(បន្ទាយមានជ័យ)៖ សត្វជ្រូករស់ចំនួន២២ក្បាល ដែលត្រូវបានរថយន្ត១គ្រឿង ដឹកចេញពីប្រទេសថៃ តាមច្រកទំនប់ដាច់ ត្រូវបានមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមត្ថកិច្ចផ្សេងទៀត បង្ក្រាបបាននៅម៉ោង១ទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រថយន្តលួចដឹកសត្វជ្រូករស់ចំនួន២២ក្បាល មកពីប្រទេសថៃនោះម៉ាក SSANG YOUG ពណ៌សំបកឪឡឹក ជាប្រភេទរថយន្តដឹក អ្នកដំណើ១២កៅអី ពាក់ស្លាកលេខភ្នំពេញ 2J- 3410 តាមច្រកទំនប់ដាច់យកទៅលក់ចែកចាយ នៅខេត្តសៀមរាប ដោយគ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់។

បន្ទាប់ពីសមត្ថកិច្ចជំនាញបង្ក្រាបរួច បាននាំយកវត្ថុតាងខាងលើទៅបង្ខាំងទុក នៅកន្លែងចត្តាឡីស័ក នៃការិយាល័យ នៃមន្ទីរកសិកម្មខេត្ត ដើម្បីយកសំណាកវិភាគផ្ញើ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីរង់ចាំអនុវត្តនីតិវិធី និងផាកពិន័យ។

ការទប់ស្កាត់បង្ក្រាបនេះ ជាការទទួលខុសត្រូវ ក្នុងតួនាទីភារកិច្ចមន្ត្រីជំនាញពេទ្យសត្វ និងជាការអនុវត្តតាមការណែនាំ របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ហើយវិធានការនេះត្រូវបានបង្កើតឡើង ក្នុងឱកាសឈ្មួញលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោ ក្របី ឬបទល្មើស ផ្សេងទៀតនៅតាមច្រករបៀងផ្សេងៗ គឺជាការអនុវត្តផ្ទុយទាំងស្រុង ពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និងមន្ត្រីជំនាញពេទ្យសត្វយ៉ាងខ្លាំងទៀតផង៕