(ភ្នំពេញ)៖ មុខសញ្ញាជួញដូរគ្រឿងម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងធ្វើការឃាត់ខ្លួន ខណៈពេលល្បាតទប់ស្កាត់បទល្មើស និងធ្វើការស្រាវជ្រាវ រយៈពេល២ខែកន្លងមកហើយ រហូតពេលនេះទើបទទួលបានព័ត៌មានច្បាស់ពីប្រជាពលរដ្ឋ ហើយកម្លាំងក៏បានចុះទៅធ្វើការចាប់ខ្លួនមុខសញ្ញាមួយនេះ បានតែម្ដង។

ការបង្រ្កាប និងចាប់ខ្លួនជននោះ ធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យខាងលើឈ្មោះ សាន់ រ៉ៃយ៉ា ហៅយ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ក្នុងនោះសមត្ថកិច្ចដកហូតថ្នាំញៀនចំនួន៨កញ្ចប់តូច។

លោកអនុសេនីយ៍ឯក នាង ឧត្តម នាយនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានឲ្យដឹងថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនមួយ ដ៏សកម្មបំផុតនៅតំបន់ខាងលើ និងប្រកបមុខរបរល្មើសច្បាប់នេះយូរមកហើយ។ ចំណែកកម្លាំងរបស់លោក មានការសង្ស័យក៏យូរមកហើយដែរ និងបានតាមឃ្លាំមើលរហូត ប៉ុន្តែពុំមានឱកាសបង្រ្កាបទាល់តែសោះ ដោយគ្រាន់តែតាមរយៈពេល២ខែកន្លងមក។

លោកនាយនគរបាលប៉ុស្តិ៍ បានបន្តថា រហូតដល់ថ្ងៃទី៣០ ខែកក្កដានេះ កម្លាំងនគរបាលប៉ុស្តិ៍របស់លោកបានចេញល្បាតពួនស្ទាក់បទល្មើសផង និងធ្វើការស្រាវជ្រាវផង ហើយបានទទួលដំណឹងថា ជនសង្ស័យចេញធ្វើសកម្មភាពជួញដូរគ្រឿងញៀន។ ទើបចុះទៅបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ព្រមទាំងដកហូតបានចំនួន៨កញ្ចប់តូច ដែលសល់ពីជននោះលក់ បន្ទាប់មកបាននាំទៅសាកសួរនៅប៉ុស្តិ៍រង់ចាំ ការកសាងសំណុំរឿងចាត់ការតាមច្បាប់៕