(ភ្នំពេញ)៖ ខណៈរបាយការណ៍បានបញ្ជាក់ថា ប្រជាជនកម្ពុជាប្រមាណ ១៥,០០០នាក់ បានស្លាប់ដោយសារថ្នាំជក់ជារៀងរាល់ឆ្នាំនោះ គណៈកម្មការទី៨ នៃព្រឹទ្ធសភាព បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការដោះស្រាយផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់នេះ ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការប្រើប្រាស់ ថ្នាំជក់នៅកម្ពុជាឱ្យបានខ្លាំងក្លា។

លោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) បានគាំទ្រចំពោះវិធានត្រួតពិនិត្យផលិតផលថ្នាំជក់ទាំងប្រាំទៀតផងដែរ ដោយភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សាធារណជន យុវជន និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹង និងធ្វើឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ បង្ការកុំឲ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាល។

ថ្លែងក្នុងកិច្ចប្រជុំជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកស្រីបានបញ្ជាក់ថា ការបង្កើនផ្សព្វផ្សាយច្បាប់នេះ ដោយពង្រីកកម្មវិធីកន្លែងធ្វើការទីសាធារណៈ ជាតំបន់គ្មានផ្សែងបារី ពង្រីកសារព្រមានសុខភាពជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់ឲ្យមានទំហំធំ បង្កើនពន្ធលើផលិតផលថ្នាំជក់ ដើម្បីប្រសិទ្ធភាពការពារសុខភាពដល់ប្រជាជន ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់ ដើម្បីចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពសង្គម។

លោកស្រីបាននឹងបន្តផ្តល់នូវកិច្ចសហការល្អបន្ថែមទៀតជាមួយអង្គការចលនា ដើម្បីសុខភាពកម្ពុជា ក្នុងករណីបើមានសំណូមពរស្នើសុំការគាំទ្រណាមួយ និងសង្ឈឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ បញ្ហាប្រឈម សំដៅបង្ការ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីបង្ការជំងឺមិនឆ្លងនៅកម្ពុជា ប្រកបដោយលទ្ធផលដែលបានកំណត់ទុក។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា កាអនុវត្តវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំងប្រាំ អាចធ្វើឱ្យកម្ពុជាសង្គ្រោះជីវិតប្រជាពលរដ្ឋប្រមាណ ៥៧,០០០នាក់ ពីការស្លាប់មុនអាយុ និងបង្ការកុំឱ្យមានការខាតបង់សេដ្ឋកិច្ច និងលើការព្យាបាលប្រមាណ ១,៨៩៩លានដុល្លារ នៅឆ្នាំ២០៣៣។

គូសបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ដែល ៣៣% នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែល មានប្រាក់ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ទឹកប្រាក់ចំនួន ៦៤៩លានដុល្លារ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕