(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៥,០៧៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៧៩នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ ហើយក៏ជាបំណែកកំណត់ត្រា នៅថ្ងៃទី២ផងដែរ បន្ទាប់ពីការប្រកាសរកឃើញអ្នកឆ្លង COVID-19 ច្រើនបំផុត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជាង ១.៦៤លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៥,៧០០នាក់ស្លាប់ និងជាង ១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល។

នៅថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលឥណ្ឌាបានប្តេជ្ញាថា ខ្លួននឹងបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 ឲ្យបានរហូតដល់ ១,០០០,០០០នាក់ក្នុងមួយថ្ងៃ ខណៈការធ្វើតេស្តបច្ចុប្បន្នអាចបានត្រឹមចំនួន ៦០០,០០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ៕