(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បានជួបប្រជុំពិភាក្សាការរៀបចំកម្មវិធីជួបសំណេះសំណាលផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ដែលនឹងវិលត្រឡប់មកជួបជុំជាមួយ ក្រុមញាតិគ្រួសារនៅមូលដ្ឋាន ក្នុងឱកាសនៃការឈប់សម្រាកការងារ សងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០។

ជាដំបូងអង្គប្រជុំបានស្តាប់របាយការណ៍លេខាធិការដ្ឋាន អំពីសកម្មភាពកន្លងមករបស់ក្រុមការងារចំណាកស្រុក ពិសេសចាប់ពីពេលដែលមានការប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ជាអាទិ៍៖ ការចូលរួមអប់រំពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ ការចម្លងមេរោគកូរ៉ូណា ការរៀបចំសម្របសម្រួលដំណើរការចត្តាឡីស័ក និងការចូលរួមជួយសម្រាលរាល់ផលវិបាកដើម្បីស្ថិរភាពជីវភាពពលរដ្ឋដែលរងគ្រោះ... ជាដើម។ល។

បន្ទាប់មក អង្គប្រជុំបានពិភាក្សាលើផែនការសកម្មភាព និងវិធានការជាក់ស្តែង ដើម្បីរៀបចំឱកាសឱ្យមានការជួបប្រាស្រ័យជាមួយបងប្អូនកម្មករ ពលករចំណាកស្រុកនៅតាមមូលដ្ឋាននីមួយៗ។

ចំពោះរូបភាពត្រូវខិតខំរៀបចំការជួបជុំ នៅតាមសាលារៀនវត្តអារ៉ាម ឬទីកន្លែងសមស្របនៅក្នុងភូមិ ដោយអនុវត្តខ្ជាប់ខ្ជួន វិធានការសុវត្ថិភាពសុខាភិបាល និងកំណត់អ្នកចូលរួមមិនឱ្យលើសពី ៥០នាក់។ ឯខ្លឹមសារនៃការសំណេះសំណាល គឺផ្អែកលើឯកសារដែលមានការណែនាំជាក់ស្តែង។

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ន ស្ថានភាពជាក់ស្តែងរបស់បងប្អូន ចំណាកស្រុកក្នុងខេត្តព្រៃវែង ទាំងមូលមានដូចតទៅ៖

* ចំណាកស្រុកសរុបមានចំនួន ២២៧០៤៨ នាក់ ក្នុងនោះនៅក្នុងប្រទេសមានចំនួន ១៧៩៥៩៤ នាក់និងទៅក្រៅប្រទេសមានចំនួន ៤៧៤៥៤ នាក់ (យោងតាមតួលេខផ្លូវការរបស់ក្រសួងផែនការ)។

* ផលប៉ះពាល់របស់កូវីដ១៩បណ្តាលឱ្យមានបងប្អូនចំណាកស្រុកវិលត្រឡប់មកមូលដ្ឋានវិញមានសរុបចំនួន ៩៦៣៤៩ នាក់ ស្រី ៤៤៧៩៩ នាក់ ក្នុងនោះ មកពីរាជធានីនិងបណ្តាខេត្តក្នុងប្រទេសសរុបមានចំនួន ៨៧ ៤២១ នាក់ ស្រី ៤១៤៥៩ នាក់ មកពីក្រៅប្រទេសសរុបមានចំនួន ៨៩២៨ នាក់ ស្រី ៣៤៤០ នាក់ (ក្នុងនោះមកពីប្រទេសថៃមាន ៨,៦៦០នាក់) ៕