(ភ្នំពេញ)៖ ក្រសួងផែនការ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កូនលោកមេឃុំរលាំងគ្រើល នៅស្រុកសំរោងទោង ខេត្តកំពង់ស្ពឺ ពិតជាក្រីក្រពិតប្រាកដមែន។

ការអះអាងរបស់ក្រសួងផែនការ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មាន និងលើកឡើងថា លោកមេឃុំខាងលើ ដាក់សាច់ញាតិខ្លួនឯងជាគ្រួសារក្រីក្រ។ ដោយសារការផ្សាយព័ត៌មានមិនពិតបែបនេះ បានធ្វើឲ្យមេឃុំខាងលើសម្រេចដកបណ្ណសមធម៌ពីកូនឈ្មោះ ណយ ចំណាន នេះវិញ។

តាមការចង្អុលណែនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួង រួមមានតំណាងក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដោយប្រធានមន្ទីរផែនការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្ត បានចុះត្រួតពិនិត្យករណីគ្រួសារ ឈ្មោះ ណយ ចំណាន ដែលត្រូវជាកូនលោកមេឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានការចុះផ្សាយព័ត៌មាន និងជំរិតទារប្រាក់។

តាមការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និងត្រួតពិនិត្យដល់លំនៅដ្ឋានគ្រួសារនេះផ្ទាល់ បានឲ្យដឹងថា គ្រួសារនេះពិតជាក្រីក្រ និងទីទ័លខ្លាំងណាស់ ដោយមេគ្រួសារជាស្ត្រីម៉េម៉ាយ ហើយមានជំងឺសរសៃប្រសាទ មានកូនប្រុសម្នាក់គ្រោះថ្នាក់ចរាចរណ៍បាក់ជើង បាក់ដៃក្លាយជាជនពិការ មានចៅកំព្រាក្នុងបន្ទុក ហើយជីវភាពកន្លងមកពឹងផ្អែកលើកូនស្រីធ្វើការនៅរោងចក្រ ក៏ប៉ុន្តែដោយសារបញ្ហាកូវីដ១៩នេះ កូនស្រីត្រូវបាត់បង់ការងារទៀត។

យោងតាមលទ្ធផលពិនិត្យជាក់ស្តែង និងមានការសម្របសម្រួល និងពន្យល់នូវនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដល់សមាជិកក្រុមប្រឹក្សាឃុំ បានយល់ និងបានឯកភាពគ្នាផ្តល់បណ្ណសមធម៌ជូនគ្រួសារនេះវិញ។

តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ទោះបីគាត់ជាសាច់ញាតិ ឬមិនសាច់ញាតិ នឹងអាជ្ញាធរមូលដ្ឋាន ជាពិសេសភូមិ ឃុំ ឲ្យតែគ្រួសារទាំងអស់នោះជាគ្រួសារក្រីក្រពិតប្រាកដ គឺមានសិទ្ធិគ្រប់គ្រាន់នឹងទទួលបានបណ្ណសមធម៌ និងទទួលបានការឧបត្ថម្ភ៕