Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម បន្តដឹកនាំក្រុមការងារចុះពិនិត្យដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ

31-07-2020 15:59

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ ចុះពិនិត្យដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ គឺជាដំណាំស្រូវត្រូវ ប្រមូលផល, ត្រៀមប្រមូលផល នឹងត្រូវព្យួរដាំដុះថែមទៀត ស្ថិតនៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ក្នុងស្រុកព្រៃឈរ លើផ្ទៃដីវស្សា ៥០ហិកតា ហើយអ្នកត្រូវប្រមូលផល ចំនួន ៧០គ្រួសារ ក្នុងនោះទិន្នផលជាមធ្យមបាន ៦តោនក្នុងមួយហិចតា ហើយក្នុងតំបន់នេះកសិករអាចដាំស្រូវបាន២ ឬ៣ដង ក្នុងមួយឆ្នាំ ដោយប្រើប្រភពទឹក ពីតំបន់ទឹកឆា។

លោក អ៊ុម វិបុល បានឲ្យដឹងទៀតថា ចំពោះដំណាំស្រូវនៅភូមិឈូក ឃុំគោករវាង ស្រុកជើងព្រៃ មានផ្ទៃដីប៉ះពាល់ ៩៤ហិកតា ដោយមានប្រជាកសិក ដែលទទួល ផល២២៥គ្រួសារ ដោយតំបន់នោះគ្មានប្រភពទឹកទេ គឺដាំដុះពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះក្រៅពីការចុះពិនិត្យមើលផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យមើល តំបន់ រមណីយដ្ឋានទឹកឆា ស្ថិតនៅក្នុងស្រុកព្រៃឈរ ក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ និងកំណត់ព្រំប្រទល់ច្បាស់លាស់ រវាងស្រុកចំការលើ ស្រុកជើងព្រៃ និងស្រុក ព្រៃឈរ។ ម្យ៉ាងទៀតតំបន់រមណីយដ្ឋានទឹកឆានេះដែរ គឺជាកន្លែងដែលមានសោភ័ណ្ឌភាពស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដ៏ធំមួយ នៅក្នុងខេត្តកំពង់ចាម ផងដែរ៕