(ប៉ៃលិន)៖ ជនពិការក្រីក្រម្នាក់ទៀត រស់ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទទួលផ្ទះទី៨ ពីមូលនិធិជនពិការ។

យុវតី ងេន ស្រីម៉ាញ់ អាយុ១៤ឆ្នាំ ពិការស្វិតជើងទាំងពីរ តាំងពីកំណើត សព្វថ្ងៃរស់នៅជាមួយម្តាយមេម៉ាយ និងបងស្រីសតិមិនគ្រប់គ្រាន់ រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម ដែលមានទីលំនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទើបបានទទួលផ្ទះថ្មីនេះ។

កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ, លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន, លោក ជួរ រតនៈ នាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការថ្នាក់កណ្តាល លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក សំ សាវ៉េត អភិបាលស្រុកសាលាក្រៅ ក្រុមប្រឹក្សាឃុំសាលាក្រៅ និងប្រជាពលរដ្ឋចូលរួមប្រមាណចំនួន២០នាក់។

លោក សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានលើកឡើងថា ជួសមុខឱ្យលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលក្រសួងតាមរយៈមូលនិធិជនពិការ បានរៀបចំកម្មវិធីសាងសង់ផ្ទះនេះឡើង ដែលគិតមកដល់ពេលនេះ គឺមានផ្ទះចំនួន៨ហើយ ដែលបានប្រគល់ជូនជនពិការក្រីក្រនៅខេត្តបាត់ដំបង សៀមរាប តាកែវ កំពង់ឆ្នាំង ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ និងប៉ៃលិននាថ្ងៃនេះ។

លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគិតគូរខ្ពស់ដល់ជនពិការ ដោយមិនឱ្យជនពិការនៅឯកោនោះឡើយ គឺរាជរដ្ឋាភិបាលក៏ដូចថ្នាក់ដឹកនាំខេត្ត បានសម្របសម្រួលឱ្យជនពិការ ទទួលបានការគាំទ្រនានា។

លោកក៏បានថ្លែងអំណរគុណដល់មូលនិធិជនពិការ ដែលបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង សំដៅដល់ការលើកកម្ពស់ជីវភាពរបស់ជនពិការក្រីក្រ។

ក្នុងពិធីនេះដែរ ក្រៅពីផ្ទះថ្មី១ខ្នងនេះ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មីពីមូលនិធិជនពិការ នូវថវិកា ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងសម្លៀកបំពាក់១កញ្ចប់។

គូសបញ្ជាក់ថា ផ្ទះថ្មី១ខ្នងនេះធ្វើអំពីថ្មប្រកស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ និងប្រើប្រាស់ថវិកាដែលប្រមូលបានពី ហិបប្រាក់វិភាគទានសប្បុរសធម៌ មូលនិធិជនពិការ ដែលបានដាក់នៅតាមទីសាធារណៈនានា។ ចំពោះការសាងសង់ផ្ទះនេះ គឺផ្តល់ជូនតែជនពិការក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណសង្គមកិច្ច ឬលិខិតបញ្ជាក់ភាពក្រីក្រ ពីអាជ្ញាធរមូលដ្ឋាន និងមានលក្ខណៈវិនិច្ឆ័យស្របតាមគោលការណ៍ នៃការផ្តល់ផ្ទះជូនជនពិការក្រីក្រ តាមសហគមន៍ របស់មូលនិធិជនពិការ៕