចូលទីតាំងគម្រោង​ព្រលានយន្តហោះនេះដំណើរការ​ទៅបានប្រកបដោយភាពរលូន។

លោកក៏បានសំណូមពរដល់អាជ្ញាធរពាក់ពន្ឋ័ទាំងអស់ ត្រូវបន្តសហការគ្នា ដើម្បីជំរុញឱ្យការសាង់សងផ្លូវ ដូចជាការសាងសង់ព្រលានយន្តហោះនៅ​ក្នុងភូមិសាស្ត្រខេត្ត​មណ្ឌលគិរីនេះ ឱ្យដំណើរការទៅបានប្រកបដោយជោគជ័យតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា អាជ្ញាធរខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ហើយ ប្រមាណ៦០០ហិចតា ដើម្បីសាងសង់ ព្រលានយន្ដ ហោះថ្មីនេះ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ៕