(កំពង់ចាម)៖ ទីតាំងលួចបើកល្បែងជន់មាន់ភ្នាល់ដាក់លុយមួយកន្លែង នៅស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះបង្ក្រាប។ ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រោយមានបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់លុយ) នៅចំណុចក្នុងចំការស្វាយចន្ទីព្រុំប្រទល់ខេត្តកំពង់ចាម ជាមួយនឹងខេត្តកំពង់ធំ ស្ថិតក្នុងភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។

ជាលទ្ធផល ក្នុងពេលបង្ក្រាបក្រុមមុខសញ្ញាអ្នកលេងល្បែង បាននាំគ្នារត់គេចខ្លួនអស់ បន្សល់ទុកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន០៥គ្រឿង, អង្រុតក្រុងជល់មាន់ ចំនួន០២, កន្រ្តក់ដាក់មាន់ចំនួន០១ និងស្កុតរុំជើងមាន់មួយចំនួន។ បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕