(ភ្នំពេញ)៖ នៅក្នុងបន្ទប់ពិនិត្យ និងព្យាបាលមាត់ធ្មេញ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដំណើរការ ពិនិត្យ និងព្យាបាលមាត់ធ្មេញ ដល់នាយទាហាន នាយទាហានរង និងពលទាហានជាប់ជាប្រចាំ បន្ទាប់ពីផ្អាកដំណើរការមួយរយៈ។

ជាក់ស្តែង រៀងរាល់ ថ្ងៃអង្គារ និងថ្ងៃសុក្រ ក្នុង១ថ្ងៃសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ចំនួនចន្លោះពី ៧ ទៅ ៨នាក់ គិតជាមធ្យម ត្រូវបានពិនិត្យ និងព្យាបាលមាត់ធ្មេញ ដោយប្រើ ឧបករណ៍ សម្ភារៈ ដ៏ទំនើប ក្រោមការឧបត្ថម្ភ និងគាំទ្រពីលោកទន្តបណ្ឌិត ទិត ហុងយឺ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យទន្តសាស្ត្ររំចង់។

គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់គិតគូពីសុខមាលភាព ដល់កងកម្លាំង ក្រោមឱវាទទាំងអស់ តាមរយៈការអប់រំជាប្រចាំអំពីវិធានការអនាម័យ ថែទាំសុខភាព ការហាត់ប្រាណ និងរបបអាហារប្រចាំថ្ងៃ ជាពិសេស ពាក់ព័ន្ធជាមួយសុខភាពមាត់ ធ្មេញនេះតែម្តង៕